សហរដ្ឋអាមេរិក និងហ្វីលីពីនប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ

វ៉ាស៊ីនតោន៖ ក្នុងអំឡុងដំណើរទស្សនកិច្ចដ៏កម្ររបស់ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ទៅកាន់មន្ទីរបញ្ចកោណ ហ្វីលីពីន និងសហរដ្ឋអាមេរិកបានសន្យាថា នឹងពង្រឹងសម្ព័ន្ធភាពការពារជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ តាមរយៈការពង្រីកការធ្វើសមយុទ្ធយោធា និងការល្បាតតាមដែនសមុទ្ររួមគ្នា ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយចិន។

នៅក្នុងគោលការណ៍ណែនាំការពារជាតិទ្វេភាគីថ្មី សហរដ្ឋអាមេរិក និងហ្វីលីពីនបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តការពារគ្នាទៅវិញទៅមក ក្នុងករណីមានការវាយប្រហារប្រដាប់អាវុធនៅសមុទ្រចិនខាងត្បូងលើកងកម្លាំងរបស់ប្រទេសណាមួយ រួមទាំងឆ្មាំឆ្នេរសមុទ្រផងដែរ។

សហរដ្ឋអាមេរិក និងហ្វីលីពីនក៏បានព្រមព្រៀងគ្នាផងដែរ ក្នុងការពង្រីកវិសាលភាពនៃការធ្វើសមយុទ្ធយោធា ក្រោយទើបបញ្ចប់សមយុទ្ធដ៏ធំធំបំផុតរបស់ប្រទេសទាំងពីរនៅឆ្នាំនេះ។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ល្លយដ៍ អូស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍បើករបស់លោក ក្នុងអំឡុងកិច្ចប្រជុំជាមួយលោក ម៉ាកូស យ៉ាងដូច្នេះថា លោកប្រធានាធិបតី ម៉ាកូស យើងតែងតែគាំទ្រអ្នកជុំវិញបញ្ហានៅសមុទ្រចិនខាងត្បូង ឬកន្លែងផ្សេងទៀតនៅក្នុងតំបន់។

ការអះអាងខាងលើបានកើតមានឡើងបន្ទាប់ពីកប៉ាល់ចិន និងហ្វីលីពីននាពេលថ្មីៗនេះ បានខិតជិតដល់ការប៉ះទង្គិចគ្នានៅក្នុងដែនទឹកដែលមានជម្លោះកាលពីខែមុន ដែលជំរុញឱ្យអាមេរិកអំពាវនាវឱ្យចិនបញ្ឈប់ការបង្កហេតុ។

សូមបញ្ជាក់ថា ប្រទេសចិនបានទាមទារច្រើនជាង៨០ភាគរយ លើផ្លូវទឹកដែលជាផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក ដែលស្ទើរតែមួយភាគបីនៃពាណិជ្ជកម្មប្រេងឆៅ ដែលដឹកឆ្លងកាត់ដែនសមុទ្រពិភពលោក។

ទោះបីជាយ៉ាងណា សេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលក្នុងឆ្នាំ២០១៦ នៅទីក្រុងឡាអេ បានធ្វើឱ្យការទាមទារដ៏ធំរបស់ប្រទេសចិនមិនមានសុពលភាព៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner