កម្ពុជា និងសិង្ហបុរីបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអនុញ្ញាតជូនឯកឧត្តម ធាវ ឈី ហាន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខនៃសាធារណរដ្ឋសិង្ហបុរី ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាពនៅព្រឹកថ្ងៃទី៩ខែឧសភាឆ្នាំ២០២៣ ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ស្វាគមន៍ចំពោះវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រីអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាឱកាសនៃការប្រារព្ធព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជាបាន និងកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរកម្ពុជា និងសិង្ហបុរី ដែលមានរហូតមកដល់ពេលនេះ ។

សម្ដេចក្រឡាហោម ក៏បានចូលរួមអបអរសាទរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសិង្ហបុរី ដែលបានបញ្ជូនអត្តពលិកមកចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅព្រះរាជាណាចក្រកម្ពុជា ដោយបានចាត់ទុកការបញ្ជូនអត្តពលិក ចូលរួមនេះថាជាការឆ្លុះបញ្ចាំងឲ្យឃើញអំពី ការចូលរួមគាំទ្រចំពោះកម្ពុជាដែលកំពុងប្រារព្ធនូវព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ សម្ដេចនាយករដ្ឋមន្ត្រីស្ដីទី បានថ្លែងអំណរគុណរដ្ឋាភិបាលសិង្ហបុរី ដែលកន្លងមកបានរៀបចំបើកវគ្គបណ្តុះបណ្តាលសិក្ខាសាលា ឬកិច្ចប្រជុំផ្សេងៗដោយបានផ្តល់ឱកាសឱ្យមន្ត្រីអនុវត្តច្បាប់របស់កម្ពុជាបានចូលរួម។ សម្ដេច ក៏បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រី ផងដែរថាភាគីទាំងពីរកំពុងតែជជែកពិភាក្សាដើម្បីរៀបចំឯកសារសហប្រតិបត្តិការជាផ្លូវការជាមួយគ្នា។

ឯកឧត្តម ធាវ ឈី ហាន បានមើលឃើញការរៀបចំទទួលបដិសណ្ឋារកិច្ច កន្លែងស្នាក់នៅ មធ្យោបាយដឹកជញ្ជូន ម្ហូបអាហារ និងកិច្ចការផ្សេងៗទៀត បានរៀបចំបានយ៉ាងល្អប្រសើរ ដែលផ្តល់ឱកាសដ៏ល្អសម្រាប់អត្តពលិកផ្ដោតសំខាន់ទៅលើការប្រកួតកីឡារបស់ខ្លួន។ ឯកឧត្ដមចាត់ទុកការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះថា មិនត្រឹមតែជាព្រឹត្តិការណ៍សម្រាប់ការដណ្ដើមមេដាយប៉ុណ្ណោះទេ ប៉ុន្តែជាការកសាង និងពង្រឹងសាមគ្គីភាព មិត្តភាពរវាងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន។

សម្ដេចក្រឡាហោម និងឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជជែកពិភាក្សាផ្លាស់ប្ដូរយោបល់ទៅវិញទៅមកពាក់ព័ន្ធទៅនឹងការ៨ដែលទាក់ទងបទល្មើសប្រពៃណី និងបទល្មើសមិនប្រពៃណី និងការខិតខំស្វែងរកនូវឱកាសក្នុងការពង្រីកកិច្ចសហប្រតិបត្តិការនេះទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ក្របខ័ណ្ឌតំបន់ តាមរយៈអាស៊ាន និងក្របខ័ណ្ឌអន្តរជាតិសំដៅទប់ស្កាត់បទល្មើសធំៗមួយចំនួន ពិសេសបញ្ហាគ្រឿងញៀន អំពើជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យាជាដើម ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner