យុវជនកម្ពុជា បង្ហាញមោទកភាពដែលកម្ពុជា បានរៀបចំព្រឹត្រិការណ៍កីឡាស៊ីហ្គេមបានយ៉ាងល្អអស្ចារ្យធ្វើឱ្យបរទេសស្ញប់ស្ញែង
ភ្នំពេញ ៖ ជាមួយការធ្វើជាម្ចាស់ផ្ទះ និងពិសេសការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២នាកន្លងមកបានធ្វើឱ្យយុវជកម្ពុជាមួយចំនួនបានបង្ហាញពីក្តីសប្បាយរីករាយ និងមានមោទកភាពដែលកម្ពុជាបានរៀបចំព្រឹត្តិការណ៍មួយនេះបានយ៉ាងរលូន និងអស្ចារ្យដែលគេរកនឹកស្មានមិនដល់ថាកម្ពុជាអាចធ្វើលវាបានក្នុងកម្រិតមួយដ៏ខ្ពស់បែបនេះឡើយ ។
គួរបញ្ជាក់ថាកាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៣កន្លងមកកម្ពុជាបានបើកពិធីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពហុកីឡាដ្ឋានជាតិ មរតកតេជោ បានយ៉ាងរលូន និង ពោរពេញទៅដោយបរិយាកាសយ៉ាងសប្បាយរីករាយ និង ស្ញប់ស្ងែងក្រែលែង។

ទន្ទឹមជាមួយភាពជោគជ័យនេះបណ្តាយុវជនបានចាត់ទុកថាព្រឹត្តិការណ៍នេះមិនត្រឹមតែបង្ហាញពីភាពអស្ចារ្យរបស់កម្ពុជាទេ តែវាក៏បានបង្ហាញពីភាពសម្បូរបែបរបស់កម្ពុជា និង ពិសេសជាងនេះគឺការបង្ហាញពី កីឡា ទម្រង់សិល្បៈវប្បធម៌ អរិយធម៌ដ៏កំពូលរបស់កម្ពុជាទៀតផង។
ដោយចង់បង្ហាញពីការអបអរសាទរ និងស្រឡាញ់ពេញចិត្តជាមួយព្រឹត្តិការណ៍ដ៏ធំដែលកម្ពុជាបានទទួលជោគជ័យនាថ្មីៗបំផុតមកនេះកញ្ញា រឿនស្រីមុំ រស់នៅរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ថារូបកញ្ញាពិតជាពេញចិត្ត និងមោទកភាពប្រទេសកម្ពុជាដែលរយៈពេលជាង៦០ឆ្នាំមកនេះបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមជាថ្មីម្តងទៀត។ជាមួយគ្នានេះឃើញថាពលរដ្ឋកម្ពុជាបានរួមគ្នាជាធ្លុងមួយក្នុងការលើកតម្កើង និងលើកស្ទួយកីឡាកម្ពុជាក្នុងការប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំអស្ចារ្យប្រចាំតំបន់អាស៊ីអាគ្នេយ៍ខណៈពេលនេះ។

កញ្ញា ទ្រី ម៉ាឡាកា ជាយុវនិស្សិតរៀននៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចឆ្នាំទី១នារាជធានីភ្នំពេញ ដែលកំពុងគាំទ្រកីឡាកម្ពុជាដោយបានកាន់នូវទង់ជាតិព្រះរាជាណាចក្រកម្ពុជាជាប់នឹងដៃ ជាមួយក្រុមមិត្តភក្តិដទៃទៀតបានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនឱ្យដឹងក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិកថា”តាមរយៈការប្រកួតកីឡាស៊ីហ្គេមនេះមានភ្ញៀវអន្តរជាតិជាច្រើនចូលរួម។ខ្ញុំគិតថាវាបានធ្វើឱ្យជនបរទេសកោតសរសើរ និង ពិសេសបានយល់ដឹងពីប្រវត្តិសាស្រ្តខ្មែរកាន់តែច្រើនដែលធ្វើឱ្យកម្ពុជាគេកាន់តែស្គាល់ច្រើនឡើងលើឆាកអន្តរជាតិ”។
ដោយឡែក លោក ពា វុឌ្ឍី ពលរដ្ឋមួយរូបទៀត រស់នៅរាជធានីភ្នំពេញបានលើកឡើងជុំវិញការបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២កន្លងមកថា”ព្រឹត្តិការណ៍នេះពិតជាអស្ចារ្យណាស់ពីព្រោះថាតាំងតែពីកើតមកខ្ញុំពុំធ្លាប់បានឃើញព្រឹត្តិការណ៍ដ៏អស្ចារ្យបែបនេះទេ។អាចចាត់ទុកថាសំណាងដែរដែលយើងកើតទាន់ជំនាន់នេះ ហើយបានឃើញការរៀបចំស៊ីហ្គែមដ៏អស្ចារ្យរបស់កម្ពុជាយើង”។

យុវនារី យឿង ណាវី បានបង្ហាញពីអារម្មណ៍នៃការបើកពិធីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ដែរថាកញ្ញាពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែនពីព្រោះថាវាទិដ្ឋភាពអស្ចារ្យខ្លាំងណាស់ ដោយមិននឹកស្មានថាកម្ពុជាយើងអាចដើរដល់ចំណុចមួយខ្លាំង និងអាចធ្វើអ្វីៗបានមិនចាញ់បណ្តាប្រទេសជឿនលឿននោះសោះឡើយ។
សូមរំលឹកដែរថាការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា នឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ រីឯការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា ចាប់ផ្ដើមការប្រកួតពីថ្ងៃទី៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕








អត្ថបទ៖លោក ជិន ម៉ាដេប៉ូ
រូបភាព៖លោក ងីម ឆៃហួត