ឯកឧត្ដម ទេព នីថា៖ ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ត្រូវបែងចែកជា៤ដំណាក់កាលសំខាន់ៗ
ភ្នំពេញ៖ ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងបញ្ជាក់ថា ផ្អែកតាមច្បាប់ស្តីពីការបោះឆ្នោតជាធរមាន និងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ត្រូវបែងចែកជា៤ ដំណាក់កាលសំខាន់ៗ រួមមាន៖
ទី១-ដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដើម្បីរៀបចំបញ្ជីបោះឆ្នោត សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ដំណើរការនេះត្រូវបានអនុវត្តតាំងពីខែតុលា ឆ្នាំ២០២២ និងបានបិទបញ្ចប់ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យ និងក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ និងសុវត្ថិភាពល្អ។
ទី២-ដំណាក់កាលនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។ ដំណើរការទទួលពាក្យសុំចុះបញ្ជីមានរយៈពេល ១៥ថ្ងៃ ចាប់ផ្តើមនៅថ្ងៃ ទី២៤ ខែមេសា និងបានបញ្ចប់កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ដែលមានគណបក្សនយោបាយដាក់ពាក្យសុំចុះបញ្ជីសរុបចំនួន២០ គណបក្ស។ ក្នុងនោះ គ.ជ.ប បានសម្រេចយល់ព្រមជាផ្លូវការចំនួន១៣គណបក្ស ដែលមានបេក្ខជនពេញសិទ្ធិសរុប ១.២២២ រូប (ស្រី្ត៣៥៦រូប) និងបេក្ខជនបម្រុងសរុប ១.៣៧២រូប (ស្រី្ត៤៨១រូប)។ បច្ចុប្បន្ន គ.ជ.ប បាននិងកំពុងដំណើរការពិនិត្យឯកសារ និងលក្ខខណ្ឌ ចុះបញ្ជីរបស់គណបក្សនយោបាយមួយចំនួនទៀត ស្របតាមការកំណត់នៃច្បាប់ស្តីពីការបោះឆ្នោត។
ទី៣-ដំណាក់កាលឃោសនាបោះឆ្នោត ដែលមានរយៈពេល២១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។
ទី៤-ដំណាក់កាលបោះឆ្នោត រាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផលនៃការបោះឆ្នោត។
ការបញ្ជាក់នេះ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល និងភ្នាក់ងារសន្តិសុខបោះឆ្នោតរយៈពេល៣ថ្ងៃ អំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
ឯកឧត្ដមបានមានប្រសាសន៍ថា គ្រប់ដំណាក់កាលនីមួយៗ អាចប្រព្រឹត្តទៅបានដោយជោគជ័យ មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ គឺអាស្រ័យដោយមានកិច្ចសហការពីយន្តការ រចនាសម្ព័ន្ធសន្តិសុខបោះឆ្នោ តគ្រប់លំដាប់ថ្នាក់ ជាពិសេសលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត និងការអនុវត្តតួនាទី និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍រាជធានី ខេត្តសម្រាប់ការបោះឆ្នោត អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច និងភ្នាក់ងារសន្តិសុខបោះឆ្នោតទាំងអស់។ ហេតុដូច្នេះហើយ ដើម្បីធានាប្រសិទ្ធភាពការងារនេះ ទើបតម្រូវឱ្យកម្លាំងមានសមត្ថកិច្ច និងភ្នាក់ងារសន្តិសុខបោះឆ្នោត មាន ការយល់ដឹងបានល្អច្បាស់លាស់ អំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត។
ឯកឧត្ដម ទេព នីថា បានលើកឡើងទៀតថា វគ្គបណ្តុះបណ្តាលលើកនេះមានលក្ខណៈពិសេស និងខុសប្លែកពីវគ្គបណ្តុះបណ្តាលមុនៗ ដោយលើកនេះលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត និង គ.ជ.ប បានសហការគ្នារៀបចំធ្វើការបណ្តុះបណ្តាលដល់គ្រូបង្គោល និងភ្នាក់ ងារសន្តិសុខបោះឆ្នោត ក្នុងជួរយន្តការរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតនៅថ្នាក់ជាតិ និងរាជធានី ខេត្ត ដើម្បីបន្តបណ្ដុះបណ្ដាលនៅតាមអង្គភាពពាក់ព័ន្ធ និងនៅតាមមូលដ្ឋាននៃរាជធានី ខេត្តនីមួយៗរៀងៗខ្លួន។
ឯកឧត្ដមអគ្គលេខាធិការ គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទំាំងអស់នឹងទទួលបាននូវចំណេះដឹង ព្រមទាំងបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីយកទៅអនុវត្តសម្រាប់យុទ្ធនាការការពារដំណើរការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣នេះ ឱ្យមានប្រសិទ្ធភាព និងទទួលបាននូវលទ្ធផលល្អប្រសើរ ក្នុងបរិយាសកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព គ្មានការបំភិតបំភ័យ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង៕
ដោយ៖ពលជ័យ
រូបភាព៖ គ.ជ.ប