មូលនិធិរូបិយវត្ថុអន្តរជាតិបង្កើនការព្យាករសេដ្ឋកិច្ចអាស៊ីដោយសារតែការស្ទុះងើបឡើងវិញនៅចិន ប៉ុន្តែក៏ព្រមានពីហានិភ័យផ្សេងៗ

អន្តរជាតិ៖មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)នៅថ្ងៃអង្គារទី២ខែឧសភា នេះ បានបង្កើនការព្យាករណ៍សេដ្ឋកិច្ចរបស់អាស៊ី ដោយសារតែការស្ទុះងើបឡើងវិញរបស់ចិនដែលបានជំរុញកំណើន ប៉ុន្តែក៏បានព្រមានពីហានិភ័យនៃអតិផរណា និងការប្រែប្រួលរបស់ទីផ្សារពិភពលោកដោយសារតែវិបត្តិធនាគារនៅលោកខាងលិចផងដែរ។

IMF បាននិយាយថា ការបើកដំណើរការឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងមានសារៈសំខាន់សម្រាប់តំបន់ ជាមួយនឹងកំណើននៃការប្រើប្រាស់ និងតម្រូវការផ្នែកសេវាកម្មជាជាងការវិនិយោគនៅអាស៊ី។ ស្ថាប័នផ្ដល់ប្រាក់កម្ចីដដែលបន្តថា៖ «អាស៊ី និងប៉ាស៊ីហ្វិក នឹងក្លាយជាតំបន់ដែលមានសក្តានុពលខ្លាំងបំផុតនៃតំបន់សំខាន់ៗរបស់ពិភពលោកនៅឆ្នាំ ២០២៣ ដែលភាគច្រើនដោយសារតែកំណើននៅចិន និងឥណ្ឌា»។

IMF បានកត់សម្គាល់ថា៖ «ដូចនៅក្នុងតំបន់ផ្សេងៗរបស់ពិភពលោកទៀតដែរ តម្រូវការក្នុងស្រុករំពឹងថានឹងនៅតែជាកត្តាជំរុញកំណើនសេដ្ឋកិច្ចធំបំផុតនៅទូទាំងអាស៊ីក្នុងឆ្នាំ ២០២៣»។

IMF បាននិយាយថា សេដ្ឋកិច្ចអាស៊ីរំពឹងថានឹងកើនឡើង ៤,៦ ភាគរយនៅឆ្នាំនេះ បន្ទាប់ពីកំណើន ៣,៨ ភាគរយនៅឆ្នាំមុន ដែលរួមចំណែកប្រហែល ៧០ ភាគរយនៃកំណើនពិភពលោក។ ការព្យាករណ៍នេះ មានការកើនឡើង ០,៣ ភាគរយ ប្រៀបធៀបនឹងការព្យាករកាលពីលើកមុន។ ចិន និងឥណ្ឌានឹងក្លាយជាកត្តាជំរុញដ៏សំខាន់ ជាមួយនឹងកំណើន ៥,២ ភាគរយ (ចិន) និង ៥,៩ ភាគរយ(ឥណ្ឌា) ទោះបីជាកំណើននៅក្នុងតំបន់អាស៊ីផ្សេងទៀត រំពឹងថានឹងធ្លាក់ចុះនៅឆ្នាំនេះក៏ដោយ។

យ៉ាងណាមិញ IMF បានកាត់បន្ថយការព្យាករកំណើនអាស៊ីនៅឆ្នាំក្រោយចំនួន ០,២ មកត្រឹម ៤,៤ ភាគរយ ហើយព្រមានពីហានិភ័យផ្សេងៗ ដូចជាការបន្តនៃអតិផរណា ការធ្លាក់ចុះនៃតម្រូវការសកល ក៏ដូចជាផលប៉ះពាល់នៃភាពតានតឹងក្នុងវិស័យធនាគាររបស់សហរដ្ឋអាមេរិក និងអឺរ៉ុប៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner