វៀតណាមដំឡើងថ្លៃអគ្គិសនីជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩

ហាណូយ៖ វៀតណាមបានដំឡើងថ្លៃអគ្គិសនីលក់រាយជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៩មក ដោយបង្កើនក្តីបារម្ភអំពីអតិផរណា។ យ៉ាងណាមិញ ក្រសួងហិរញ្ញវត្ថុវៀតណាមបានអះអាងថា ការដំឡើងថ្លៃនេះទំនងជាមានផលប៉ះពាល់តិចតួចប៉ុណ្ណោះ ទៅលើសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់ប្រទេសវៀតណាមក្នុងរយៈពេលខ្លី។

ក្រសួងហិរញ្ញវត្ថុវៀតណាមបានបញ្ជាក់ថា ក្រុមហ៊ុនអគ្គិសនីរដ្ឋវៀតណាម (EVN) បានសម្រេចដំឡើងថ្លៃអគ្គិសនីលក់រាយជាមធ្យម៣ភាគរយ។ ការដំឡើងថ្លៃអគ្គិសនីនេះ បានកើតមានឡើងបន្ទាប់ពីក្រុមហ៊ុនអគ្គិសនីរដ្ឋវៀតណាម (EVN) បានខាតបង់ប្រាក់៣៦.២៩ទ្រីលានដុង ឬប្រមាណ១.៥ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយសារតែការកើនឡើងថ្លៃដើមផលិតកម្មអគ្គិសនីពីមួយឆ្នាំទៅមួយឆ្នាំ ៩.២៧ភាគរយ ខណៈដែលការដំឡើងថ្លៃ៣ភាគរយនេះ គួរតែត្រូវបានគេមើលឃើញថា ជាកម្រិតមធ្យមប៉ុណ្ណោះ។

នេះបើតាមការបញ្ជាក់របស់លោក Nguyen Tien Thoa ប្រធានសមាគមវាយតម្លៃវៀតណាម។ លោកបន្ថែមថា ការដំឡើងថ្លៃអគ្គិសនី៣ភាគរយនេះដែរ អាចនឹងបណ្តាលឱ្យមានការកើនឡើង១.០៩៩ភាគរយនៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ក្នុងរយៈពេលខ្លី និងការកើនឡើង១.២៨ភាគរយក្នុងរយៈពេលវែង។
យោងតាមការិយាល័យស្ថិតិទូទៅបានឱ្យដឹងថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់វៀតណាមក្នុងរយៈពេល៤ខែដំបូងឆ្នាំនេះ បានកើនឡើង៣.៨៤ភាគរយ បើធៀបនឹងឆ្នាំមុន ដោយសារតែការតម្លើងថ្លៃសិក្សា និងលំនៅដ្ឋាន ក៏ដូចជាតម្លៃម្ហូបអាហារដែលឡើងថ្លៃជាងមុន។

អាជ្ញាធរស្ថិតិក៏បាននិយាយផងដែរថា អតិផរណាស្នូល ដោយមិនរាប់បញ្ចូលតម្លៃម្ហូបអាហារ, ថាមពល និងតម្លៃសេវាសាធារណៈផ្សេងទៀតដែលប្រែប្រួល បានកើនឡើង៤.៩ភាគរយក្នុងរយៈពេលពីឆ្នាំមុន។ ប្រទេសវៀតណាមកំពុងព្យាយាមរក្សាសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់ខ្លួន ឱ្យជិតដល់គោលដៅ៤.៥ភាគរយសម្រាប់ឆ្នាំ២០២៣នេះ៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner