ឯកឧត្តម ឌិត ទីណា ស្នើភាគីឆេក ពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសឆេក
ភ្នបំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងការបរទេសនៃសាធារណរដ្ឋឆេក កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការវិស័យជំនួញកសិកម្ម ដោយបានស្នើភាគីឆេកធ្វើការពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្មខ្មែរ ដូចជាផលិតផលវារីវប្បកម្ម និងផលិតផលផ្សេងទៀតដែលមានសក្តានុពល ទៅកាន់ទីផ្សារប្រទេសឆេក។
សម្រាប់ការអភិវឌ្ឍធនធាន ឯកឧត្តមរដ្ឋមន្ដ្រី បានស្នើឱ្យមានការបញ្ជូនគ្រូបណ្តុះបណ្តាលមកកម្ពុជាផ្ទាល់ ឬតាមរយៈកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ វគ្គបណ្តុះបណ្តាលខ្លី ដើម្បីផ្តល់និងពង្រឹងសមត្ថភាពនិងជំនាញពិតប្រាកដ ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ។
បើតាមឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកំពុងត្រូវការដៃគូវិនិយោគបន្ថែមទៀតក្នុងការជំរុញការនាំចេញផលិតផលកសិកម្ម ដើម្បីចូលរួមឆ្លើយតបនឹងបញ្ហាសន្តិសុខនិងសុវត្ថិភាពស្បៀងសាកលលោក។ ជាគោលនយោបាយ ក្រសួងផ្តោតអាទិភាពលើផលិតផលកសិកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងជំរុញការផលិតផលិតផលដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់ មានប្រសិទ្ធភាពសេដ្ឋកិច្ច និងគិតគូដល់និរន្តរភាពបរិស្ថាន Eco-Friendly ៕ ប្រភព ៖ ក្រសួងកសិកម្ម