ពិធីប្រកាសជាផ្លូវការ ក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ
កំពង់ស្ពឺ ៖ ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១ ឆ្នាំ១៩៩៣ រហូតមកទល់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជាយើងបានធ្វើការបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សរុបចំនួន១៧លើករួចមកហើយ។ ឆ្លងតាមការបោះឆ្នោត ដោយផ្ទាល់ និងមិនផ្ទាល់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំង១៧លើកកន្លងមកនេះ បានផ្តល់មេរៀន និងបទពិសោធន៍ជាច្រើនសម្រាប់យើងទាំងអស់គ្នា នោះគឺ “សន្តិភាព លទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោត និង ការអភិវឌ្ឍសង្គម” ជាដំណើរការដែលមានទំនាក់ទំនងផ្សារភ្ជាប់គ្នា និងជះឥទ្ធិពលឱ្យគ្នាទៅវិញទៅមក ឯកឧត្តម វ៉ី សំណាង អភិបាល ខេត្តកំពង់ស្ពឺ មានប្រសាសន៍ដូច្នេះ នៅគ្រាដែល ឯកឧត្តម បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសក្រុង ៥សង្កាត់ ស្ថិតក្នុងក្រុងឧត្តុងម៉ៃជ័យ និង១០ឃុំ ស្ថិតក្នុងស្រុកសាមគ្គីមុនីជ័យ ជាផ្លូវការ ដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៣ ។

ឯកឧត្តមមានប្រសាសន៍ទៀតថា ៖ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការនានា សំដៅ ទប់ស្កាត់ឱ្យបានទាន់ពេលវេលា នូវរាល់សកម្មភាពប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរ និងអសន្ដិសុខក្នុងសង្គម។ ក្នុងនោះ ត្រូវធានារក្សាការពារសន្តិសុខ សុវត្ថិភាពក្នុងដំណើរការត្រៀមរៀបចំការបោះឆ្នោតជាតិលើកទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។

តាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ការចុះបញ្ជីគណបក្ស នយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានចាប់ផ្ដើមពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ និងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយចាប់ពី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។ ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋបាល សង្កាត់ នៃក្រុងឧដុង្គម៉ែជ័យ និងសាមគ្គីមុនីជ័យ។ ត្រូវបង្កលក្ខណៈងាយស្រួលដល់ការចុះបញ្ជី គណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះ ព្រមទាំងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដោយត្រូវយកចិត្តទុកដាក់អនុវត្តកិច្ចការមួយ ចំនួនដូចមានក្នុងលិខិតលេខ ៨៩៥ សជណ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ដែលបានដាក់ចេញនាពេលកន្លងមក។

ឯកឧត្តមបានបន្តទៀតថា ទន្ទឹមនោះ ត្រូវជំរុញ និងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល ដែលមានលក្ខណសម្បត្តិ ០៧យ៉ាង ឲ្យកាន់តែមានប្រសិទ្ធភាព ថែមទៀតក្នុងភូមិសាស្ត្រក្រុងឧដុង្គម៉ែជ័យ ចំនួន៥សង្កាត់ និង១០ឃុំ នៅស្រុកសាមគ្គីមុនីជ័យ នៅខេត្តកំពង់ស្ពឺផងដែរ ៕ ម៉ុន សំអាត

