លោក សួង សុភ័ណ្ឌ លាលែងពីប្រធានគណបក្សខ្មែរឈ្នះ
ភ្នំពេញ៖ លោក សួង សុភ័ណ្ឌ បានឱ្យដឹងថា គណបក្សខ្មែរឈ្នះ មិនមែនជាកម្មសិទ្ធិរបស់លោកនោះទេ សូមមេដឹកនាំបន្ទាប់បន្តបំពេញការងារបម្រើជាតិ និងប្រជាពលរដ្ឋខ្មែរដោយមានស្មារតីទទួលខុសត្រូវក្នុងអាណត្តិរបស់ខ្លួន។
សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងលោក សួង សុភ័ណ្ឌ ជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី។ លោក សួង សុភ័ណ្ឌ បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក សួង សុភ័ណ្ឌ ដែលពេញចិត្តសុំមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ក្នុងនាមរាជរដ្ឋាភិបាល សម្តេចនឹងស្នើសុំព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងលោក សួង សុភ័ណ្ឌ ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។
គួររម្លឹកឱ្យដឹងថា លោក សួង សុភ័ណ្ឌ អតីតប្រធានចលនាយុវជនគណបក្ស សម រង្ស៊ី និងជាអតីតបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន នៃអតីតគណបក្សសង្គ្រោះជាតិ និងជាអតីតប្រធានគណបក្សខ្មែរឈ្នះ៕
ដោយ៖ពលជ័យ