រដ្ឋអ៊ីលីណយ៖ មនុស្សប្រាំមួយនាក់ស្លាប់ក្នុងហេតុការណ៍ឡានបុកបន្តកន្ទុយគ្នា ដោយសារព្យុះខ្សាច់
អាមេរិក៖ប៉ូលិសក្នុងតំបន់បាននិយាយថា ព្យុះខ្សាច់នៅភាគខាងត្បូងរដ្ឋអ៊ីលីណយ សហរដ្ឋអាមេរិក បានបណ្ដាលឱ្យមានឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ឡានបុកបន្តកន្ទុយគ្នាកាលពីថ្ងៃចន្ទទី១ ខែឧសភា ដោយធ្វើឱ្យមនុស្សយ៉ាងហោចណាស់ប្រាំមួយនាក់បាត់បង់ជីវិត។
ប៉ូលិសរដ្ឋអ៊ីលីណយ លោក Ryan Starrick បាននិយាយថា ហេតុការណ៍កើតឡើងទាំងសងខាងនៃផ្លូវហាយវេយ៍ Interstate 55 ដែលមានទិសដៅជើង និងត្បូង ដោយមានរថយន្ត និងឡានកុងតឺន័រពី ៤០ ទៅ ៦០ គ្រឿង បានបុកគ្នា ហើយពីរគ្រឿងក្នុងចំណោមនោះ បានឆេះ។
លោកបន្តថា មនុស្សប្រាំមួយនាក់ ដែលនៅលើគន្លងផ្លូវឆ្ពោះទៅភាគខាងជើង បានស្លាប់ ខណៈ ៣០ នាក់ទៀត ដែលនៅទាំងសងខាងនៃផ្លូវ បានរងរបួស ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
លោក ថម ថូម៉ាស(Tom Thomas) វ័យ ៣០ ឆ្នាំ ដែលស្ថិតនៅក្នុងហេតុការណ៍ ហើយកំពុងធ្វើដំណើរទៅភាគខាងត្បូង បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា៖ «រឿងតែមួយគត់ ដែលយើងដឹងបន្ទាប់បុកគ្នា គឺការបុកពីក្រោយបន្តកន្ទុយគ្នា»។
ក្រោយគ្រោះថ្នាក់ចរាចរណ៍នេះ កំណាត់ផ្លូវ Interstate 55 ក្នុងសង្កាត់ Montgomery ដែលជាកន្លែងកើតហេតុ និងស្ថិតនៅប្រមាណ ១២០ គីឡូម៉ែត្រពីភាគខាងជើងនៃទីក្រុង St. Louis ត្រូវបានបិទជាបណ្ដោះអាសន្ន។
បើតាមលោក Starrick មូលហេតុនៃការបុកគ្នា ដោយសារតែខ្សល់បក់ខ្លាំងពីដីវាលក្បែរខាង ដែលនាំយកនូវធូលីដីមកជាមួយ ហើយធ្វើឱ្យអ្នកបើកបរមើលអ្វីមិនឃើញ។
ចំណែកឯសេវាអាកាសធាតុជាតិអាមេរិកវិញ បានឱ្យដឹងថា ខ្យល់នៅពេលនោះកំពុងបក់បោកក្នុងល្បឿនពី ៥៦ គីឡូម៉ែត្រ/ម៉ោង ទៅ ៧៤គីឡូម៉ែត្រ/ម៉ោង។
បន្ថែមពីលើនេះ អ្នកជំនាញឧតុនិយម លោក Chuck Schaffer បាននិយាយថា តំបន់រងផលប៉ះពាល់គឺជាវាលដែលខ្សត់ដើមឈើ ហើយវាស្ងួតខ្លាំងនៅទូទាំងតំបន់ក្នុងរយៈពេល៣សប្តាហ៍ចុងក្រោយនេះ ខណៈប្រជាកសិករនៅក្បែរនោះធ្វើការព្យួររាស់ដើម្បីដាំដំណាំ៕ ប្រែសម្រួល៖ ហួន ឌីណា