លោកជំទាវ ឱ វណ្ណឌីន៖ សង្ឃឹមគ្រប់ភាគីប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិដើម្បីពង្រឹងប្រសិទ្ធភាពការនាំចូល-ចេញឱសថ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលសង្ឃឹមយ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធនឹងប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិកាន់តែពេញលេញចាប់ពីពេលនេះតទៅ ដើម្បីរួមគ្នាពង្រឹងប្រសិទ្ធភាពក្នុងការនាំចូល នាំចេញឱសថ ឧបករណ៍បរិក្ខារពេទ្យ និងផលិតផលសុខាភិបាលផ្សេងៗ ពិសេសនោះអាចកាត់បន្ថយបានទាំងថវិកា និងពេលវេលាផងដែរ។

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងពីការរំពឹងទុកដូចនេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការស្នើសុំលិខិតអនុញ្ញាតនាំចូល នាំចេញតាមប្រព័ន្ធបញ្ជរតែមួយជាតិដល់គ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងគ្រឹះស្ថានផ្សេងៗទៀត ដែលធ្វើឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី៩-១០ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសិក្ខាកាមប្រមាណ ១៥០នាក់។

យោងតាមក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានជំរុញនិងលើកទឹកចិត្តឱ្យគ្រប់ក្រសួង-ស្ថាប័នទាំងអស់ធ្វើទំនើបកម្មឌីជីថល ស្របតាមផែនការយុទ្ធសាស្រ្ត និងគោលនយោយបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។

លោកជំទាវបន្តថា ហេតុនេះក្រសួងសុខាភិបាល បានចាប់ផ្តើមចូលរួមអនុវត្តគម្រោងបញ្ជរតែមួយជាតិចាប់តាំងពីឆ្នាំ២០១៩ និងបានកែសម្រួលលើប្រព័ន្ធនេះជាបន្តបន្ទាប់។

លោកជំទាវ ឱ វណ្ណឌីន បានថ្លែងថា ៖‍ «វគ្គបណ្តុះបណ្តាលនេះ ពិតជាផ្ដល់សារៈសំខាន់ខ្លាំងក្នុងការបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការអនុវត្តការងារពាក់ព័ន្ធការនាំចូល នាំចេញឱសថ ឧបករណ៍បរិក្ខារពេទ្យ និងផលិតផលសុខាភិបាលផ្សេងៗទៀតតាមប្រព័ន្ធបញ្ជរតែមួយជាតិនេះឱ្យបានកាន់តែពេញលេញល្អប្រសើរឡើយ»។

លោកជំទាវបានគូសបញ្ជាក់ពីសារៈសំខាន់នេះថា ការស្នើសុំនាំចូល នាំចេញតាមប្រព័ន្ធបញ្ជរតែមួយជាតិ អាចផ្តល់សេវាជូន បានឆាប់រហ័ស បង្កលក្ខណៈងាយស្រួលដោយមិនចាំបាច់ប្រើប្រាស់ក្រដាស (HardCopy) ដែលអាចកាត់បន្ថយបានទាំងថវិកា និងពេលវេលាផងដែរ។

សូមរំឮកផងដែរថា កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣ ក្រសួងបានធ្វើការណែនាំដល់ម្ចាស់គ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានផលិតវត្ថុធាតុដើម គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងគ្រឹះស្ថានអាហរ័ណ នីហរ័ណផលិតផលគ្រឿងសម្អាងដែលមិនទាន់បានធ្វើការស្នើសុំនាំចូល នាំចេញតាមប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវចូលរួមអនុវត្តឱ្យបានពេញលេញ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការនាំចូល នាំចេញឱសថធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់។

ក្រសួងបានបញ្ជាក់ថា ប្រព័ន្ធបញ្ជរតែមួយជាតិ មានតួនាទីសំខាន់ក្នុងការចូលរួមចំណែកលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិ ស្របតាមយុទ្ធសាស្ត្រនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់និងទទួលអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ លិខិតអនុញ្ញាត និងឯកសារផ្សេងទៀតក្នុងទម្រង់អេឡិចត្រូនិក សម្រាប់ទំនិញនាំចេញ-នាំចូល»។

ប្រធានសមាគមអ្នកលក់ឱសថកម្ពុជា លោក ទ្បី សុភាព គាំទ្រ និងស្វាគមន៍ចំពោះការណែនាំរបស់ក្រសួងដោយលោកចាត់ទុកថា វានឹងធ្វើឱ្យមានភាពងាយស្រួលក្នុងគ្រប់គ្រងឱសថ គ្រឿងសម្អាង និងការផលិត និងមិនបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ ព្រោះបានត្រួតពិនិត្យត្រឹមត្រូវ ពីមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ដែរថា នាដើមខែមករា ឆ្នាំ២០២៣ កន្លងទៅនេះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងប្រព័ន្ធបញ្ជរតែមួយជាតិ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ លើកទី៣ ដើម្បីពិនិត្យអំពី «វឌ្ឍនភាពនៃការអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី២និងការប្រកាសចាប់ផ្តើមអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី ៣» ផងដែរ៕ ដោយ៖ សុខ រក្សា

ads banner