ឯកឧត្តម ហ៊ុន ម៉ានិត៖ ការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត គឺជាការសម្រេចដ៏ត្រឹមត្រូវ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានិត បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺបានដាក់គោលដៅថែរក្សាការពារសុខសន្តិភាពជាចម្បង និងអាទិភាព។ ការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត គឺជាការសម្រេចដ៏ត្រឹមត្រូវ ហើយបងណែតជាថ្នាក់ដឹកនាំម្នាក់ដែលពោរពេញដោយសមត្ថភាព ទស្សនវិស័យ និងចក្ខុវិស័យច្បាស់លាស់ ប្រកបដោយសីលធម៌ សច្ចធម៌ គុណធម៌ និងព្រហ្មវិហារធម៌ ដើម្បីបន្តការដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍជឿនលឿន មានសុខសុវត្ថិភាព ស្ថិរភាព និងសន្តិភាពជានិរន្តន៍។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបុណ្យពុទ្ធាភិសេក សម្ពោធមហាកុដិ ក្លោងទ្វារ និងសមិទ្ធផលនានា និងចូលរួមពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះលេខាធិការអនុគណស្រុកចំការលើ ក្នុងវត្តមុនីសោភ័ណរង្សី (ហៅវត្តតាំងក្រង់) ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តម ហ៊ុន ម៉ានិត បានបន្តថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ពុទ្ធបរិស័ទ និងព្រះសង្ឃ បានចាប់ផ្តើមកសាងវត្តនេះឡើងវិញ និងបានកសាងសមិទ្ធផលជាបន្តបន្ទាប់។ ហើយនាថ្ងៃនេះ យើងបានចូលរួមសម្ពោធសមិទ្ធផលបន្ថែមទៀត រួមមានកុដិថ្ម ផ្លូវបេតុង ដាក់បង្គោលភ្លើង បន្ទប់អនាម័យ អណ្តូងទឹក ឃ្លាំង ក្លោងទ្វារ របង និងកសាងរូបសំណាកក្នុងវត្ត។

ឯកឧត្តម ហ៊ុន ម៉ានិត បានបញ្ជាក់ទៀតថា សុខសន្តិភាព បានបង្កបរិយាកាសឱ្យយើងជួបជុំគ្នាដោយរីករាយ មានពេលវេលា និងឱកាសចូលរួមអភិវឌ្ឍទាំងអាណាចក្រ និងពុទ្ធចក្រ។ វិស័យទាំងពីរនេះ បានដើរទន្ទឹមគ្នា មិនអាចកាត់ផ្តាច់ពីគ្នាបានទេ បើសង្គម និងប្រទេសជាតិ គ្មានស្ថិរភាព សុខសន្តិភាព និងការអភិវឌ្ឍ នោះផ្នែកពុទ្ធចក្រ ក៏មិនអាចរីកចម្រើន កសាងសមិទ្ធផលជាបន្តបន្ទាប់បានដែរ។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានិត បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្រុមការងារគណបក្ស ក្រុមការងារថ្នាក់ជាតិ និងមន្ត្រីគណបក្សនៅមូលដ្ឋាន ចំពោះកិច្ចខិតខំប្រឹងប្រែងបម្រើប្រជាជន អភិវឌ្ឍមូលដ្ឋានទាំងអាណាចក្រ និងពុទ្ធចក្រ និងដោះស្រាយបញ្ហាជូនប្រជាជន ឈរលើផលប្រយោជន៍រួម។ សូមកោតសរសើរព្រះចៅអធិការវត្តគ្រប់ជំនាន់ គណៈកម្មការចំណុះជើងវត្ត ខិតខំកសាង និងគៀងគរថវិកាពីពុទ្ធបរិស័ទ និងសប្បុរសជន ដើម្បីកសាងសមិទ្ធផលផ្សេង ចូលរួមអភិវឌ្ឍវិស័យពុទ្ធចក្រ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ានិត

ads banner