ពង្រឹងការយល់ដឹងដល់អ្នកពាក់ព័ន្ធពីសុវត្ថិភាពបរិស្ថាន និងសង្គម
ភ្នំពេញ ៖ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមការងារសុវត្ថិភាពបរិស្ថាន និងសង្គម បានសហការជាមួយក្រុមការងាររដ្ឋបាល និងហិរញ្ញវត្ថុ នៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ហៅកាត់ថា (CSLEP) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី“ការធានាសុវត្ថិភាពបរិស្ថាន និងសង្គម” នៅទីស្តីការក្រសួងបរិស្ថាន មានរយៈពេលពេញមួយថ្ងៃ និងមានគោលបំណងបង្កើនការយល់ដឹងស្ដីពីក្របខណ្ឌសុវត្ថិភាព បរិស្ថាន និងសង្គម ការយល់ដឹងពីការកំណត់ទីតាំង និងការអនុវត្ដសកម្មភាព ប្រកបដោយការគិតគូពីសុវត្ថិភាពបរិស្ថាន និងសង្គម ដល់ក្រុមការងារជនបង្គោល តំណាងជនបង្គោល និងទីប្រឹក្សា អនុវត្ដគម្រោងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិខេត្ដគោលដៅ ដែលមានអ្នកចូលរួមសរុបចំនួន ៥៤នាក់ (ស្រី៨នាក់)។
បច្ចុប្បន្ននេះ គ្រប់សកម្មភាពអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានារបស់គម្រោង តែងតែគិតគូរពីកត្តាសុវត្ថិភាពបរិស្ថាន និងសង្គម ដោយមានការវិភាគ និងវាយតម្លៃជាមុនអំពីផលប៉ះពាល់ជាអវិជ្ជមានលើអ្នកពាក់ព័ន្ធ សហគមន៍ ស្រ្តី ជនជាតិដើមភាគតិចជាដើម ដូចជា ការបង្កឱ្យមានការរើសអើង រួមទាំងការប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ តំបន់អារក្សអ្នកតា ទ្រព្យសម្បត្តិ កម្មសិទ្ធិដីធ្លី ធនធានធម្មជាតិ ឬជីវៈចម្រុះ នៅតាមតំបន់ជាប់ពាក់ព័ន្ធ ។
គួរបញ្ចាក់ផងដែរថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងដឹកនាំការអនុវត្តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ដែលមានគោលបំណង ធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។
នាពេលបច្ចុប្បន្ន គម្រោងនេះ បាននឹងកំពុងជួយ គាំទ្រសហគមន៍តំបន់ការពារធម្មជាតិចំនួន ៣០ នៅក្នុងខេត្តគោលដៅទាំង ៧ រួមមាន៖ ខេត្តកោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ និងខេត្តសៀមរាប ៕
ប្រភព ៖ ក្រសួងបរិស្ថាន