ក្រសួងសុខាភិបាល អំពាវនាវឱ្យបញ្ឈប់ការចែកចាយព័ត៌មានមិនពិតទាក់ទងនឹងមនុស្សពេញវ័យមិនចាំបាច់ត្រូវចាក់វ៉ាក់សាំងបន្ថែមនោះទេ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖​ មន្រ្តីជាន់ខ្ពស់នៃ​ក្រសួងសុខាភិបាល បានអំពាវនាវឱ្យបញ្ឈប់ការចែកចាយព័ត៌មានមិនពិតដែលទាក់ទងនឹ​ងការ​លើកឡើងថា អង្គការសុខភាពពិភពលោក(WHO)​ថា មនុស្សពេញវ័យមិនចាំបាច់ត្រូវចាក់វ៉ាក់សាំ​ង​បន្ថែមនោះទេ ស្របពេលអ្នកជំនាញថា ការចាក់វ៉ាក់សាំងគ្រប់ដូស មិនថាមនុស្សពេញវ័យ ឬមនុស្សចា​ស់​នោះទេ នឹងជួយការពារខ្លួនពីការឆ្លងជំងឺ។

​លោកជំទាវ ឱ វណ្ណឌីន ​អ្នកនាំពាក្យក្រសួងសុខាភិបាល​នៅ​ថ្ងៃទី៩ ខែឧសភា​ បានឱ្យដឹងថា មានបណ្ដាញតេលេក្រាមមួ​យឈ្មោះថា«តំបន់សុខភាព»បានផ្សព្វផ្សាយសារសម្លេងរបស់ស្ថាប័នសារព័ត៌មានមួយដែលមានរយៈពេលជិតបីនាទីទាក់ទងនឹងអង្គការសុខភាពពិភពលោក(WHO)ថា មនុស្សពេញវ័យមានសុខភាពល្អ មិនចាំបាច់ត្រូវចាក់វ៉ាក់សាំងបន្ថែមនោះឡើយ។

បណ្តាញផ្សព្វផ្សាយនេះ​បានបញ្ជាក់ទៀតថា ​​វ៉ាក់សាំង​បន្ថែមនោះគឺសំដៅ​លើ​​ដូសទី៤ ដូសទី៥ ដូសទី៦ ​នោះទេ ពីព្រោះវ៉ាក់សាំងពីរដូសដំបូង និងដូសជំរុញទីមួយ អាចការពារគ្រប់គ្រាន់ហើយ។ លើសពីនេះវ៉ាក់សាំង ក៏បានផ្តល់គុណប្រយោជន៍សម្រាប់សុខភាពតិចតួចបំផុតផងដែរ។

ទាក់ទងនឹង​ការ​ផ្សព្វផ្សាយនេះ លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា ៖ «ហេតុដូច្នេះហើយ សូមសា​ធារណជន មេត្តាបញ្ឈប់ការចែកចាយការផ្សាយព័ត៌មានដែលបកស្រាយខុសពីបច្ចេកទេសទាំងនេះ ពី​ព្រោះ​​អង្គការសុខភាពពិភពលោក​មិននិយាយថា មនុស្សពេញវ័យ មានសុខភាពល្អ មិនចាំបាច់ត្រូវចាក់វ៉ាក់ស៊ាំងបន្ថែមបែបនេះទេ ហើយអ្នកដែលធ្វើការបកស្រាយបែបនេះ គឹមានបំណងមិនល្អសម្រាប់ប្រទេសកម្ពុជា»។​

ជុំវិញរឿងនេះ លោក នុត សម្បត្តិ ប្រធាន​​​វិទ្យា​ស្ថាន​​វេជ្ជសាស្ត្រ ជីវ​សាស្ត្រ​ និង​កសិកម្ម​ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បានឱ្យដឹងថា ​សម្រាប់ប្រទេសកម្ពុជា ​ដោយសារតែប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស បានចាក់​វ៉ាកសាំងដូសជំរុញ​នេះហើយ បានជាធ្វើឱ្យប្រទេសកម្ពុជាមិនអាចឆ្លងរីករា​ល​ដាលទ្រង់ទ្រាយធំ ហើ​យនិងបានធ្វើឱ្យក្រសួងសុខាភិបាលអាចគ្រប់គ្រងការឆ្លងរីករាតដាលនេះបានផងដែរ។

ក្រៅពីនេះលោកក៏មើលឃើញថា ប្រទេសមួយចំនួនដែលមិនបានចាក់វ៉ាក់សាំង គឺមានការឆ្លងរីករាតដាលទ្រង់ទ្រាយធំ ហើយបានបង្កឱ្យមានហានិភ័យទៅដល់អាយុជីវិតទៅទៀត ដោយសារជំងឺកូវីដ​១៩ ជាជំងឺដែ​លវាយលុកទៅលើសួត។ ដូច្នេះ​បានជាអង្គការសុខភាពពិភពលោក មានការទាមទារឱ្យចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់ និងគ្រប់ដូសជំរុញទាំងអស់ ដើម្បីការពារពីហានិភ័យនៃការស្លាប់ និងឈឺធ្ងន់សម្រាកក្នុងមន្ទីរពេទ្យជាដើម។

លោក នុត សម្បត្តិ បាន​ឱ្យដឹង​ថា ៖ «ហេតុនេះមិនថាមនុស្សពេញវ័យ ក្មេង ឬចាស់ និងអ្នកមានជំងឺនោះទេ គ្រប់លក្ខខណ្ឌចាក់វ៉ាក់សាំង គឺត្រូវតែទៅចាក់​ឱ្យបានគ្រប់ដូស ពីព្រោះវានឹងជួយការពារខ្លួនឯងពីការរំខា​ននៃការឆ្លងរីករាតដាលជំងឺកូវីដ១៩បាន»។​

​លោក យង់ គិមអេង ប្រធាន​មជ្ឍមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និងសន្តិភាព ក៏បានថ្លែងដែរ​ថា អ្វីដែលក្រសួងសុខាភិបាលបានអំពាវនាវនេះ វាគឺជារឿងមួយដែលល្អ ដើម្បីឱ្យសាធារណៈជនបានយល់ច្បាស់ ពីព្រោះក្រសួង និងអង្គការសុខភាពពិភពលោក គឺជាដៃគូរនឹងគ្នាក្នុងការចែកចាយព័ត៌មានលើកិច្ចការងារទាំងនោះ។

​លោកបន្តថា ​បើកាលណាមានការចែកចាយព័ត៌មានមិនពិតទាំងនោះកើតឡើង ខណៈដែលក្រសួងមិនចេញមកបកស្រាយនោះទេ សាធារណជននឹងមានការយល់ច្រឡំ ដែលអាចបង្កឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ។

លោក យង់ គិមអេង ថា៖ «អ៊ីចឹងព័ត៌មានហ្នឹងដែលក្រសួងសុខាភិបាលបានបំភ្លឺនេះ វាជាករណីមួយល្អ ដែលអាចជួយដល់សាធារណៈជនកុំឱ្យមានការយល់ច្រឡំតទៅទៀត ខណៈដែលការចាក់វ៉ាក់សាំងកន្លងមក បានផ្ដល់នូវគុណប្រយោជន៍ជាច្រើន នៅពេលអ្នកចាក់​គ្រប់គ្រាន់ ទោះបីឆ្លងជំងឺនេះក៏​មិនមានបញ្ហា ហើ​យក៏មិនអាចធ្លាក់ខ្លួនឈឺដល់ស្លាប់ផងដែរ»។​

យោង​តាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកត្រឹមថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ កំណើនអត្រាអ្នកចាក់វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជាធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៩៥.៥៤ភាគរយ​៕ ដោយ៖ជា សុខនី

ads banner