ប្រតិភូ គ.ជ.ប. កម្ពុជា ទៅចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតតំណាងរាស្រ្តនៅប្រទេសថៃ
ភ្នំពេញ៖ គណៈប្រតិភូគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅចូលរួមកម្មវិធី សង្កេតការណ៍បោះឆ្នោតអន្តរជាតិ (EOP) សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ ក្នុងប្រទេសថៃ រយៈពេលប្រាំថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។
សេចក្តីជូនដំណឹងរបស់ គ.ជ.ប បានឱ្យដឹងថា ការដឹកនាំគណៈប្រតិភូទៅចូលរួមកម្មវិធីសង្កេតការណ៍បោះឆ្នោតនេះ តបតាមការអញ្ជើញរបស់ការិយាល័យគណៈកម្មការរៀបចំការបោះឆ្នោតនៃព្រះរាជាណាចក្រថៃ ។
គណៈប្រតិភូ គ.ជ.ប កម្ពុជា នឹងវិលត្រឡប់មកដល់មាតុប្រទេសវិញ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ហើយក្នុងឱកាសនោះឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ដែលដឹកនាំគណៈប្រតិភូទៅសង្កេតការណ៍ នឹងធ្វើសន្និសីទសារព័ត៌មាន ដើម្បីជម្រាបជូនអំពីលទ្ធផលនៃការចូលរួមសង្កេតការណ៍បោះឆ្នោតខាងលើនេះ នាវេលាម៉ោង ៧ ល្ងាចនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រក VIP)។
កាលពីខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ប្រាជ្ញា ចន្ទ ប្រធានគ.ជ.ប ក៏បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅទស្សនកិច្ចសង្កេតមើលប្រព័ន្ធបោះឆ្នោតប្រទេសបារាំងផងដែរ ដើម្បីផ្លាស់ប្ដូរបទពិសោធការងារពាក់ព័ន្ធកិច្ចការបោះឆ្នោត សំដៅបំពេញភាពខ្វះចន្លោះនៅកម្ពុជា។
ពាក់ព័ន្ធ គ.ជ.ប នេះដែរ នៅថ្ងៃទី ១១ខែឧសភា ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើពាក្យសុំចុះបញ្ជីរបស់ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ចំនួនពីរគណបក្ស, សេចក្ដីណែនាំពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត និងសេចក្តីសម្រេចស្ដីពីការផ្ទេរឈ្មោះ អ្នកបោះឆ្នោតដែលជាបេក្ខជន សហព័ទ្ធ និងកូន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្ដងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចលទ្ធមួយចំនួន។ ១. ទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់ គណបក្សឯកភាពជាតិខ្មែរ ដែលមានប្រាំមណ្ឌលរាជធានី ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
២. ទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់ គណបក្សប្រជាធិបតេយ្យមូលដា្ឋន ដែលមាន ១២ មណ្ឌលរាជធានី ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ៣. កែសម្រួល និងឯកភាពជាគោលការណ៍លើសេចក្ដីណែនាំស្តីពីការហែក្បួនឃោស បោះឆ្នោត និងការធ្វើសកម្មភាពចែកខិត្តបណ្ណនៅក្នុងផ្សាររបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២១។ ៤. កែសម្រួល និងឯកភាពជាគោលការណ៍លើសេចក្ដីសម្រេចស្ដីពីការផ្ទេរឈ្មោះអ្នក បោះឆ្នោតដែលជាបេក្ខជន សហព័ទ្ធ និងកូនក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
គិតត្រឹមទី១១ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវ ការលើការចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ចំនួន១៣ គណបក្សនយោបាយ។ គណបក្សនយោបាយ ចំនួនប្រាំពីរទៀត អង្គភាពជំនាញកំពុងពិនិត្យ និងអនុវត្តតាម នីតិវិធីនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដើម្បីដាក់ជូន គ.ជ.ប សុំការពិនិត្យ និងសម្រេច៕ ដោយ៖ សុខ រក្សា