ក្រសួងសុខាភិបាលបញ្ជាក់ជាថ្មីថា ការបិទមន្ទីរពេទ្យចំនួនបីក្នុងរាជធានីភ្នំពេញ ពុំមែនជាមន្ទីរពេទ្យរដ្ឋនោះទេ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងសុខាភិបាលធ្វើការបញ្ជាក់និងបំភ្លឺជូនដល់សាធារណជនថាការបិទមន្ទីរសម្រាកព្យាបាលនៅរាជធានីភ្នំពេញថ្មីៗនេះ គឺជាមន្ទីរពេទ្យឯកជនដែលអនុវត្តផ្ទុយពីច្បាប់ ពុំមែនបិទមន្ទីរពេទ្យរបស់រដ្ឋនោះទេ និងបានអំពាវនាវឱ្យមន្ទីរសម្រាកព្យាបាល ឬគ្លីនិកឯកជនទាំងអស់ ត្រូវពង្រឹងគុណភាពសេវាឱ្យបានល្អប្រសើរ។

សេចក្តីបំភ្លឺរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលឯកឧត្តម ម៉ម ប៊ុនហេង ចុះថ្ងៃទី១៣ខែឧសភា បានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ក្រសួងបានសម្រេចបិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកមន្ទីរ សម្រាកព្យាបាលដែលមានឈ្មោះដូចតទៅ៖ ១.មន្ទីរសម្រាកព្យាបាលមិត្តភាពមណ្ឌលនៃក្តីសង្ឃឹម,
២.មន្ទីរសម្រាកព្យាបាលមិត្តភាពចតុមុខ និង៣. មន្ទីរសម្រាកព្យាបាល មិត្តភាពពោធិ៍ចិនតុង។

ក្រសួងបញ្ជាក់ថា មន្ទីរសម្រាកព្យាបាលទាំងបីកន្លែងខាងលើនេះ មិនមែនជាមន្ទីរពេទ្យរបស់រដ្ឋដែលមានឈ្មោះ មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម [Sihanouk Hospital Center of Hope (SHCH)] នោះឡើយ។

សេចក្តីបំភ្លឺដដែលបន្តថា៖«សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាកុំភ័ន្តច្រឡំមន្ទីរសម្រាកព្យាបាលឯកជនទាំង ៣ ដែលក្រសួងបានបិទខាងលើនេះ ថាជាមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្ដីសង្ឈឹម ដែលជាមន្ទីរពេទ្យរដ្ឋកំពុងតែដំណើរការ»។

ជាមួយគ្នានេះឯកឧត្តម ម៉ម ប៊ុនហេង អំពាវនាវឱ្យមន្ទីរសម្រាកព្យាបាល ឬគ្លីនិកឯកជនទាំងអស់ ចូលរួមជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ក្នុងការពង្រឹងគុណភាពសេវា ការអនុវត្តបរិវត្តកម្មឌីជីថលសុខាភិបាល និងការអនុវត្តគោលការណ៍ប្រតិបត្តិ ព្រមទាំងច្បាប់ទម្លាប់ដែលមានជាធរមានឱ្យបានល្អប្រសើរ ដើម្បីជាគុណប្រយោជន៍ដល់ការលើកកម្ពស់សុខភាពប្រជាជនកម្ពុជាទូទៅ។

ប្រភពដដែលបន្តទៀតថា នាពេលកន្លងមកនេះ ក្រសួងបានខិតខំពង្រឹងការងារផ្តល់សេវាសុខាភិបាល ជាពិសេសផ្នែកឯកជននេះ ឱ្យបានសមស្របទៅនឹងនិយាមប្រតិបត្តិស្តង់ដារអប្បបរមា ដែលក្រសួងបានចេញផ្សព្វផ្សាយរួចហើយនៅដើមឆ្នាំ២០២៣នេះ ជាមួយនឹងការជំរុញឱ្យមានការអនុវត្តន៍សេចក្ដីណែនាំ និងច្បាប់ទម្លាប់នានាដែលមានជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

កន្លងមកនេះ ក្រសួងក៏ធ្លាប់បានបិទគ្លីនិកឯកជន មួយចំនួនដែលមិនគោរពតាមច្បាប់ទម្លាប់ ឬក៏បានប្រព្រឹត្តនូវទង្វើមិនសមស្របតាមគោលការណ៍បច្ចេកទេស ហើយក្រសួងនឹងបន្តធ្វើការត្រួតពិនិត្យបច្ចេកទេសនេះ តាមរយៈក្រុមការងារដែលបានបង្កើតឡើងរួចហើយ នៅតាម សេវាឯកជនផ្សេងៗទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពលរដ្ឋលើការបន្តការតាមដានសុខភាព ឬការស្វែងរកការពិនិត្យ ព្យាបាលជំងឺនោះ ក្រសួងក៏សូមបញ្ជាក់ជូនផងដែរថា នៅក្នុងកម្ពុជា មានមន្ទីរជាតិចំនួន ១២ កន្លែង មន្ទីរពេទ្យរាជធានី-ខេត្តចំនួន ២៥ មន្ទីរពេទ្យបង្អែកស្រុកចំនួន ៩៥កន្លែង មណ្ឌលសុខភាពចំនួន
១ ២៨៨ កន្លែង និងប៉ុស្តិ៍សុខភាពចំនួន ១២៥កន្លែង ដែលកំពុងបន្តផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជា ពលរដ្ឋនៅទូទាំងប្រទេស។ សម្រាប់បងប្អូនដែលមានបំណងទៅស្វែងរកការពិនិត្យ និងព្យាបាលសុខភាព ហើយមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យជាតិមួយចំនួន ក៏មានបម្រើសេវាពិនិត្យ និងព្យាបាលជំងឺទឹកនោមផ្អែម លើសឈាម បេះដូង សរសៃប្រសាទ និងជំងឺផ្សេងៗផងដែរ៕ ដោយ៖ សុខ រក្សា

ads banner