អភិបាលខេត្តតាកែវ ជំរុញឱ្យអាជ្ញាធរមូលដ្ឋានពង្រឹងសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ

អត្ថបទដោយ៖
CPA

តាកែវ៖អភិបាលខេត្តតាកែវឯកឧត្តម អ៊ូច ភា ក្នុងពេលជួបសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ ប៉ុស្ដិ៍នគរបាលរដ្ឋបាល កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២៣ បានជំរុញទៅដល់អាជ្ញាធរមូលដ្ឋាន និងមន្រ្តីមូលដ្ឋានភូមិឃុំទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការបម្រើ និងពង្រឹងសេវាសាធារណៈដល់ពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ថ្លែងទៅកាន់ សមាជិកក្រុមប្រឹក្សាឃុំ មេឃុំ ស្មៀនឃុំ មេភូមិ ប៉ុស្ដិ៍នគរបាលរដ្ឋបាល យុវជនភូមិ-ឃុំ លោកគ្រូ-អ្នកគ្រូ និងប្រជាពលរដ្ឋ រស់នៅស្រុកទ្រាំង ខេត្តតាកែវ ប្រមាណជិត២០០នាក់ ឯកឧត្តម អ៊ូច ភា បានថ្លែងការកោតសរសើរចំពោះ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ពេលវេលា ថវិកាផ្ទាល់ខ្លួន បម្រើប្រជាពលរដ្ឋ ដោយមិនខ្លាចហត់នឿយនាពេលកន្លងមក។

តាមរយៈរដ្ឋបាលខេត្តតាកែវឯកឧត្តមបានណែនាំ និងក្រើនរំលឹកទៅដល់មន្រ្តីមូលដ្ឋានរបស់លោកថា ៖ «ត្រូវបន្តយកចិត្តទុកដាក់លើការបម្រើ និងពង្រឹងសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ឆាប់រហ័ស និងមានទំនួលខុសត្រូវខ្ពស់, ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានភូមិ ឃុំ របស់ខ្លួនឱ្យបានល្អក្លាយជាភូមិ ឃុំ មានសុវត្ថិភាព ពិសេសពង្រឹងបង្ការ បង្រ្កាបក្រុមក្មេងទំនើង និងរាល់បទល្មើសនានា នៅតាមមូលដ្ឋាន ពោលធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ»។

ពាក់ព័ន្ធនឹងការជំរុញឱ្យពង្រឹងពង្រឹងសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរនេះដែរ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ បានបង្ហាញការគាំទ្រចំពោះការជំរុញឱ្យខិតខំពង្រឹងលើសេវាសាធារណៈ ពិសេសត្រូវអនុវត្តន៍សម្រាប់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការនយោបាយទាំងអស់ចូលរួម មិនមែនសម្រាប់តែគណបក្សនយោបាយណាមួយនោះទេ។

សូមបញ្ជាក់ថា អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តតាកែវ បានដាក់ឱ្យដំណើរការ កាលពីខែកក្កដា ឆ្នាំ២០១៨ ដោយមានមន្ទីរ អង្គភាព បានធ្វើប្រតិភូកម្មមុខងារចំនួន ១៤វិស័យ។ ក្នុងរយៈពេល៥ឆ្នាំមកនេះ (២០១៨-២០២២) អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត បានផ្តល់សេវាជូនប្រជាពលរដ្ឋសរុបចំនួន ១២៥.១៦៧នាក់ និងទទួលចំណូលសរុបចំនួន ១៥.៦៤៥.០០៨.៩៦៩ រៀល។

លើសពីនេះ ខេត្តបានរៀបចំធ្វើការផ្សព្វផ្សាយវេទិការសាធារណៈ ដើម្បីដោះស្រាយបញ្ហា សំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងការអនុវត្តន៍គោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ព្រមទាំងខិតខំដោះស្រាយនូវបញ្ហាប្រឈមនានាដែលកើតឡើង ដើម្បីផ្តល់ព័ត៌មានឆ្លើយតបឱ្យបានសមស្របទៅប្រជាពលរដ្ឋជាក់ស្តែង។

ជាក់ស្តែង ក្នុងរយៈពេល៥ឆ្នាំនេះ ខេត្តបានរៀបចំធ្វើការផ្សព្វផ្សាយវេទិការសារធារណៈចំនួន ១៧.៧២៩លើក មានប្រជាពលរដ្ឋចូលរួមសរុបចំនួន ៧៤០.២១១នាក់ និងកំលាំងប្រជាការពារចូលរួមសរុបចំនួន ៣៧.៩៥១នាក់៕ ដោយ៖ សែម ពិសី

ads banner