រដ្ឋមន្រ្តីក្រសួងការងារ៖ ១១៨ប្រទេសកំពុងរួមគ្នាដោះស្រាយបញ្ហាប្រឈមទូទៅរបស់វិស័យអប់រំ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ កម្ពុជា រួមនឹងបណ្តាប្រទេសដែលមកពីជុំវិញពិភពលោកសរុបចំនួន១១៨ ប្រទេស កំពុងបើកកិច្ចពិភាក្សារួមគ្នាដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាប្រឈមទូទៅរបស់វិស័យអប់រំ និងបណ្តុះបណ្តាលជំនាញបច្ចេកទេសឱ្យកាន់តែប្រសើរឡើងសំដៅរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេស ក៏ដូចជាពិភពលោក។នេះបើតាមការឱ្យដឹងពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានដឹកនាំគណៈប្រតិភូចូលរួមកិច្ចពិភក្សានេះបានឱ្យដឹងថា កិច្ចពិភាក្សារួមគ្នារកដំណោះស្រាយបញ្ហាប្រឈមទូទៅរបស់វិស័យអប់រំ និងបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះ គឺត្រូវបានធ្វើឡើងតាមរយៈ វេទិកាអប់រំ​ពិភពលោកលើកទី១៩ដែ​លបានក្រោមប្រធានបទ៖ ការបណ្តុះវប្បធម៌សិក្សា ការកសាងភាពធន និងការលើកកម្ពស់ចីរភាព ស​ម្រា​ប់ការអប់រំកាន់តែប្រសើរឡើងប្រកបដោយភាពច្នៃប្រឌិត ភាពរឹងមាំ និងភាពក្លាហាន។​

ឯកឧត្តមបន្តថា វេទិកានេះបានរៀបចំចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី​១០ ខែឧសភានៅមជ្ឈមណ្ឌលអេលីហ្សាប៊ែតទី២ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ហើយរៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិ​សោធន៍ពាក់ព័ន្ធនឹងការអប់រំ ដើម្បីទទួលបានធាតុចូលសម្រាប់ការអភិវឌ្ឍគោលនយោបាយពាក់ព័ន្ធនឹងការអប់រំបណ្តុះបណ្តាលឱ្យមានភាពធន់ រួមទាំងមូលដ្ឋាននៃការសិក្សាកម្រិតដំបូង ការអភិវឌ្ឍជំនាញ និងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ។

វេទិកានេះ មានការចូលរួមពីតំណាងរាជរដ្ឋាភិបាល វិស័យឯកជន អ្នកជំនាញខាងអប់រំ និងបណ្តុះបណ្តាលជំនាញ និងដៃគូអភិវឌ្ឍន៍ មកពីបណ្តាប្រទេសជុំវិញពិភពលោកចំនួន១១៨ប្រទេស។​

​ឯកឧត្តមរដ្ឋមន្រ្តីបាន​ឱ្យដឹងថា  វេទិកា​នេះ​ ក៏​ជា​វេទិកានៃការ​ប្រមូល​ផ្តុំ​រដ្ឋមន្ត្រី​អប់រំ និង​បណ្តុះបណ្តាលជំនាញបច្ចេកទេសដ៏​ធំ​បំផុត​ក្នុង​ពិភពលោក ដើម្បីជជែកវែកញែកពីគោលនយោបាយអប់រំទៅថ្ងៃអនាគត ចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ ក៏ដូចជាដើម្បីវាយតម្លៃ និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមទូទៅរបស់វិស័យអប់រំ និងបណ្តុះបណ្តាលជំនាញបច្ចេកទេស»។​

ពាក់ព័ន្ធនឹងការរួមគ្នាដោះស្រាយបញ្ហាវិស័យអប់រំ និងបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​លោក គិ​ន ភា បាន​លើក​​ឡើង​ថា ការរួមគ្នាដោះស្រា​យ និងគិតគួរដល់ការកសាង​ធនធានមនុស្សលើជំនាញបច្ចេកទេសពីបណ្តារប្រទេសនៅលើពិភពលោ​ក រួមទាំងកម្ពុជាផងនោះ ​គឺជា​រឿង​សំខាន់បំផុត​ក្នុង​ការឈាន​ឆ្ពោះទៅ​ការ​​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​​សង្គម​កម្ពុជា ក៏ដូចជាពិភពលោក។ ​

លោកប្រាប់​ឱ្យដឹងថា ៖ «ការ​បណ្តុះបណ្តាល​បច្ចេក​ទេស ​និង​វិជ្ជាជីវៈ បាន​ដើរតួរ​យ៉ាង​សំខាន់​ក្នុង​ការ​អ​ភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ហើយ​ពលរដ្ឋ​ដែល​ទទួល​បានការ​បណ្តុះបណ្តាល​លើ​ជំនាញ​នេះ​កំពុងធ្វើការ​យ៉ាង​សកម្ម​នៅ​​តាម​កន្លែង​ការងារ​ តែបើ​ទោះបីជា​យ៉ាងនេះ​ក្តី​ពលរដ្ឋ​ជា​ច្រើន​នូវ​ពុំ​ទាន់​យល់​ច្បាស់​ពីសារ​សំខាន់​នៃ​ការ​ប​ណ្តុះបណ្តាល​នេះ​នៅឡើយ​ទេ​ ហេតុនេះទាមទារឱ្យបណ្តារប្រទេសទាំងអស់ចាំបាច់ត្រូវគិតគូរពីបញ្ហានេះ​»។​

គួរបញ្ជាក់​​ថា វេទិកាអប់រំ​ពិភពលោកលើកទី១៩ ដែលមានការចូលរួមពីប្រទេសចំនួន១១៨ នាពេលនេះ គឺត្រូវបានរៀបចំឡើងក្រោមការសហការគាំទ្រដោយក្រសួងអប់រំ ក្រសួងធុរកិច្ចនិងពាណិជ្ជកម្ម និងក្រ​សួ​ងការបរទេសចក្រភពអង់គ្លេស និងក្រុមប្រឹក្សាជាតិអង់គ្លេស (British Council)។

តាមរយៈវេទិកានេះ ក្រៅពីបើកកិច្ចពិភាក្សារួមគ្នា អ្នកចូលរួមតំណាងឱ្យប្រទេសទាំងអស់ ក៏បានធ្វើការថ្លែងសុន្ទរកថា និងផ្លាស់ប្តូរគំនិតថ្នាក់រដ្ឋមន្ត្រី​ លើសពីនេះក៏មានការរៀបចំឱ្យមានការពិភាក្សាក្រៅផ្លូវការ និងឱកាសដើម្បីកសាងទំនាក់ទំនង (Networking) រវាងអ្នកចូលរួមទាំងអស់ផងដែរ៕

 ដោយ៖សែម ពិសី

ads banner