គ.ជ.ប ប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីបច្ចុប្បន្នភាពនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ចំនួនអ្នកសង្កេតការណ៍ និងក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធផ្សព្វផ្សាយស្តីពី បច្ចុប្បន្នភាពនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ បច្ចុប្បន្នភាពចំនួនអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតក្នុងដំណើរការបោះឆ្នោត។ កិច្ចប្រជុំនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការ គ.ជ.ប ដឹកនាំដោយឯកឧត្តម មាន សទិ សមាជិក គ.ជ.ប។

ឯកឧត្តម មាន សទិ បានមានប្រសាសន៍ថា រហូតមកដល់ថ្ងៃចុងក្រោយ នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ (ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣) មានគណបក្សនយោបាយចំនួន២០ បានដាក់ពាក្យស្នើសុំរបស់ខ្លួនមក គ.ជ.ប ក្នុងនោះមានគណបក្សនយោបាយចំនួន១១ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការ និងពាក្យសុំរបស់គណបក្សនយោបាយចំនួន៩ ផ្សេងទៀតកំពុងឋិតក្នុងការត្រួតពិនិត្យ និងរង់ចាំការប្រជុំសម្រេចដោយ គ.ជ.ប។

គណបក្សនយោបាយទាំង១១ ដែល គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការ រួមមាន៖
១.គណបក្សប្រជាជនកម្ពុជា ឈរឈ្មោះ ២៥មណ្ឌល លើ ២៥មណ្ឌល
២.គណបក្សយុវជនកម្ពុជា ឈរឈ្មោះ ២៥មណ្ឌល លើ ២៥មណ្ឌល
៣.គណបក្សខ្មែររួបរួមជាតិ ឈរឈ្មោះ ២៥មណ្ឌល លើ ២៥មណ្ឌល
៤.គណបក្សធម្មាធិបតេយ្យ ឈរឈ្មោះ ២៥មណ្ឌល លើ ២៥មណ្ឌល
៥.គណបក្សកម្លាំងប្រជាធិបតេយ្យ ឈរឈ្មោះ ១២មណ្ឌល លើ ២៥មណ្ឌល
៦.គណបក្សសញ្ជាតិកម្ពុជា ឈរឈ្មោះ ២៥មណ្ឌល លើ ២៥មណ្ឌល
៧.គណបក្សខ្មែរតែមួយ ឈរឈ្មោះ ២៥មណ្ឌល លើ ២៥មណ្ឌល
៨.គណបក្សខ្មែរអភិរក្ស ឈរឈ្មោះ ៧មណ្ឌល លើ ២៥មណ្ឌល
៩.គណបក្សហ៊្វុនស៊ិនប៉ិច ឈរឈ្មោះ ២៥មណ្ឌល លើ ២៥មណ្ឌល
១០.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ឈរឈ្មោះ ៦មណ្ឌល លើ ២៥មណ្ឌល
១១.គណបក្សបំណងពលរដ្ឋ ឈរឈ្មោះ ៩មណ្ឌល លើ ២៥មណ្ឌល។

ដោយឡែកមានគណបក្សនយោបាយ ៩ ដែល គ.ជ.ប កំពុងត្រួតពិនិត្យ និងរង់ចាំការប្រជុំសម្រេចដោយ គ.ជ.ប រួមមាន៖
១.គណបក្សឯកភាពជាតិខ្មែរ
២.គណបក្សស្រ្តីដើម្បីស្រ្តី
៣.គណបក្សខ្មែរឈប់ក្រ
៤.គណបក្សភ្លើងទៀន
៥.គបណក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
៦.ណបក្សជនជាតិដើម្បីប្រជាធិបតេយ្យកម្ពុជា
៧.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
៨.គណបក្សមហាសាមគ្គីជាតិខ្មែរ
៩.គណបក្សកសិករ។

ឯកឧត្តម បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ រួមមាន៖ អ្នកសង្កេតការណ៍ជាតិ សរុបចំនួន ១០,១៣០នាក់ ក្នុងនោះស្រីមានចំនួន ៥,០៥៦នាក់។ រហូតមកដល់ពេលនេះ គ.ជ.ប ពុំទាន់បានទទួលពាក្យសុំសង្កេតការណ៍របស់អ្នកសង្កេតការណ៍អន្តរជាតិពីស្ថាប័ន ឬប្រទេសណាមួយឡើយ។

ឯកឧត្តម មាន សទិ បានមានប្រសាសន៍ទាក់ទងនឹងក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍ក្នុងដំណើរការបោះឆ្នោតថា ក្រមសីលធម៌នេះ មានគោលបំណងកំណត់វិធានសំខាន់ៗ សម្រាប់ឱ្យអង្គការមិនមែនរដ្ឋាភិបាល សមាគម និងអ្នកសង្កេតការណ៍បោះឆ្នោតអនុវត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយជំហរ អព្យាក្រឹត មិនលម្អៀង ដើម្បីធានាឱ្យកិច្ចសង្កេតការណ៍បោះឆ្នោតត្រូវធ្វើឡើងដោយសុចរិត និងតម្លាភាព អ្នកសង្កេតការណ៍បោះឆ្នោតបំពេញការងារ ដោយពុំមានការជ្រៀតជ្រែក។

អ្នកសង្កេតការណ៍បោះឆ្នោតរួមមាន៖
-អ្នកសង្កេតការណ៍ជាតិ គឺជាជនជាតិខ្មែរ ឬជនបរទេសដែលជាសមាជិកនៃសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងអនុញ្ញាតដោយ គ.ជ.ប
-អ្នកសង្កេតការណ៍អន្តរជាតិ គឺជាអ្នកសង្កេតការណ៍នៃអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ អង្គការអន្តរជាតិ និងប្រទេសនានា ដែលត្រូវអញ្ជើញ និងទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា ហើយនឹងអនុញ្ញាតដោយ គ.ជ.ប
-អ្នកសង្កេតការណ៍ជាតិចល័តសំដៅដល់ថ្នាក់ដឹកនាំ ឬមន្ត្រីរបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលជាតិ ដែលសាមីអង្គភាពស្នើសុំ និងត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ និងអនុញ្ញាតឱ្យសង្កេតមើលដំណើរការបោះឆ្នោតទូទាំងប្រទេស។

បន្ទាប់ពី គ.ជ.ប បានទទួលស្គាល់ជាផ្លូវការហើយ អ្នកសង្កេតការណ៍មានសិទ្ធិធ្វើសកម្មភាពសង្កេតការណ៍បោះឆ្នោត ដោយឯករាជពីរដ្ឋាភិបាល និង គ.ជ.ប ព្រមទាំងទទួលបាននូវកិច្ចសហប្រតិបត្តិការពីអាជ្ញាធរដែនដី គ.ជ.ប និងពីគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់។ ចំពោះអ្នកសង្កេតការណ៍ជាតិ អាចធ្វើដំណើរសង្កេតការណ៍ក្នុងរាជធានី ខេត្ត ដែលអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមរបស់ខ្លួនបានស្នើសុំតែប៉ុណ្ណោះ លើកលែងតែអ្នកសង្កេតការណ៍ជាតិចល័តទូទាំងប្រទេស ដែលត្រូវបានអនុញ្ញាត និងផ្តល់បណ្ណសម្គាល់ដោយ គ.ជ.ប។ ដោយឡែកអ្នកសង្កេតការណ៍អន្តរជាតិ អាចធ្វើដំណើរគ្រប់ទីកន្លែងក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដោយពុំចាំបាច់សុំការអនុញ្ញាត ឬជូនដំណឹងជាមុនឡើយ លើកលែងតែ ដោយសារមូលហេតុច្បាស់លាស់ទាក់ទងនឹងសន្តិសុខផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ក្នុងករណីជួបគ្រោះអាសន្ន ឬអសន្តិសុខអ្វីមួយ អ្នកសង្កេតការណ៍ត្រូវជូនដំណឹងទៅមន្ត្រីបោះឆ្នោត និងអាជ្ញាធរដែនដីពាក់ព័ន្ធ ដើម្បីជួយដោះស្រាយទាន់ពេលវេលា។ ម្យ៉ាងទៀត សូមជម្រាបជូនផងដែរថា សិទ្ធិ ភារកិច្ច និងការទទួលខុសត្រូវរបស់អ្នកសង្កេតការណ៍បោះឆ្នោត និងបំរាមចំពោះអ្នកសង្កេតការណ៍បោះឆ្នោត មានចែងនៅក្នុងសៀវភៅក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតក្នុងដំណើរការបោះឆ្នោត។

ជាមួយគ្នានេះ គ.ជ.ប បានសំណូមពរចំពោះអ្នកសង្កេតការណ៍ ហើយក៏ជាការទទួលខុសត្រូវ និងតម្លាភាពក្នុងការធ្វើសេចក្តីសន្និដ្ឋាន។ សូមអ្នកសង្កេតការណ៍ផ្តល់របាយការណ៍ជាលាយលក្ខណ៍អក្សរ ស្តីពីការសង្កេតឃើញ និងសេចក្តីសន្និដ្ឋានរបស់ខ្លួន នៅក្នុងដំណើរការបោះឆ្នោតជូន គ.ជ.ប។ គ.ជ.ប មានសិទ្ធិផ្តល់យោបល់លើរបាយការណ៍នេះ។ អ្នកសង្កេតការណ៍អាចធ្វើការកែតម្រូវ ឬមិនកែតម្រូវតាមយោបល់របស់ គ.ជ.ប។ ក្នុងករណីមិនធ្វើការកែតម្រូវតាមយោបល់ គ.ជ.ប អ្នកសង្កេតការណ៍ត្រូវភ្ជាប់យោបល់នេះ នៅក្នុងផ្នែកខាងក្រោយនៃរបាយការណ៍របស់ខ្លួនដែលត្រូវធ្វើការផ្សព្វផ្សាយ៕
ដោយ៖ពលជ័យ
រូបភាព៖ គ.ជ.ប

ads banner