គ.ជ.ប បើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនិងភ្នាក់ងារសន្តិសុខបោះឆ្នោតសម្រាប់ការបោះឆ្នោតឆ្នាំ ២០២៣

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ)សហការគ្នាបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនិងភ្នាក់ងារសន្តិសុខបោះឆ្នោតរយៈពេលបីថ្ងៃ អំពីច្បាប់ស្តីពីការបោះឆ្នោត សម្រាប់ត្រៀមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

តាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ស្តីពីបិទបញ្ចប់វគ្គបណ្តុះបណ្តាលខាងលើនៅថ្ងៃទី ១២ ខែឧសភាឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានលើកឡើងថា វគ្គបណ្តុះបណ្តាលលើកនេះមានលក្ខណៈពិសេស និងខុសប្លែកពីវគ្គបណ្តុះបណ្តាលមុនៗ។ លោកបន្តថា៖«ដោយលើកនេះ លេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត និង គ.ជ.ប បានសហការគ្នារៀបចំធ្វើការបណ្តុះបណ្តាលដល់គ្រូបង្គោល និងភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងជួរយន្តការ រចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតនៅថ្នាក់ជាតិ និងរាជធានី-ខេត្ត ដើម្បីបន្តបណ្ដុះបណ្ដាលនៅតាមអង្គភាពពាក់ព័ន្ធ និងនៅតាមមូលដ្ឋាននៃរាជធានី ខេត្តនីមួយៗរៀងៗខ្លួន»។

ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទំាំងអស់នឹងទទួលបាននូវចំណេះដឹង ព្រមទាំងបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីយកទៅអនុវត្តសម្រាប់យុទ្ធនាការការពារដំណើរការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៧ឆ្នាំ២០២៣នេះ ឱ្យមានប្រសិទ្ធភាព និងទទួលបាននូវលទ្ធផលល្អប្រសើរ ក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព គ្មានការបំភិតបំភ័យ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល នៅថ្ងៃទី១០ ខែឧសភាឯកឧត្តម ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិថ្លែងថា ការបើកវគ្គបណ្តុះបណ្តាលបន្ទាន់ នេះគឺដើម្បីលើកកម្ពស់សមត្ថភាព បង្កើនចំណេះដឹងដល់កងកម្លាំងឯកភាពទាំងអស់ ដែលពាក់ព័ន្ធសម្រាប់បន្តផ្សព្វផ្សាយដល់កងកម្លាំងអនុវត្តច្បាប់ ជាពិសេសដល់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដែលដំណាក់កាល នៃការបោះឆ្នោតនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

ឯកឧត្តមបន្តថា ថ្វីដ្បិតតែពេលវេលាសម្រាប់យុទ្ធនាការការបោះឆ្នោតខ្លីក៏ពិតមែន ក៏ប៉ុន្តែនោះគឺជាចន្លោះពេលដែលមានការប្រកួតប្រជែងខាងផ្នែកនយោបាយ យ៉ាងក្តៅគគុគហើយអ្វីដែលផ្តោតសំខាន់ គឺគោលការណ៍ជារួមសម្រាប់ការពារបុគ្គល ការពារគណបក្ស ការពារបេក្ខជន ការពារអ្នកបោះឆ្នោត
មន្ត្រីរៀបចំការបោះឆ្នោត។ ល។ លោកបន្តថា៖« តែយើងក៏មានផែនការការពារផ្ទាល់ដូចជា ការដឹកជញ្ជូនឧបករណ៍សម្ភារសម្រាប់បម្រើឱ្យការងារបោះឆ្នោត គោលដៅរបស់ការិយាល័យគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត និងគណៈកម្មាធិការរៀបចំការបោះឆ្នោតរាជធានី-ខេត្ត ការិយាល័យបោះឆ្នោត ការដឹកជញ្ជូនសន្លឹកឆ្នោត ទីកន្លែងរក្សាទុកហឹបឆ្នោត សន្លឹកឆ្នោតជាដើម។

លោកថ្លែងថា «យើងបានបែងចែកភារកិច្ចទទួលខុសត្រូវរួចហើយ ក្នុងករណីមិនមានការចាំបាច់កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងកងយោធពលខេមរភូមិន្ទ គឺជាកម្លាំងត្រៀមអន្តរាគមន៍ សម្រាប់កងកម្លាំងនគរបាលជាតិ គឺជាកម្លាំងស្នូលការពារនៅតាមការិយាល័យបោះឆ្នោត។ ទន្ទឹមនោះមានគោលការណ៍ពីផែនការអន្តរស្ថានប័ន រវាងគ.ជ.ប ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យប្រើប្រាស់កម្លាំងប្រជាការពារជាកម្លាំងជំនួយ និងមានតួនាទីជាភ្នាក់ងារសន្តិសុខដើម្បីការពារការបោះឆ្នោត»។

លោកបានសង្កត់ធ្ងន់អំពីគោលបំណង នៃវគ្គបណ្តុះបណ្តាលគឺ ការពង្រឹងសន្តិភាពផ្លូវកាយ ធានានូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សម្រាប់សង្គមជាតិទាំងមូល ជាពិសេសការបង្កើតឱ្យបានបរិយាកាសល្អប្រសើរបម្រើឱ្យកិច្ចដំណើរការការបោះឆ្នោតទាំងមុន ក្នុងនិងក្រោយពេលបោះឆ្នោត។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលអំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោតនេះ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ ដែលមានសិក្ខាកាមចូលរួមមកពី ២៥ រាជធានី ខេត្ត សរុបប្រមាណ ១៨០នាក់៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner