ត្រីមាសទី១ ការនាំចូលទំនិញសំខាន់ៗមកកម្ពុជាមានទឹកប្រាក់ជាង២ ៣០០ លានដុល្លារ
ភ្នំពេញ៖ កម្ពុជាបាននាំចូលទំនិញសំខាន់ៗមកកាន់កម្ពុជាចាប់ពីខែមករាដល់មីនាឆ្នាំ២០២៣នេះ ក្នុងទំហំទឹកប្រាក់ជាង ២ ៣១២លានដុល្លារថយចុះជាង២៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម។
ទិន្នន័យដដែលបានបង្ហាញទៀតថា ទំនិញសំខាន់ៗដែលកម្ពុជា បាននាំចូលនោះមានចំនួន៤៨មុខ ដោយទំនិញដែលនាំចូលមកមានទំហំទឹកប្រាក់ច្រើនជាងគេ គឺ មុខទំនិញផ្សេងៗជាង៦០៧លានដុល្លារ ថយចុះជាង៥៦ភាគរយ, ក្រណាត់ ជាង២៤៧លានដុល្លារ ថយចុះជាង១០ភាគរយ, ប្រេងម៉ាស៊ូត ២១១លានដុល្លារ ថយចុះជាង៣០ភាគរយ,ប្រេងសាំងជាង១៩៧ លានដុល្លារ កើនឡើងជាង២១ភាគរយ, ធ្យូងថ្មជាង១៥៣ លានដុល្លារ កើនជាង៤៥ភាគរយ រួមទាំងមុខទំនិញសំខាន់មួយចំនួនទៀត។
ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់កាលពីពេលថ្មីៗនេះថា តួលេខនាំចេញនាំចូលទំនិញមានការធ្លាក់ចុះនៅក្នុងត្រីមាសទី១នេះ មិនបានក្តោបស្ថានភាពនៃសេដ្ឋកិច្ចកម្ពុជាទាំងមូលនោះទេមានន័យថា ជាទូទៅទំនិញ ទាំងនាំចេញនិងនាំចូលនៅដើមឆ្នាំបែបនេះ តែងតែមានការប្រែប្រួលធម្មតា ហើយវាអាចមានកំណើននៅត្រីមាសបន្តបន្ទាប់។
ឯកឧត្តមបានបញ្ជាក់ដូច្នេះថា ៖ «ទំហំពាណិជ្ជកម្ម វាប្រែប្រួលទៅតាមសភាពការណ៍របស់ពិភពលោកមានន័យថា នៅពេលសេដ្ឋកិច្ចសកលល្អប្រសើរ តម្រូវការមានច្រើន នឹងជំរុញឱ្យមានការផ្គត់ផ្គង់កើនទៅតាមនោះដែរ»។
ជាមួយគ្នានេះដែរ លោក លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជាកម្ពុជា បានឱ្យដឹងដែរថា នៅពេលការនាំចេញក្នុងវិស័យកាត់មានការធ្លាក់ចុះនៅដើមឆ្នាំនេះ ទើបធ្វើឱ្យការបញ្ជាទិញវត្ថុធាតុដើម សម្រាប់វិស័យកាត់ធ្លាក់ចុះទៅតាមនោះដែរ ហើយវាកើតឡើងដោយសារតែវិបត្តិសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្តអូសបន្លាយ ។
លោកបានប្រាប់ថា បញ្ហាវិបត្តិអតិផរណា បានធ្វើប្រជាជនចាប់ផ្តើមកាត់បន្ថយការចំណាយមិនចាំបាច់របស់ពួកគេ ជាពិសេសការចំណាយលើសម្លៀកបំពាក់ស្បែកជើង។ម្យ៉ាងវិញទៀត ការបញ្ជាទិញកាលពីដើមឆ្នាំមុន(២០២២) មានក្រុមហ៊ុនខ្លះនៅសល់ក្នុងស្តុកមិនទាន់លក់អស់នៅឡើយ ទើបមិនមានការបញ្ជាទិញថ្មី ដែលនាំឱ្យដាក់បញ្ជាទិញនៅដើមឆ្នាំនេះ មានការធ្លាក់ចុះ ហើយនៅពេលដែលការបញ្ជាទិញធ្លាក់ អ្នកវិនិយោគយើងក៏ត្រូវគិតគូរដល់ការចំណាយដែរ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ឧកញ៉ា លឹម ហេង បានលើកឡើងស្រដៀងគ្នាដែរថា វិបត្តិសកល ជាកត្តាសំខាន់ដែលអាចរុញច្រានឱ្យការនាំចេញផលិតផលកាត់ដេរកម្ពុជា មានការធ្លាក់ចុះ ហើយវាក៏ឱ្យការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេសមកធ្លាក់ចុះដូចគ្នាដែរ។លោកបានថ្លែងថា ទំនិញចេញចូលមានសញ្ញាថយចុះនេះ វាមានកត្តាពីរ ដោយកត្តាទី១ គឺកត្តាអតិផរណានៅទីផ្សារពិភពលោក។ ទី២ គឺជាទូទៅដើមឆ្នាំនេះការនាំចេញនាំចូលមានធ្លាក់ចុះមែន ប៉ុន្តែវានឹងប្រសើរឡើងវិញនៅពាក់កណ្តាលឆ្នាំ ឬុចុងឆ្នាំនេះវិញ»។
ដោយឡែក អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ យល់ឃើញថា ការនាំចូលទំនិញដែលប្រើប្រាស់សម្រាប់វិស័យឧស្សាហកម្ម ដូចជា ក្រណាត់ ប្រេងម៉ាស៊ូត និងវត្ថុធាតុដើម សម្រាប់សំភារៈប្រើប្រាស់ បម្រើដល់ការនាំចេញ បានការធ្លាក់ចុះ ដែលនេះវាអាចនឹងពាក់ព័ន្ធ ការកាត់បន្ថយការបញ្ជាទិញវត្ថុធាតុដើមពី ប្រទេសជាដៃគូ ជាពិសេសចិន ដោយសារការបញ្ជារទិញផលិតផលវាយនភណ្ឌពីលោកខាងលិច។
លោកបានបញ្ជាក់ថា ៖ «កិច្ចពាណិជ្ជកម្មអន្តរជាតិ វាអាស្រ័យទៅលើតម្រូវការផ្គត់ផ្គង់ បើសិនជាការបញ្ជាទិញមានច្រើន នោះការនាំចូលនៅវត្ថុធាតុដើមក៏មានកំណើនទៅតាមនោះដែរ។នៅពេលដែលយើងមានបញ្ហាទាក់ទងនឹងការនាំចេញ វានាំឱ្យប៉ះពាល់ដល់ដំណើរការនៃសការនាំចូលវត្ថុធាតុនេះផងដែរ»៕ ដោយ៖ វណ្ណ សុជាតា