ក្រសួងយុត្តិធម៌ និងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជាជួបពិភាក្សាគ្នាលើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងសិទ្ធិមនុស្ស
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា(UN-OHCHR) បានជួបពិភាក្សាការងារគ្នាប្រចាំខែដើម្បីបង្កើនការយល់ពីគ្នាពាក់ព័ន្ធនឹងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងបញ្ហាសិទ្ធិមនុស្ស។

ជំនួបពិភាក្សាការងារប្រចាំខែឧសភានេះ ធ្វើឡើងកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ដែលមានឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោក Benjamin Moreau អនុប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។

តាមការប្រកាសរបស់ក្រសួងយុត្តិធម៌បានឱ្យដឹងថា ការពិភាក្សានេះ ផ្តោតលើរបៀបវារៈសំខាន់ៗ ដូចជា បញ្ហាកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងច្បាប់, ការអនុវត្តច្បាប់ និងសិទ្ធិមនុស្សនៅកម្ពុជា, ការវិវឌ្ឍនៃដំណើរការស៊ើបអង្កេត និងករណីសំណុំរឿងមួយចំនួននៅតុលាការដែលពាក់ព័ន្ធនឹងសកម្មជន។
ឯកឧត្តម ជិន ម៉ាលីន បានប្រាប់ឱ្យដឹងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ថា ក្រសួងយុត្តិធម៌ និងការិល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជាមានជំនួបជារៀងរាល់ខែជាមួយគ្នា ដើម្បីធ្វើបច្ចុប្បន្នភាពការងារ និងកិច្ចសហការនៃស្ថាប័នទាំងពីរ។ស្ថាប័នទាំងពីរ ពិភាក្សាពិនិត្យទៅលើកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដើម្បីឲ្យភាគីអង្គការសហប្រជាជាតិបានជ្រាប និងត្រួតពិនិត្យមើលក្នុងន័យអាចចូលរួមសហការជាមួយភាគីកម្ពុជា។

ឯកឧត្តម ជិន ម៉ាលីន បានថ្លែងថា «ក្នុងនោះយើងក៏បានជជែកពីករណីជាក់ស្តែងនីមួយៗ ដែលខាងឧត្តមស្នងការយល់ឃើញថា ជាការរំលោភបំពានសិទ្ធិមនុស្ស ហើយគេមានរបាយការណ៍ដែលជាការរកឃើញរបស់គេ ហើយគេចែករំលែកព័ត៌មាននេះមកខាងក្រសួង ហើយក្រសួងក៏ធ្វើការផ្ទៀតផ្ទាត់ថា អ្វីដែលកើតឡើងវាដូចទៅនឹងភាគីឧត្តមស្នងការរកឃើញមែនឬអត់»។
លោកបានសង្កត់ធ្ងន់ទៀតថា ជំនួបជារៀងរាល់ខែនេះ ជាមធ្យោបាយដ៏សំខាន់មួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំង២ ព្រមទាំងអាចចែករំលែកព័ត៌មានគ្នាទៅវិញទៅមក ដើម្បីអាចធ្វើបច្ចុប្បន្នភាពចំពោះស្ថាប័នរៀងខ្លូនក្នុងគោលដៅបង្កើនកិច្ចសហការនិងការយល់ពីគ្នា។
គួរជម្រាបថា ក្រសួងយុត្តិធម៌ និងUN-OHCHR តែងមានជំនួបពិភាក្សាការងារគ្នាជារៀងរាល់ខែ តាមការឯកភាពរវាងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធិ និងការស្នើសុំរបស់ UN-OHCHR ផ្ទាល់ ដើម្បីឱ្យភាគីទាំង២ អាចសហការ និងស្វែងយល់ពីគ្នាបានស៊ីជម្រៅពាក់ព័ន្ធ ការអនុវត្តច្បាប់របស់សមត្ថកិច្ច និងស្ថាប័នតុលាការ បញ្ហាសិទ្ធិមនុស្ស និងកម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌៕ ដោយ៖ សំបាន ច័ន្ទដារ៉ា