ក្រសួងសុខាភិបាល សម្រេចបិទមន្ទីរពេទ្យសម្រាកព្យាបាលចំនួនបី ដោយមូលហេតុពុំមានវេជ្ជបណ្ឌិតឈរឈ្មោះជាអ្នកទទួលខុសត្រូវ
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានសម្រេចបិទ និងដកហូតសេចក្តីសម្រេចឱ្យបើកមន្ទីរសម្រាកព្យាបាលចំនួនបីដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ដោយមូលហេតុមន្ទីរពេទ្យទាំងនេះពុំមានវេជ្ជបណ្ឌិតឈរឈ្មោះជាអ្នកទទួលខុសត្រូវ និងមិនបានធ្វើរបាយការណ៍អំពីសកម្មភាពព្យាបាលអ្នកជំងឺមកនាយកដ្ឋានជំនាញ។
សេចក្តីសម្រេចបិទនិងដកហូតសិទ្ធិដាច់ដោយឡែកពីគ្នា ប៉ុន្តែចុះកាលបរិច្ឆេទក្នុងថ្ងៃទី ១២ខែឧសភា ឆ្នាំ ២០២៣ ដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាលឯកឧត្តម ម៉ម ប៊ុនហេង បានឱ្យដឹងថា មន្ទីរសម្រាកព្យាបាលទាំង៣នោះរួមមាន មន្ទីរសម្រាកព្យាបាលមិត្តភាពមណ្ឌលនៃក្តីសង្ឃឹម មានទីតាំងស្ថិតនៅផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ ៧ មករា, មន្ទីរសម្រាកព្យាបាល មិត្តភាពចតុមុខ មានទីតាំងស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ចំណែកមន្ទីរសម្រាកព្យាបាល មិត្តភាពពោធិ៍ចិនតុង មានទីតាំងស្ថិតនៅផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ពីមូលហេតុដូចៗគ្នាថា៖«ដោយមូលហេតុ មន្ទីរសម្រាកព្យាបាលនេះពុំមានវេជ្ជបណ្ឌិត ឈរឈ្មោះជាអ្នកទទួលខុសត្រូវនិងអវត្តមានប្រចាំការនៅក្នុងមន្ទីរសំរាកព្យាបាល ព្រមទាំងមិនបានផ្ញើរបាយការណ៍អំពីសកម្មភាពព្យាបាលអ្នកជំងឺជាប្រចាំ មកនាយកដ្ឋានជំនាញនៃក្រសួងសុខាភិបាល»។
ប្រភពដដែលបន្តថា ទង្វើរបស់មន្ទីរពេទ្យឯកជនខាងលើនេះ សបញ្ជាក់ឱ្យឃើញថា ជាការមិនអនុវត្តតាមច្បាប់ស្តីពីការ គ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០០ និងប្រកាសលេខ ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១១ របស់ក្រសួងសុខាភិបាល ព្រមទាំងកិច្ចសន្យាធានាអះអាងពេលស្នើសុំបើកមន្ទីរសំរាកព្យាបាល។
ជាមួយគ្នានេះក្រសួងសុខាភិបាល បានសម្រេចនិរាករណ៍នូវសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល ដែលបានអនុញ្ញាតឱ្យមន្ទីរពេទ្យទាំងនោះបើកដំណើរការកន្លងមកផងដែរ។
សេចក្តីសម្រេចដដែលបន្ថែមថា អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ លោកស្រីវេជ្ជបណ្ឌិត លឹម គ្រុយ លោកវេជ្ជបណ្ឌិត ឡេង ឡុង និងលោក វេជ្ជបណ្ឌិត ឃុន រិទ្ធីយ៉ា មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ ទៅតាមភារកិច្ច
រៀងៗខ្លួនឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕ ដោយ៖ សុខ រក្សា