តុលាការខេត្តតាកែវ ឃុំខ្លួនជនសង្ស័យបួននាក់ពាក់ព័ន្ធជួញដូរគ្រឿងញៀនជិត៨០គីឡូ

អត្ថបទដោយ៖
CPA

តាកែវ៖ អយ្យការអមសាលាដំបូងខេត្តតាកែវនៅថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២៣ បានសម្រេចឃុំខ្លួនជនសង្ស័យជនសង្ស័យបួននាក់ ដាក់ពន្ធនាគារខេត្តបណ្តោះអាសន្ន ពាក់ព័ន្ធពីបទជួញដូរគ្រឿងញៀន បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួន និងដកហូតសារធាតុម្សៅផ្សំគីមីជិត៨០គីឡូ នៅស្រុកត្រាំកក់ ខេត្តតាកែវ និងរាជធានីភ្នំពេញ។

ក្នុងពេលបង្ហាញមុខជនសង្ស័យនិងវត្ថុតាងនៅថ្ងៃទី ១២ ខែឧសភា លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី០៩ ខែឧសភាកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) នៃក្រសួងមហាផ្ទៃ បានចុះបង្រ្កាបករណីគ្រឿង ដោយបានសហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបករណីជួញដូគ្រឿងញៀន នៅចំណុច ភូមិតាសូ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។

លោកបន្តថា ក្រោយពីប្រតិបត្តិការបង្រ្កាបការផលិតសារធាតុញឿនទ្រុងទ្រាយធំពីជនសង្ស័យបួននាក់ខាងលើនេះ កម្លាំងសមត្ថកិច្ចបានដកហូតបានវត្ថុតាងរួមមាន សារធាតុញៀនទម្ងន់ ១១៨.៦៤ក្រាម (មេតំហ្វេតាមីន) សារធាតុគីមីផ្សំ (មិនច្បាស់) ទម្ងន់ ៧៩,១៧៦ក្រាម (៧៩គីឡូ ១៧៦ក្រាម) និង រថយន្ត១គ្រឿង។

លោកបញ្ជាក់ទៀតថា ម្សៅផ្សំគីមីទាំង៧៩គីឡូក្រាមនេះ គឺជនសង្ស័យបាននាំយកមកផលិតចេញពីថ្នាំគ្រវី ហើយ ក្រោយការឃាត់ខ្លួនជនសង្ស័យបួននាក់ រួមនឹងវត្ថុតាង ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន និងបន្តស្រាវជ្រាវចាប់មេក្លោងនៅខាងក្រោយករណីនេះបន្ថែមទៀត ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តតាកែវ បង្ហាញថា ជនសង្ស័យបួននាក់ មាន ឈ្មោះ ទួន សាស្រា្ត ភេទប្រុស ឆ្នាំកំណើត ១៩៩៤ ជនជាតិខ្មែរ ឈ្មោះ ហ្វាង យ៉ាងណាម ភេទប្រុស ឆ្នាំកំណើត ១៩៧៩ ជនជាតិវៀតណាម ឈ្មោះ ចាន់ វាសនា ភេទប្រុស ឆ្នាំកំណើត ១៩៨៦ ជនជាតិខ្មែរ និងឈ្មោះ ផាន វណ្ណារ៉ា ភេទប្រុស ឆ្នាំកំណើត១៩៧៩ ជនជាតិខ្មែរ៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner