អាស៊ានជំរុញឱ្យចាត់វិធានការកាត់បន្ថយភាពក្រីក្រ និងធានាសន្តិសុខស្បៀង

បាលី៖ មេដឹកនាំជាន់ខ្ពស់ឡាវបានអំពាវនាវឱ្យប្រជាជាតិអាស៊ាន និងភាគីពាក់ព័ន្ធក្នុងតំបន់ ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីកាត់បន្ថយភាពក្រីក្រ និងធានាសន្តិសុខស្បៀងក្នុងតំបន់។

ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម និងវប្បធម៌អាស៊ានលើកទី២៩ ដែលធ្វើឡើងនៅកោះបាលី នាដើមសប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ លោកស្រី ស៊ូណេសាវ៉ាន់ វីដណាខេត បានបញ្ជាក់ថា ការដោះស្រាយគម្លាត និងការស្វែងរកដំណោះស្រាយ ដើម្បីលុបបំបាត់ភាពក្រីក្រ និងភាពអត់ឃ្លានក្នុងចំណោមអ្នកក្រ មិនមែនជាការងារងាយស្រួលសម្រាប់អង្គការតែមួយ ឬស្ថាប័នតាមវិស័យនោះទេ។

លោកស្រីបាននិយាយដូច្នេះថា ខ្ញុំចង់ជំរុញឱ្យអង្គការជាតិ និងតំបន់ ព្រមទាំងភាគីពាក់ព័ន្ធបន្តបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ និងបង្កើនការវិនិយោគទាំងសមត្ថភាពមូលធន និងសមត្ថភាពធនធានមនុស្ស ដែលនឹងជួយសម្រួលដល់ការលុបបំបាត់ភាពក្រីក្រ និងសន្តិសុខស្បៀងក្នុងតំបន់។ លោកស្រីបន្ថែមថា ឡាវត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយឥណ្ឌូណេស៊ី និងប្រទេសសមាជិកដទៃទៀត ដើម្បីសម្រេចបាននូវអាទិភាពរបស់អាស៊ាន។

ជាមួយគ្នានេះ លោកស្រីក៏បានរំលឹកឡើងវិញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ដើម្បីជម្នះការលំបាកផ្នែកសេដ្ឋកិច្ច ដែលបណ្តាលមកពីផលប៉ះពាល់នៃជំងឺរាតត្បាត, ការប្រឈមមុខនឹងបញ្ហាភូមិសាស្ត្រនយោបាយ, ការប្រែប្រួលអាកាសធាតុ និងការកើនឡើងតម្លៃទំនិញ, ម្ហូបអាហារ និងថាមពល។ នៅក្នុងកិច្ចប្រជុំនោះដែរ ថ្នាក់ដឹកនាំបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តផ្តល់អាទិភាពដល់ប្រជាជននៅតំបន់ជនបទ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការលុបបំបាត់ភាពក្រីក្រនៅក្នុងតំបន់៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner