​ចិន​​បណ្ដេញ​​អ្នក​ការ​ទូត​​កាណាដា​​ចេញ​ពី​​ប្រទេស​ដើម្បី​ជា​ការ​សង​សឹក​ផ្នែក​ការទូត​​​

ប៉េកាំង៖ ប្រទេស​​ចិន​​កាល​ពី​​​ថ្ងៃ​​អង្គារ​ ​បាន​​បណ្តេញ​​អ្នក​ការ​ទូត​​កាណាដា​​ម្នាក់​​ចេញ​ពី​ប្រទេស​ ក្នុង​ចំណាត់​ការ​​សង​សឹង​ចំពោះ​​រដ្ឋាភិបាល​ក្រុង​​អូតាវ៉ា​ ដែល​បាន​​ចេញ​វិធានការ​ដូច​គ្នា​​​លើ​អ្នក​ការទូត​ចិន​ប្រចាំ​ក្រុង​តូរ៉ុនតូកាល​ពី​ថ្ងៃ​ចន្ទ​​ ចំ​ពេល​ដែល​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​២​កាន់​តែ​​ធ្លាក់​ចុះ​។  

​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​ចិន​ចាត់​ទុក​ថា​ជា​ «​សកម្មភាព​មិន​សម​ហេតុ​ផល​»​ របស់​កាណាដា​ ​ក្រសួង​ការបទេស​ចិន​ បាន​ជូន​ដំណឹង​​​ប្រាប់​ទៅ​អ្នក​ការ​ទូត​ចិន​ប្រចាំ​ទីក្រុង​សៀងហៃ​ ​លោក​ស្រី​​ Jennifer Lynn Lalonde ​ឱ្យ​ចាក​ចេញ​ពី​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​ ១៣ ខែ​ឧសភា​នេះ​។ ​នេះ​បើ​យោង​តាម​សេចក្ដីថ្លែងការណ៍ពី​​ក្រសួង​ការ​បរទេស​ចិន​​​ ដែល​​លើក​ឡើង​បន្ថែម​ថា​  ​​ចិន​មាន​​សិទ្ធិ​ក្នុង​ការ​ឆ្លើយ​តប​បន្ថែម​ទៀត​។​

ចំណែក​​ឯ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​​ លោក​​ វ៉ាង វិនភីន(Wang Wenbin) វិញ​ បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​​​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​បង្ក​ហេតុ​មិន​សម​ហេតុ​ផល​របស់​ភាគី​កាណាដា ​ប្រទេស​ចិន​បាន​អនុម័ត​វិធាន​ការ​សង​សឹក​ឱ្យ​ស្មើ​គ្នា​​។​ ​នេះ​ពិត​ជា​ត្រឹម​ត្រូវ​ និង​ចាំ​បាច់​។​ យើង​ជំរុញ​ឱ្យ​កាណាដា​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​បង្ក​ហេតុ​ ដែល​មិន​សម​ហេតុ​ផល​របស់​ខ្លួន​។​​

គួរ​រំឭក​ថា​ កាល​ពី​ថ្ងៃ​ចន្ទ​ កាណាដា​បាន​បណ្ដេញ​អ្នក​ការ​ទូត​ចិន​ លោក ហ្សាវ វី(Zhao Wei )បន្ទាប់​ពី​មាន​របាយការណ៍​ចារកម្ម​មួយ​ បាន​ចោទ​ប្រកាន់​រូប​លោក​ថា​បាន​​​ព្យាយាម​កំណត់​គោលដៅ​គំរាម​កំហែង​លើ​​​សមាជិក​សភា​កាណាដា​ លោក​ មីសែល ជុង(Michael Chong​)​​ ដែល​រិះ​គន់​ការ​ប្រព្រឹត្ត​​របស់​អាជ្ញាធរ​ចិន​លើ​ជន​ជាតិ​ភាគតិច​អ៊ុយហ្គួរ​នៅ​តំបន់​ស៊ីនជាំង​។

​​រដ្ឋ​មន្ត្រី​ការ​បរទេស​កាណាដា​លោក​ស្រី​ Melanie Joly ​បាន​​​កាល​ពី​​ថ្ងៃ​ចន្ទ​ថា​​ ​យើង​នឹង​មិន​អត់​ឱន​ចំពោះ​ទម្រង់​នៃ​ការ​ជ្រៀត​ជ្រែក​ពី​បរទេស​ណា​មួយ​ឡើយ​»។លោក​ស្រី​បន្ត​ថា​ ​​អ្នក​ការ​ទូត​នៅ​​ក្នុង​ប្រទេស​កាណាដា​ ​ទទួល​បាន​ការ​ព្រមាន​ហើយ​ថា​ ប្រសិន​បើ​ពួក​គេ​ចូល​រួម​ក្នុង​អាកប្បកិរិយា​បែប​នេះ​​ ​ពួក​គេ​នឹង​ត្រូវ​បញ្ជូន​ទៅ​​ស្រុក​កំណើត​វិញ​​។

គួរ​​កត់​សម្គាល់​​ថា​ ភាព​តាន​តឹង​ផ្នែក​ការ​ទូត​​រវាង​ចិន​ និង​កាណាដា​ ​បាន​កើន​ឡើង​ខ្ពស់​ចាប់​តាំង​ពី ​​កាណាដា​ចាប់​​ឃុំ​ខ្លួន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុនបច្ចេកវិទ្យា​​ Huawei ​លោក​ Meng Wanzhou ​នៅ​ក្នុង​ឆ្នាំ​ ២០១៨​  ​​ខណៈ​​ចិនបាន​​ចាប់​ខ្លួន​ជន​ជាតិ​កាណាដា​២​នាក់​​ពី​បទ​ចារកម្ម​ជា​បន្ត​​បន្ទាប់​​។ យ៉ាង​ណា​មិញ​ អ្នក​ទាំង​៣ ត្រូវ​បាន​ដោះ​លែង​វិញ​ក្នុង​ឆ្នាំ​ ២០២១​។ ​​

ទោះ​បី​បែប​នេះ​ក្ដី​ ភាព​តាន​តឹង​ការទូត​នៅ​តែ​មាន​ ​ជុំ​វិញ​របាយការណ៍​ចារកម្ម​ថា​ចិន​ព្យាយាម​​ជ្រៀត​ជ្រែក​ឥទ្ធិពល​របស់​ខ្លួន​លើ​កាណាដា​។ ​ទីភ្នាក់ងារ​ចារកម្មកាណាដា​​ ​CSIS ​បាន​សរសេរ​របាយការណ៍​មួយ​នៅ​ឆ្នាំ​ ២០២១​ ​អំពី​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​ប្រទេស​កាណាដា​ ដែល​រួម​បញ្ចូល​ព័ត៌មាន​អំពី​ការ​គំរាម​កំហែង​ដែល​អាច​កើត​មាន​ចំពោះ​​​លោក​ Michael Chong ​​​ក្រុម​គ្រួសារ​​​​របស់​​លោក​​។

ក្រៅ​ពី​នេះ​ នៅ​មាន​ការ​រាយការណ៍​ផ្សេង​ៗ​ទៀត​ថា​ ចិន​ព្យាយាម​ជ្រៀត​ជ្រែង​ចូល​ការ​បោះ​ឆ្នោត​របស់​កាណាដា​ក្នុង​ឆ្នាំ​ ២០១៩ និង​ឆ្នាំ​ ២០២១​ ជា​អ្វីដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំងបាន​​ច្រាន​ចោល​ ហើយចោទ​ប្រកាន់​​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​អ្នក​នយោបាយ​កាណាដា​មួយ​ចំនួន​ ថា​បំផ្លើស​ព័ត៌មាន​មិន​ពិត​៕

ប្រែសម្រួល៖ហួន ឌីណា ប្រភព​៖ https://www.reuters.com/world/americas/canada-expels-chinese-diplomat-accused-targeting-lawmaker-2023-05-08/

ads banner