បណ្ឌិត ហ៊ុន ម៉ាណែត សាទរសមិទ្ធិផលក្នុងខេត្តកំពង់ធំ (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងក្នុងពិធីសាសនាមួយក្នុងខេត្តកំពង់ធំ បញ្ជាក់ថាខេត្តកំពង់ធំបានក្លាយជាខេត្តមានការអភិវឌ្ឍន៍ក្រោមម្លប់សន្តិភាព ដែលជាផ្លែផ្កា នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

ខេត្តកំពង់ធំក្នុងសម័យសង្គ្រាមស៊ីវិល គឺជាខេត្តដែលប្រឈមនឹងភាពខ្ទេចខ្ទាំខ្លាំង ដោយសារការវាយប្រហារគ្នារវាង ខ្មែរនិងខ្មែរជាក្រុមបដិបក្ខ។ ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងព្រះវិហារថ្មី នៅវត្តសន្ទុកក្រៅ ស្ថិតនៅភូមិសន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែឧសភា បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តកំពង់ធំបច្ចុប្បន្ន «បានប្រែក្លាយពីស្ថានភាព នៃការបំផ្លិចបំផ្លាញដោយសារវិនាសកម្មសង្គ្រាម មកជាខេត្តដែលមានការអភិវឌ្ឍរីកចម្រើនជាលំដាប់លើគ្រប់វិស័យ ហើយក៏កំពុងបន្តពង្រីកសក្តានុពលរបស់ខ្លួនឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងបន្ថែមទៀត ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ, មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត»។

បណ្ឌិត ហ៊ុន ម៉ាណែត បានអំពាវនាវការចូលរួមថែរក្សាឱ្យបាននូវសុខសន្តិភាព ដែលកំពុងមាននាពេលបច្ចុប្បន្ននេះ ដើម្បីកុំឱ្យសង្គ្រាម និងជម្លោះបែកបាក់ អាចត្រលប់មកវិញសាជាថ្មីឱ្យសោះនៅលើទឹកដីដ៏ពិសិដ្ឋរបស់កម្ពុជា។

បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខជននាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជា បានប្រាប់ពលរដ្ឋដែលចូលរួមជុំវិញសុខដុមនីយកម្មសាសនាក្នុងប្រទេសកម្ពុជា និងបានលើកឡើងនូវមោទកភាពជាតិ ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកំពុងប្រព្រឹត្តទៅនាពេលនេះ។

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា «តាមរយៈការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហេ្គមលើកទី១២ ក្នុងឆ្នាំ២០២៣នេះ, គឺសម្តេចតេជោនាយករដ្ឋមន្ត្រី កំពុងនាំកម្ពុជាបោះជំហានឆ្ពោះទៅមុខកាន់តែឆ្ងាយ ដោយសម្រេចបាននូវការលើកកម្ពស់កិត្យានុភាព និងការធានារក្សាផលប្រយោជន៍ជាតិ ហើយជាពិសេស គឺការផ្សព្វផ្សាយអំពីការប្រែមុខមាត់របស់កម្ពុជា នៅលើឆាកអន្តរជាតិ ដោយឈានចេញពីប្រទេសដែលធ្លាប់ត្រូវបានញាំញីដោយសង្គ្រាមបែកបាក់ និងភាពភ័យខ្លាច ប្តូរមកជាទឹកដីកោះសុខសន្តិភាព, ស្ថិរភាព និងសុខដុមរមនាត្រជាក់ត្រជុំ ព្រមជាមួយនឹងការ បើកចំហរបេះដូង និងទឹកចិត្តយ៉ាងទូលំទូលាយ ដើម្បីទទួលស្វាគមន៍បណ្តាមិត្តភក្តិអន្តរជាតិ មកពីគ្រប់ទិសទីទាំងក្នុងតំបន់ និងសាកលលោក»។

ads banner