សិប្បកម្ម​កែច្នៃដើមចេកធ្វើជាកាបូបកំពុងទទួលបានការចាប់អារម្មណ៍និង​លើកកម្ព​ស់ជីវ​ភាពប្រ​ជាស​ហគ​មន៍

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ តាមការ​ពិតគ្រប់​ចំណែក​នៃ​ដើម​ចេក មិន​ថា ​ជា​ផ្លែ ជា​ស្លឹក ជា​ផ្កាឬដើម​របស់​វា​ក្តី​សុទ្ធ​តែមាន​គុណប្រ​យោ​ជ​ន៍ ដែលគេនិយម​យកមកច្នៃជាម្អូប អាហារ ហើយបច្ចុប្បន្ននេះគេថែមទាំងអាចយកដើមរបស់វាមកកែច្នៃ​ទៅ​ជារបស់ប្រើប្រាស់ដូចជា​កាបូប​បានទៀតផង។

កាបូបកែច្នៃដែលគេស្គាល់ភាគច្រើន ​​កាបូបច្នៃចេញពីកំប្លោក ប៉ុន្តែ​​យុវតីមួយ​រូបនៅខេត្តបាត់​ដំប​ង អា​ច​កែ​ច្នៃ​​កាបូបចេញពីដើមចេក ដែលធ្វើ​ឱ្យ​មហាជន​ដែល​និយមប្រើ​ប្រាស់កាបូបច្នៃ​មានការ​ចាប់អារម្មណ៍ និ​ង​​អា​ចវិវឌ្ឍន៍ទៅជាអាជីវកម្ម ហើយថែមទាំងបានរួមចំណែកលើក​កម្ពស់​ជីវភាព​ប្រជា​សហគម​ន៍រប​ស់ខ្លួ​ន​។

កញ្ញា ឆាប សុឃឿប ជាគ្រូបង្រៀន នៅវិទ្យាហ៊ុនសែនភ្នំសំពៅផង និងជាម្ចាស់សិប្បកម្ម «អនុសារ​តម្បាញ​ចេក​ខ្មែរ» ផង បានប្រាប់​ឲ្យដឹងថា ទោះបី​កញ្ញាធ្វើ​​ជា​គ្រូបង្រៀន​ពិត​មែន​ ​ប៉ុន្តែកញ្ញាចិញ្ចឹម​ចិត្ត​ចង់​មាន​អា​ជី​វ​កម្ម​​ផ្ទាល់​ខ្លួនមួយ​ផងដែរ​ ពោលគឺ​ជា​អាជីវកម្ម​ដែលអាច​ជួយ​ដល់​សង្គមវិញបាន​។

កញ្ញារៀបរាប់ថា ៖ «ខ្ញុំចេះតែ​ចិញ្ចឹម​ចិត្ត​ចង់​មាន​អាជីវកម្ម​​ ដល់មានពេល​មួយ​ប្អូន​ខ្ញុំដែល​គាត់​ចូល​ចិត្ត​ច្នៃ​របស់​របរ​ជុំ​វិញ​ផ្ទះ គាត់​ចេះ​ច្នៃ​ដើម​ចេក​ធ្វើ​កន្ត្រក​ទៅ​ចម្ការ​ ចំ​ពេល​ដែល​គេ​ល្បី​រឿង​ច្នៃ​កំប្លោក​ទៅ​ជា​កាបូប​ ​​ខ្ញុំ​ក៏​នឹក​ឃើញ​ចង់​ឲ្យ​គាត់​ច្នៃ​ជា​កាបូប​ចេក​ទៅ​ចូល​រួម​មង្គលការ​គេ​ ដល់​ពេល​យក​ទៅ​ដល់​ខ្ញុំ​ថត​បង្ហោះ​លេង​ក៏​​មាន​គេ​ចាប់​អារម្មណ៍​ច្រើន​ ហើយ​ខ្ញុំក៏​ឲ្យ​ប្អូន​ច្នៃ​មក​ខ្ញុំ​តុបតែង​បន្ថែម​លក់ឲ្យ​គេ​»។

កញ្ញា សុឃឿប បន្តថ្លែងថា បន្ទាប់​ពី​ហ្នឹង​មក​ មាន​អ្នក​កុម្ម៉ង់​បន្តបន្ទាប់​ ក៏​មាន​គំនិត​ច្នៃ​ជា​របស់​ផ្សេងៗ​បន្ថែម​ ហើយ​ខ្ញុំ​ក៏​យល់​ថា​បើ​ជ្រុល​ជា​អញ្ចឹង​ក៏​នឹក​ឃើញ​ដាក់​ឈ្មោះ​​សិប្បកម្មនេះ​ឱ្យ​​ស្រួល​បួលតែម្តង​​ ស្រប​ពេ​ល​ខ្ញុំ​ក៏​បាន​គំនិត​ចង់​បង្កើត​អាជីវកម្ម​ស្រាប់។

​ដោយសារ​​ចៃដន្យមានការរីកដាលមេរោគ​​​​កូវីដ១៩​ផ្ទុះ​ឡើង​ ស្រាប់តែ​ប្អូនរបស់កញ្ញា សុឃឿប ​លែង​មាន​បំណង​ចង់​បន្ត​ទៀត តែកញ្ញា​សោក​​ស្ដាយ​ដោយ​សារ​មាន​គេ​ស្គាល់​ហើយ​ គេ​ចាប់​អារម្មណ៍​ច្រើន ​​ក៏បន្ត​ទៅ​រៀន​ច្នៃ​បន្ថែម​ជា​មួយ​ C-Investment និង​ទទួល​បាន​កញ្ចប់​ជំនួយ​ ហើយ​ក៏​បន្ត​ដំណើរ​ការ​បន្ត​មក​រហូត​ដល់​ឥឡូវ​នេះ។

​កញ្ញា សុឃឿបថា បច្ចុប្បន្ន​នេះ​ផលិតផល​សំខាន់ៗ​ របស់​ខ្លួនមាន​​ ផលិតផលខ្សែយួរ និង​ស្រោ​មកែវកាហ្វេ​ និង​កាបូប​យួរ​ដៃ​ ចំណែក​ឯ​ផលិតផល​ផ្សេង​ទៀត​ក៏​មាន​គេ​កុម្ម៉ង់​ដែរ ​គ្រាន់​តែ​មិនទាន់អាចផ្គត់​ផ្គង់តម្រូវកា​រទាំ​ងនោះគ្រប់គ្រាន់។

​កញ្ញា​ បន្តឱ្យដឹងទៀត​ថា​ កញ្ញា​ក៏​មានការ​​បើកទទួល​ការ​ផ្គត់ផ្គង់​ពី​សមាជិក ឬ​ប្រជា​សហគមន៍​នៅ​ក្នុង​ភូមិ​របស់​ខ្លួន​ណា​ដែល​គាត់​អាច​ច្នៃ​បាន​ផង​ដែរ ​ដើម្បី​លើក​កម្ពស់​ជីវភាព​របស់​ពួក​គេ​ ដោយ​កញ្ញា​មិន​ធ្វើ​ដោយ​ខ្លួ​ន​ឯង​ទាំង​ស្រុង​ពេក​នោះ​ទេ។

កញ្ញា សុឃឿប បាន​ឱ្យដឹងថា  និយាយ​រួម​សមាជិក​របស់​ខ្ញុំ​ដែល​ពួក​គាត់​ភាគ​ច្រើន​ជា​ស្ត្រី​ចំណាស់​ដែល​ពុំ​​មាន​ការងារ​ធ្វើ គឺពួកគាត់​ធ្វើ​នៅ​តាម​ផ្ទះ​រៀង​ខ្លួន​ ហើយ​​ផ្គត់ផ្គង់​មក​ខ្ញុំ​ បន្ត​មក​ទើប​ខ្ញុំ​តុប​តែង​បន្ថែម​ហើយ​ដាក់​លក់​នៅ​ផ្ទះ​របស់​ខ្ញុំ​នៅ​ភ្នំ​សំពៅ​នេះ និង​តាម​អនឡាញ។

ដោយឡែកសម្រាប់បច្ចេកទេសកែច្នៃវិញ ទោះបីការកែច្នៃ​ត្រូវការវត្ថុធាតុដើមដែល​ងាយស្វែងរក ប៉ុន្តែ​ស្ថាប​និក​នៃសិប្បកម្ម​កែច្នៃថ្មីមួយនេះ បានឱ្យដឹងថា ការផលិត​មានផលវិបាកច្រើន និង​ត្រូវ​ចំណាយ​ពេលយូរ។

កញ្ញា សុឃឿប បញ្ជាក់ថា ផល​វិបាក​ច្រើនណាស់ ​ដំបូង​​​យើង​ត្រូវ​កាប់​ដើម​ចេក ហើយ​ត្រូវ​ការ​ពេល​វេលា​ក្នុង​ការ​ហាល​វា​ និង​អាស្រ័យ​លើ​អាកាស​ធាតុ​ទៅ​ទៀត បើ​សិន​ជា​មេឃ​ស្រទំ​ៗ​នោះ​ ពណ៌​ដើម​ចេក​​មិន​សូវ​ស្អា​ត​ទេ លុះ​ពេល​ហាល​ស្ងួត​ហើយ យើង​ច្រៀក​វា​ទៅ​តាម​ទំហំ​ដែល​យើង​ចង់​ច្នៃ ឬ​ត្បាញ​ និយាយ​រួម​ស​ម្រា​ប់​កាបូប​សម្រាប់​ញុំា​ការ​មួយ​អាច​ត្រូវ​ការ​ពេល​ពីបីទៅ​ប្រាំថ្ងៃ​ឯណោះ។

ដ្បិត​ថា​ជា​ផលិតផល​កែច្នៃ​ពី​រុក្ខជាតិ​ក្តី តែ​កញ្ញាបញ្ជាក់​ថា ​ផលិតផល​ទាំងនេះ​មានគុណភាព និងអាច​ប្រើ​ប្រា​ស់​បាន​ដល់​រាប់​ឆ្នាំ​មិន​ចាញ់​ផលិតផល​ផ្សេងៗ​ដែល​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​នោះ​ទេ​។

កញ្ញា​បញ្ជាក់​ថា ៖ «និយាយ​រួម​គឺ​អាច​ប្រើ​បាន​ដល់​ឆ្នាំ​ តែ​វា​ក៏​អាស្រ័យ​ទៅ​លើ​អ្នក​ប្រើប្រាស់​ដែរ ក្នុង​ករណី​ដុះ​​ផ្សិត​ក៏​ដោយ​ ធម្មតា​ផលិតផល​ធម្មជាតិ​ចៀស​មិន​ផុត​ពី​រឿង​នេះ​ទេ តែ​បើ​អ្នក​ប្រើប្រាស់​គាត់​យល់​ គាត់​គ្រា​ន់​តែ​យក​ទៅ​លាង​ទឹក​ទៅ​គឺ​អាច​ប្រើ​បាន​ទៀត​ហើយ»។

ក្នុង​នាម​ជា​អ្នក​កែច្នៃ​ផលិតផល​មួយ​រូប កញ្ញា​ក៏​មាន​សំណូម​ពរ​ដល់​អ្នក​ប្រើ​ប្រាស់​បែប​នេះថា ៖ «ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ និង​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទាំង​អស់​បើក​ចិត្ត ឲ្យ​តម្លៃ​ផលិតផល​ធ្វើដោយ​​ដៃ​ ដោយ​សារ​ទម្រាំ​បាន​ផ​លិ​តផល​មួយៗ​គឺ​យូរ​ណាស់​ និយាយ​រួម​ផលិតផល​សិប្បកម្ម​ខ្មែរ​​​ពិបាក​ធ្វើ​ ចំណែក​ឯ​គុណភាព​មិន​ងាយ​ខូ​ច​​ដូច​ការ​គិត​របស់​យើង​ទេ»។

មួយ​វិញ​ទៀត​ប្រសិន​បើ​ពួក​គាត់​បើក​ចិត្ត​ទូលាយ​គាំទ្រ ​កញ្ញា​​យល់​ថា​ផលិតផល​កែច្នៃ​ខ្មែរ​នឹង​រីក​ដុះដាល​កាន់​តែ​ខ្លាំង​ និង​រីក​ចម្រើន។

លើសពីនេះ កញ្ញា សុឃឿប ​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា កញ្ញា​​តែងតែ​នាំ​យក​អាជីវកម្ម​របស់​នាង​ទៅ​ចូល​រួម​ជា​មួយ​​កម្មវិធី​ជំរុញ​ផលិតផល​ខ្មែរ ឬ​កម្មវិធី​ជាតិ​ផ្សេង​ទៀត​​ផង​ដែរ។

គ្រូបង្រៀនដែលមានចិត្តចង់ជួយទៅដល់សហគមន៍តាមរយៈអាជីវកម្មរូបនេះ បានឲ្យដឹងទៀតថា កញ្ញា​មា​ន​​គម្រោង​ពង្រីក​អាជីវកម្ម​របស់​នាង​ទៅ​ជា​​ហាង​មួយ​នៅ​ទី​រួម​ខេត្ត​ដែល​លក់​ផលិតផល​កែច្នៃ​នេះ​ ទើប​មាន​លទ្ធ​ភាព​ពង្រីក​សមាជិក​របស់ខ្លួនឱ្យមាន​ចំនួន​ច្រើន​ជាង​មុន៕ ដោយ៖ស្រ៊ុន សិរីវឌ្ឍនៈ

ads banner