អភិបាលខេត្តកំពង់ស្ពឺ ប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ដល់សិស្សនិស្សិត ២៨៨នាក់
ខេត្តកំពង់ស្ពឺ ៖ ក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ជូនដល់និស្សិតសាកលវិទ្យាល័យអង្គរខេមរា នៅសណ្ឋាគារផាមរីវ៉ើ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា តម្រូវចាំបាច់ការបណ្តុះបណ្តាលធនធានមនុស្ស ទៅតាមសមត្ថភាពជាក់ស្តែង ដែលបានមកពីលោកគ្រូ អ្នកគ្រូក្នុងការជួយបណ្ដុះបណ្តាលផ្តល់បទពិសោធន៍ដល់សិស្សនិស្សិតនាពេលនេះ មិនអាចកាត់ផ្តាច់ ពីឪពុកម្តាយ អាណាព្យាបាល ក្រុមគ្រួសារដែលបានលះបង់ឱ្យក្មួយៗទទួលបានការសិក្សា ទទួលបាននូវចំណេះដឹងថ្មីៗ ដែលនេះជាគោលនយោបាយបើកទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់លើកកម្ពស់វិស័យអប់រំរបស់រដ្ឋ និងវិស័យឯកជន ដើម្បីអភិវឌ្ឍធនធានមនុស្ស ក្រោមពាក្យស្លោក “អ្នកចេះ ជួយបង្រៀនអ្នកចេះតិច អ្នកចេះតិច ជួយបង្រៀនអ្នកមិនចេះ” “ហើយអ្នកចេះ គឺជាប់”។
ឯកឧត្តម អភិបាលខេត្តបន្តទៀតថា ដើម្បីបំពេញតម្រូវការរបស់សិស្សនិសិ្សតជ្រើសរើសមុខវិជ្ជាឯកទេសសិក្សាណាមួយដែលខ្លួនពេញចិត្ត នេះសបញ្ជាក់ឲ្យឃើញថាជាល្បឿន នៃការរីចំរើន របស់គ្រឹះស្ថានសិក្សាឯកជនដែលពីមួយឆ្នាំ ទៅមួយឆ្នាំបានបោះជំហ៊ានទៅមុខជានិច្ច ក្នុងការរួមចំណែកពង្រឹងគុណភាពលើ វិស័យអប់រំ ។ ថ្ងៃនេះ យើងក៏បានរៀបចំពិធីប្រគល់សញ្ញាបត្រជូននិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ បរិញ្ញាបត្ររង នៃសាកលវិទ្យាល័យអង្គរខេមរា សាខាខេត្តកំពង់ស្ពឺ ចំនួន ២៨៨នាក់ ស្រី១៧៤នាក់ ក្នុងនោះថ្នាក់បរិញ្ញាបត្រមានចំនួន២៧០នាក់ និងបរិញ្ញាបត្ររងចំនួន ១៨នាក់៕ ម៉ុន សំអាត