ឡាវរកចំណូលបានជាង ៥០៧លានដុល្លារ ពីការនាំចេញកសិកម្ម ក្នុងត្រីមាសទី១ ឆ្នាំ២០២៣

វៀងចន្ទន៍៖ ការនាំចេញកសិផលរបស់ប្រទេសឡាវ ក្នុងរយៈពេលបីខែដំបូងឆ្នាំ២០២៣ សម្រេចបានជាង៣លានតោន ដែលមានតម្លៃជាង៥០៧ លានដុល្លារ កើនឡើងលើសពី៥០ភាគរយនៃគោលដៅសម្រាប់រយៈពេលពេញមួយឆ្នាំ។

អគ្គនាយកនៃនាយកដ្ឋានកសិកម្មរបស់ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវ លោក Bounchan Kombounyasith បានបញ្ជាក់ថា ប្រទេសឡាវបាននាំចេញផលិតផលរុក្ខជាតិសរុបចំនួន ៣,០៣២,៥១៧តោនក្នុងរយៈពេលបីខែដំបូងឆ្នាំ២០២៣ ដែលមានតម្លៃសរុបចំនួន៥០៧,៦៤៤,៦១៥ដុល្លារ ស្មើនឹង៥៦.៤០ភាគរយនៃគោលដៅក្នុងឆ្នាំ២០២៣នេះ និងកើនឡើង៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកបន្ថែមថា ប្រទេសឡាវមានឱកាសដ៏ធំ ក្នុងការជំរុញទិន្នផលដំណាំសម្រាប់នាំចេញ ជាពិសេសទៅកាន់ទីផ្សារប្រទេសចិន តាមរយៈផ្លូវដែករវាងចិន និងឡាវ ដែលអាចដឹកជញ្ជូនទំនិញបានកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស។

ផលិតផលសំខាន់ៗរបស់ប្រទេសឡាវដែលនាំចេញ រួមមានដំឡូងមី១,៩លានតោន, អំពៅ២៣០,៩៨៧តោន, ចេក២៦៩,៩៧៩តោន, ឪឡឹក៨៦,៤២០តោន និងពោត៤៩,៣២៥តោន។ ទីផ្សារនាំចេញសំខាន់ៗសម្រាប់កសិផលរបស់ប្រទេសឡាវ មានដូចជាប្រទេសចិន វៀតណាម និងថៃ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner