របរចិញ្ចឹមរុយផ្តល់ចំណូលខ្ទង់ពាន់ដុល្លារ ថែមទាំងមានផលប្រយោជន៍ជាច្រើនដល់បរិស្ថាន និងកសិកម្ម
ភ្នំពេញ៖ រុយជាសត្វល្អិតមួយប្រភេទដែលមនុស្សចាត់ទុកថាគួរឱ្យរំខាន គួរឱ្យខ្ពើម និងជាភ្នាក់ងារចម្លងមេរោគជាដើម ក៏ប៉ុន្តែសម្រាប់វិស័យកសិកម្ម និងបរិស្ថាន គេអាចទាញយកប្រយោជន៍បានយ៉ាងច្រើនពីសត្វរុយ។
ផ្ទុយពីរុយទូទៅដែលជាភ្នាក់ងារចម្លងមេរោគ រុយមួយប្រភេទគេហៅកាត់ថា BSF ដែលគេទាក់ទាញមកពីធម្មជាតិបានអាចផ្តល់ផលប្រយោជន៍ជាច្រើន និងត្រូវបានគេចិញ្ចឹមជាលក្ខណៈធម្មតាទៅហើយសម្រាប់បំរើដល់វិស័យកសិកម្ម។
លោក សៅ សែនសំណាង ជាម្ចាស់កសិដ្ឋាន BSF Farm បានឱ្យដឹងថាការចិញ្ចឹមរុយផ្តល់អត្ថប្រយោជន៍ដែលមិនអាចគណនាបានទាំងសម្រាប់បរិស្ថាន ទាំងបម្រើដល់វិស័យកសិកម្មដោយសារវាមានប្រូតេអ៊ីនខ្ពស់ ហើយរបរចិញ្ចឹមរុយនេះអាចផ្តល់ចំណូលខ្ទង់ពាន់ដុល្លារផងដែរប្រសិនបើកសិករមានជំនាញពិត។
លោក សែនសំណាង បានរៀបរាប់ឱ្យដឹងពីមូលហេតុ ក៏ដូចជាដំណើរដើមទងនៃរបរចិញ្ចឹមរុយរបស់ខ្លួនថា៖ «ទាក់ទងទៅនឹងការចាប់ផ្ដើម យើងបានចាប់ផ្ដើមក្នុងឆ្នាំ ២០១៨ តាមពិតទៅមុនពេលចិញ្ចឹមរុយនេះដោយសារយើងចិញ្ចឹមមាន់ទា និងត្រីមិនសូវចំណេញច្រើន អញ្ចឹងហើយមានតែផលិតចំណីខ្លួនឯងគឺការចិញ្ចឹមរុយនេះ។ ពេលនោះយើងព្យាយាមផលិតចំណីក្នុងកសិដ្ឋានខ្លួនឯងច្រើន ប៉ុន្តែវាបានតម្លៃ ១ធូរថ្លៃយើងចំណេញតែមិនចំណេញច្រើនទេដោយសារត្រូវចំណាយច្រើន និងមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់សត្វចិញ្ចឹមក្នុងកសិដ្ឋាន»។
លោកបន្តឱ្យដឹងថា ក្រោយមកលោកចេះតែបន្តសិក្សា ស្រាវជ្រាវ ក៏ដូចជាស្វែងរកសារធាតុបន្ថែម ដូចជាទិញម្សៅត្រី សាកចិញ្ចឹមចង្រិត និងជន្លេនជាដើមប៉ុន្តែចំណីទាំងនេះមិនសូវមានប្រសិទ្ធភាពដល់សត្វចិញ្ចឹមទេ ហើយថែមទាំងត្រូវការពេលប្រមូលផលយូរទៀតផង។
លោកបញ្ជាក់ថា៖ «បន្ទាប់មកទៀតខ្ញុំចេះតែស្រាវជ្រាវតាមអ៊ីនធឺណិតផងអីផង ក៏ឃើញមាន BSF Farm នៅអឺរ៉ុប ស្រាវជ្រាវបន្តក៏ឃើញនៅវៀតណាមក៏គេធ្វើ ហើយបន្ទាប់មកនៅខ្មែរក៏មានជាការបង្រៀនប៉ុន្តែអត់មានពូជទេ ហើយចុងក្រោយខ្ញុំក៏សម្រេចចិត្តទៅរៀននៅវៀតណាមតែម្ដង ហើយក៏បន្តរៀនតាមអនឡាញពីម៉ាឡេស៊ីថែមទៀត»។
ក្រោយពីសិក្សាពីបរទេសនេះហើយ កសិករវ័យ ៣៥ឆ្នាំរូបនេះបន្តឱ្យដឹងទៀតថា លោកបានចាប់ផ្តើមទាក់ទាញពូជពីធម្មជាតិនៅក្នុងស្រុកតែម្ដង និងទទួលបានជោគជ័យ។
លោកបន្តថា៖ «នៅពេលដែលយើងចិញ្ចឹមទៅបានផល វាល្អវាបានផលលឿន ខ្ញុំក៏បង្កើនពូជបន្តបានច្រើន ហើយការទទួលផលបានច្រើនទ្វេដងគុណ ៤ ទៅ១០ដង លុះពេលដែលយើងផលិតវាចេញជាចំណីមក ឃើញថាសត្វយើងចិញ្ចឹមក៏មានសុខភាពល្អថែមទៀត»។
លោក សំណាង បន្តថា៖ «លើសពីនេះ ទាក់ទងនឹងការស្វែងរកចំណីសម្រាប់សត្វរុយនេះក៏មានភាពងាយស្រួលផងដែរ ដូចពេលដំបូងដែលខ្ញុំចាប់ផ្ដើមនៅខាងអូរបែកក្អម យើងអាចប្រមូលកាកសំណល់ពីផ្សារនានា និងផ្សារដើមគរបានយ៉ាងងាយស្រួល មិនអស់ថ្លៃចំណាយទិញចំណីគេ ដោយគ្រាន់យើងត្រូវចំណាយពលកម្ម និងថ្លៃដឹក ប៉ុន្តែនៅតែចំណេញអញ្ចឹង»។
ទាក់ទិនទៅនឹងផលវិបាកនៃការចិញ្ចឹមរុយ អ្នកជំនាញរូបនេះថា មិនមានផលវិបាកច្រើននោះទេ ពោលគឺមានតែបញ្ហាប្រមូលចំណី និងលុះត្រាតែកសិករនោះចិញ្ចឹមជាលក្ខណៈទ្រង់ទាយធំ ដែលតម្រូវឱ្យម្ចាស់កសិដ្ឋានជួលកម្លាំងពលកម្មបន្ថែម និងបង្រៀនពួកគេឱ្យចេះពីរបៀបបច្ចេកទេសក្នុងការចិញ្ចឹមទាំងអស់។ចំពោះផលប្រយោជន៍វិញ លោកសំណាងបានបញ្ជាក់ថា របរនេះមានផលប្រយោជន៍ច្រើនដល់បរិស្ថាន និងវិស័យកសិកម្ម រហូតមិនអាចគណនាបាន។
លោក សៅ សែនសំណាង រៀបរាប់ឱ្យដឹងថា៖ «សម្រាប់បរិស្ថានគឺយើងជួយបានច្រើន ប្រសិនបើនៅក្នុងភូមិឃុំ១ មានប្រជាជនត្រឹម ៥០០ គ្រួសារដែលមានកាកសំណល់ជាកំប៉ុសច្រើន ពួកគាត់អាចយកសំណល់ទាំងនោះមកផ្គត់ផ្គង់កសិដ្ឋាន អញ្ចឹងហើយភូមិ ឬឃុំមួយនោះនឹងគ្មានសំរាមនោះទ»។
លោកបន្តទៀតថា៖ «ចំណែកទៅលើវិស័យកសិកម្ម វាផ្ដល់ប្រយោជន៍ច្រើនដល់អ្នកចិញ្ចឹមសត្វ ពេលយើងផ្ដល់ចំណីនេះដល់សត្វ យើងមិនបាច់បារម្ភអំពីកង្វះសារធាតុចិញ្ចឹម យើងមិនចាំបាច់ត្រូវការសារធាតុបំពេញបន្ថែមទៀត គឺគ្រាន់តែលាយជាមួយនឹងគ្រាប់ធញ្ញជាតិខ្លះទៅបានហើយ។ នេះជាសារសំខាន់មួយ ហើយមួយទៀតយើងអាចផលិតវាជាជីសម្រាប់សម្លាប់មេរោគ លើសពីនេះបើយើងចិញ្ចឹមត្រី ពពួកត្រីខ្លះយើងផ្ដល់តែចំណីនេះតែមួយមុខក៏វាអាចស៊ីបាន អញ្ចឹងវាសំខាន់សម្រាប់កសិកម្ម ហើយប្រសិនបើកសិករយល់ពីរឿងនឹងច្រើន គាត់មិនត្រូវចំណាយច្រើនលើចំណី»។
សម្រាប់ចំណូលវិញ លោកបានឱ្យដឹងថា ពេលដែលលោកដំណើរការ កសិដ្ឋាន BSF Farm របស់ខ្លួនពេញដៃពេញជើង គឺអាចទទួលបានចំណូលច្រើន ពោលគឺចំណូលដល់ខ្ទង់ពាន់ដុល្លារឯណោះក្នុងមួយខែ ទាំងទៅលើការលក់ពង ដង្កូវខ្មៅ និងផ្សេងៗទៀត។
ជាមួយគ្នានេះដែរ អ្នកជំនាញវ័យ ៣៥ឆ្នាំរូបនេះ ក៏ចង់ជំរុញឱ្យកសិករចិញ្ចឹមរុយជាលក្ខណៈខ្នាតតូចមួយសម្រាប់បម្រើឱ្យកសិកម្មផ្ទាល់ខ្លួន ពិសេសកសិករដែលមានសត្វចិញ្ចឹមដូចជាមាន់ ទាឬត្រីជាដើម។
លោកបញ្ជាក់ថា៖ «សម្រាប់កសិករដែលមានសត្វចិញ្ចឹម ខ្ញុំលើកទឹកចិត្តឱ្យចិញ្ចឹមរុយលក្ខណៈខ្នាតតូចមួយនៅផ្ទះ គាត់គួរចិញ្ចឹមព្រោះវាផ្ដល់ផលចំណីច្រើន រួមទាំងកាត់បន្ថយកាកសំណល់ពីដំណាំដែលហូរ បោះចោលដែរ៕ ដោយ៖ ស្រ៊ុន សិរី វឌ្ឍនៈ