ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ៖ ក្នុងនាមជាម្ចាស់ផ្ទះ យើងត្រូវធ្វើការប្រកួតប្រកបដោយក្រមសីលធម៌ និងយុត្តិធម៌
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ លើកឡើងថា ក្នុងនាមជាម្ចាស់ផ្ទះ យើងត្រូវធ្វើការប្រកួតប្រកបដោយក្រមសីលធម៌ និងយុត្តិធម៌ ដើម្បីជៀសវាងខូចកេរ្តិ៍ឈ្មោះប្រទេស ខូចកេរ្តិ៍ឈ្មោះពូជពង្សខ្មែររបស់យើង ដោយមិនមែនជ័យជំនះ ឬមេដាយដែលបានមកពីការបំពារបំពាន ឬការប្រកួតមិនត្រឹមត្រូវនោះឡើយ។ ម៉្យាងវិញតៀត ដោយសារតែនៅក្នុងព្រឹត្តិការណ៍ប្រកួតនាពេលខាងមុខនេះ យើងក៍នឹងមានការចូលរួមត្រួតពិនិត្យ វាយតម្លៃ និងកាត់សេចក្តីពីសំណាក់មន្ត្រីបច្ចេកទេសអន្តរជាតិផងដែរ ដូច្នេះសូមក្មួយៗ កីឡាករ-កីឡាការិនីទាំងអស់ ខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាព និងខិតខំហ្វឹកហាត់ឱ្យបានខ្លាំងក្លា ដើម្បីធ្វើការប្រកួតឱ្យបានត្រឹមត្រូវ និងអស់ពីសមត្ថភាព ជាពិសេសគឺបង្ហាញនូវភាពអស្ចារ្យរបស់អត្តពលិកខ្មែរយើង ដែលជាពូជខ្មែរអង្គរដ៏ល្បីល្បាញតាំងពីយូរលង់ណាស់មកហើយ។ “បើចាញ់គឺចាញ់ដោយអស់ចិត្ត ហើយបើឈ្នះគឺឈ្នះដោយកិត្តិយស” ។

ការលើកឡើងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានជួបសួរសុខទុក្ខ និងសំណេះសំណាល ជាមួយ ជាគ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃសហព័ន្ធខ្មែរកីឡាទោចក្រយាន ក្នុងកំឡុងពេលហ្វឹកហាត់ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារអង្គរមីរ៉ាខល ខេត្តសៀមរាប ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ក្មួយៗ កីឡាករ-កីឡាការិនី របស់យើងនឹងខិតខំព្យាយាមបញ្ចេញឱ្យអស់់នូវបច្ចេកទេស និងទេពកោសលទាំងឡាយដែលបានហ្វឹកហាត់កន្លងមក ដើម្បីដណ្តើមមេដាយជូនជាតិឱ្យបាន ព្រោះវាជាកិត្តយសធំធេងណាស់ ដែលកម្ពុជាយើងមានឱកាសធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំធេង និងមានសារៈសំខាន់នាពេលនេះ។

សូមជម្រាបជូនថា ព្រឹតិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ គឺជាព្រឹត្តិការណ៍សំខាន់ជាប្រវត្តិសាស្ត្រ ដែលនឹងលើកមុខមាត់កម្ពុជា ឱ្យកាន់តែមានភាពល្បីរន្ទឺលើឆាកអន្តរជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចគឺជាឥស្សរជនកំពូល ដែលត្រូវបានទទួលស្គាល់ និងគោរពកោតសរសើរស្ញប់ស្ញែងទាំងក្នុង និងក្រៅប្រទេស។ ជាក់ស្តែង ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ គឺយើងបានដាក់ចេញនូវពាក្យស្លោកថា «កីឡារស់ក្នុងសន្តិភាព» នេះបញ្ជាក់ថា បើគ្មានសុខសន្តិភាពនោះទេ កម្ពុជាក៏នឹងមិនមានឱកាសទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដ៏មានសារៈសំខាន់ជាប្រវត្តិសាស្រ្តនេះដែរ៕




ដោយ ង៉ាន់ ទិត្យ