​អ៊ីរ៉ង់​​​ប្រហារ​ជីវិត​​មនុស្ស​​​ពីរនាក់​ ​​​ក្រោម​ការ​កាត់​ទោស​ពី​​បទ​​ប្រមាថ​សាសនា​

តេហេរ៉ង់៖ ប្រទេស​អ៊ីរ៉ង់​​កាល​ពី​ថ្ងៃ​ចន្ទ​ទី​ ០៨ ខែឧសភា​​បាន​ព្យួរក​​មនុស្ស​ពីរនាក់​ក្រោម​ការ​កាត់​ទោស​ប្រហារ​ជីវិត​ពី​បទ​ប្រមាថ​សាសនា​។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​តុលាការ​អ៊ីរ៉ង់​​ Mizan។

បុរស​ពីរ​នាក់​នោះ​ រួម​មាន​លោក​​ Yusef Mehrdad ​និង​លោក​ Sadrullah Fazeli Zare ដែល​​ត្រូវ​ប៉ូលិសអ៊ីរ៉ង់​​ចាប់​ខ្លួន​កាល​ពី​​​ខែ​ឧសភា​ឆ្នាំ​២០២០​ ហើយ​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​នៅ​ខែ​មេសា​ឆ្នាំ​មុន​ ចំពោះ​ការ​ដំណើរ​ការ​បណ្ដាញ​ «ក្រុម​ប្រឆាំង​នឹង​សាសនា​អ៊ិស្លាម​» នៅ​លើ​អ៊ីនធឺណិត​។ ​ ​

តុលាការ​បាន​កាត់​ទោស​អ្នក​ទាំង​ពីរបន្ទាប់​ពី​រក​ឃើញ​ថា​ ពួក​គេ​ជា​សមាជិក​​​នៃ​ឆាណែល​តេឡេក្រាម​ ដែល​មាន​ឈ្មោះ​ថា​ «​​​​រិះ​គន់​​​អបិយ​ជំនឿនិង​​សាសនា​»។​​ នេះ​​​បើ​​យោង​​តាម​​គណៈកម្មការ​​សហរដ្ឋ​​អាមេរិក​​ស្តី​ពី​​សេរីភាព​​សាសនា​​អន្តរជាតិ​។​ ជា​ធម្មតា​សមាជិក​នៃ​ឆាណែល​តេឡេក្រាម​នេះ​ ​និយាយ​​ប្រមាថ​​សាសនា​​អ៊ិស្លាម​ ​ខណៈ​មាន​សមាជិក​ម្នាក់​បាន​​​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ដុត​គម្ពី​​​សាសនា​ផ្សេង​ៗ​ទៀត​ផង​។​បើ​តាមការ​ចុះ​ផ្សាយ​បណ្ដាញ​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​ ​ AlAlam មាន​ខ្សែ​វិដេអូ​ ដែល​បង្ហាញ​ថា​ លោក​ ​Mehrdad ​បាន​ដុត​គម្ពីរអ៊ិស្លាម​ ​កូរ៉ាន​។  ​

សូម​បញ្ជាក់​ថា​ ការ​ប្រហារ​កាត់​ទោស​ប្រហារ​ជីវិត​លោក​ Mehrdad ​និង​លោក​ Zare របស់​អ៊ីរ៉ង់​ ធ្វើ​ឡើង​​ទោះ​បី​ជា​មាន​ការ​​អំពាវ​នាវ​​ពី​សហគមន៍​អន្តរជាតិ​បញ្ឈប់​សកម្មភាព​បែប​នេះ​។ កន្លង​មក​ អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ​ ​​បាន​អំពាវ​នាវ​ឱ្យ​អ៊ីរ៉ង់​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​​អ្នក​កាន់​សាសនា​ភាគ​តិច​ ដែ​ល​​អ្នក​ជំនាញ​ដដែល​​ហៅ​ថា​​ជា​ គោល​​នយោបាយ​កំណត់​គោលដៅ​លើ​អ្នក​ប្រកាន់​ជំនឿផ្សេង​ៗ​ក្រៅ​ពី​អ៊ិស្លាម​ ​ ​រួម​ទាំង​អ្នក​ប្រែ​ចិត្ត​ទៅ​ជឿ​គ្រិស្ត​សាសនា​ និង​អ្នក​មិន​ជឿ​លើ​សាសនា​។​

ក្រុម​អ្នក​ជំនាញ​បាន​​​លើក​ឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​កាល​ពី​​សីហា​ឆ្នាំ​មុន​ថា​៖ «​ទណ្ឌកម្ម​ដែល​គ្មាន​ការ​អត់​ឱន​របស់​រដ្ឋ​(អ៊ីរ៉ង់​)​បែប​នេះ​ ​បន្ថែម​ភាព​ជ្រុល​និយម​ និង​អំពើ​ហិង្សា​​។ យើង​អំពាវ​នាវ​ឱ្យ​អាជ្ញាធរ​អ៊ីរ៉ង់​ លុប​បំបាត់​បទ​ឧក្រិដ្ឋ​ប្រមាថ​សាសនា​ និង​ចាត់​វិធានការ​ប្រកប​ដោយ​អត្ថន័យ​ ដើម្បី​ធានា​សិទ្ធិ​សេរី​ភាព​ខាង​សាសនា​ ឬ​ជំនឿ​»​។

​​គួរ​​កត់​សម្គាល់ផង​ដែរ​​ថា​ ​ការ​ប្រហារ​ជីវិត​លោក​ Mehrdad ​និង​លោក​ Zare ធ្វើ​ឡើង​តែ​​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណេះ​ បន្ទាប់​ពី​អ៊ីរ៉ង់​​ប្រហារ​ជីវិត​បុរស​ជន​ជាតិ​ស៊ុយអែត​-​អ៊ីរ៉ង់​​២​រូប​ ​ដែល​ត្រូវ​បាន​កាត់​ទោស​ពី​​បទ​​​ដឹក​នាំ​ក្រុម​បំបែក​ខ្លួន​ជន​ជាតិ​អារ៉ាប់​ ​ដែល​ធ្វើ​ការ​វាយ​ប្រហារ​​​ក្នុង​ប្រទេស​អ៊ីរ៉ង់​។​

​របាយការណ៍​រួម​ដែល​ចេញផ្សាយ​កាល​ពី​ខែ​មេសា​ ​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​អ៊ីរ៉ង់​ (IHR) ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ន័រវេស​ និង​អង្គការ​រួម​គ្នា​ប្រឆាំង​នឹង​ការ​កាត់​ទោស​ប្រហារ​ជីវិត​​ (ECPM) ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង​ បាន​បង្ហាញ​ថា​ ការ​ប្រហារ​ជីវិត​​​លើ​មនុស្សយ៉ាង​ហោច​ណាស់​​ ៥៨២ នាក់​ ​ត្រូវ​បាន​ធ្វើ​ឡើងក្នុង​ប្រទេស​អ៊ីរ៉ង់​​កាល​ពី​ឆ្នាំ​មុន​ ដែល​កើន​ឡើង​ប្រមាណ​ ៧៥ ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០២១​ និង​ជា​ចំនួន​ខ្ពស់​បំផុត​​រាប់​តាំង​ពី​ឆ្នាំ​ ២០១៥​។ ​

​របាយការណ៍​​រក​ឃើញ​ថា​ ​​ការ​កាត់​ទោស​ប្រហារ​ជីវិត​​នៅ​អ៊ីរ៉ង់​កើន​ឡើង ​បន្ទាប់​ពី​​ភាព​ចលាចល​​ក្នុង​ប្រទេស​​ផ្ទុះ​ឡើង​ ដោយ​សារ​តែ​ការ​ស្លាប់​របស់​ជន​ជាតិ​កួដ​ នាង​ Mahsa Amini វ័យ​ ២២ ឆ្នាំ​ ក្នុង​មន្ទីរ​ឃុំ​ឃាំង​របស់​ប៉ូលិស​សីលធម៌​អ៊ីរ៉ង់​ កាល​ពី​ពាក់​កណ្ដាល​​ខែ​កញ្ញា​ឆ្នាំ​មុន​៕

ប្រែសម្រួល៖ហួន ឌីណា

ប្រភព​៖ Iran executes two people convicted of blasphemy

ads banner