រាជរដ្ឋាភិបាលរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ការចូលរួមរបស់ភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីរបស់បណ្តុំថ្នាលកសិកម្មខ្មែរ (KAS)

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកគម្រោង SAAMBAT បានដឹកនាំរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការចូលរួមរបស់ភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីរបស់បណ្តុំថ្នាលកសិកម្មខ្មែរ (KAS)” ដែលស្ថិតនៅក្រោមគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សាកសិករ និងពាណិជ្ជូបណីយកម្មកសិកម្ម ហៅកាត់ថា SAAMBAT។

សិក្ខាសាលានេះ មានគោលបំណងប្រមូលមតិយោបល់កែលម្អដែលទទួលបានពីភាគីពាក់ព័ន្ធនានា ដើម្បីជាធាតុចូលបន្ថែមក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី និងជាមូលដ្ឋានក្នុងការដាក់ដំណើរការបណ្តុំថ្នាលកសិកម្មខ្មែរ។ តួអង្គខ្សែច្រវាក់តម្លៃកសិកម្មពាក់ព័ន្ធនានា ត្រូវបានអញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលនេះមានជាអាទិ៍ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, ធនាគារ, ក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូលកសិកម្ម, សេវាកម្មដឹកជញ្ជូន, ក្រុមហ៊ុនលក់បោះដុំកសិផល, ក្រុមហ៊ុននាំចេញកសិផលទៅទីផ្សារអន្តរជាតិ, សហភាពសហគមន៍កសិកម្មនៅតាមបណ្តាខេត្តប៉ូលសេដ្ឋកិច្ច, ក្រុមហ៊ុនធានារ៉ាប់រង, ក្រុមជ័យលាភីនៃកម្មវិធីមូលនិធិសម្រាប់ការប្រកួតប្រជែង, មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល និងខេត្តបាត់ដំបង, កសិករ, សហគ្រិនខាស, និងតំណាងមកពីអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បទបង្ហាញមួយចំនួនត្រូវបានលើកមកបង្ហាញ និងពិភាក្សាមានដូចជា សកម្មភាពដែលនឹងត្រូវអនុវត្តដោយអនុសមាសភាគទី២.២, ការចូលរួមរបស់ក្រុមហ៊ុនផ្តល់សេវាប្រឹក្សាស្ថិតក្រោមការគ្រប់គ្រង់របស់អនុសមាសភាគទី២.២ មានជាអាទិ៍ លទ្ធផលនៃការអភិវឌ្ឍបណ្តុំថ្នាលកសិកម្មខ្មែរ, លទ្ធផលនៃកម្មវិធីមូលនិធិសម្រាប់ការប្រកួតប្រជែង, និងលទ្ធផលនៃយុទ្ធនាការបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកវិទ្យាឌីជីថល។ សហគ្រិនខាស និងកសិករដែលជាអ្នកប្រើប្រាស់សាកល្បងក្នុងការប្រមូល និងបញ្ចូលទិន្នន័យមកកាន់បណ្តុំថ្នាលកសិកម្មខ្មែរ បានថ្លែងពីគុណសម្បត្តិរបស់ថ្នាលនេះថា វាមានភាពងាយស្រួលក្នុងការប្រើប្រាស់សម្រាប់ការស្វែងរកឈ្មោះកសិករដែលជាអ្នកទទួលផលពី IFAD, ការកត់ត្រាទិន្នន័យវដ្តលូតលាស់ដំណាំ, ការចំណាយនិងចំណូល ហើយគុណវិបត្តនោះគឺរូបតំណាង (Interface) ថ្នាលនេះមិនមានភាពទាក់ទាញ និងការដែលមិនអាចចាប់យកទិន្នន័យទីតាំងចំការកសិករបាននៅពេលគ្មានសេវាអ៊ីនធឺណេត។

រីឯក្រុមជ័យលាភីក៏បានបង្ហាញពីប្រភេទទិន្នន័យដែលអាចចែករំលែកមកកាន់បណ្តុំថ្នាលកសិកម្មខ្មែរ និងព័ត៌មានមួយចំនួនដែលពួកគេត្រូវការពីថ្នាលនេះវិញផងដែរ។ ការបង្ហាញពីមតិចំណាប់អារម្មណ៍របស់អ្នកចូលរួមក្នុងគម្រោង SAAMBAT ដូចជាក្រុមហ៊ុន Forte Insurance (Cambodia) PLC, ក្រុមហ៊ុន Tropicam Fruit & Vegetable Co.,Ltd, ក្រុមហ៊ុន AMRU Rice (Cambodia) Co.,Ltd, និងក្រុមហ៊ុនបញ្ជី Co.,Ltd៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner