ប្រធានរដ្ឋ នៃប្រទេសឡាវ គ្រោងបំពេញទស្សនកិច្ច៣ថ្ងៃ ក្នុងប្រទេសកម្ពុជា (Video Inside)
ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បណ្ឌិត ថងលុន ស៊ីសុលីត គ្រោងនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា ក្នុងសប្តាហ៍ ដែលកម្ពុជានឹងប្រកាសការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្រ។
យោងតាមក្រសួងការបរទេសកម្ពុជា, ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ នៃប្រទេសឡាវ គឺដើម្បី «ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រពៃ ដែលមានស្រាប់, ភាពជាអ្នកជិតខាងល្អ, ចំណងភាតរភាព និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីផលប្រយោជន៍ នៃប្រជាជនប្រទេសទាំងពីរ»។
ដំណើរទស្សនកិច្ចរវាងពីថ្ងៃទី៤ ដល់ ៦ឧសភា គឺតបតាមការយាងរបស់ព្រះករុណាព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
បណ្ឌិត ថងលុន ស៊ីសុលីត នឹងចូលក្រាបបង្គំគាល់ព្រះករុណាព្រះមហាក្សត្រ នៃប្រទេសកម្ពុជា, មានជំនួបជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជួបជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន។
ប្រធានរដ្ឋនៃប្រទេសឡាវ នឹងមានជំនួបទ្វេភាគីជាមួយសម្តេចនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ដែលកិច្ចប្រជុំនឹងផ្តោតលើ «កិច្ចពិភាក្សាធ្វើឱ្យស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាអំពីបញ្ហាតំបន់ និងអន្តរជាតិ មួយចំនួនដែលជាក្ដីបារម្ភរួម»។
បណ្ឌិត ថងលុន ស៊ីសុលីត នឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ បណ្ឌិត ថងលុន ស៊ីសុលី នឹងអញ្ជើញចូលរួមក្នុងពិធីបើក នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាជនពិការអាស៊ានលើកទី១២ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។