អង្គការមាតាធម្មជាតិ មានការព្រួយបារម្ភចំពោះខ្លឹមសារនៃសេចក្តីប្រកាសរបស់គណបក្សភ្លើងទៀន
ភ្នំពេញ៖ អង្គការមាតាធម្មជាតិ បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៤ ខែឧសភានេះថា ដោយមើលឃើញពីខ្លឹមសារនៃសេចក្ដីប្រកាសព័ត៍មានរបស់គណបក្សភ្លើងទៀន ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ មានចេតនាគំរាមកំហែងដល់គណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត ក៏ដូចជា រាជរដ្ឋាភិបាល គណបក្សភ្លើងទៀនថានឹងប្រមូលផ្តុំថ្នាក់ដឹកនាំ សមាជិក សកម្មជន និងអ្នកគាំទ្រគណបក្សភ្លើងទៀន នៅទូទាំងប្រទេសដើម្បីតស៊ូមតិដោយសន្តិវិធី ក្នុងករណីគណបក្សភ្លើងទៀនត្រូវបាន គ.ជ.ប បដិសេដនៃការចុះបញ្ជីគណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣។
អង្គការមាតាធម្មជាតិ បានបន្តថា សមាជិក និងបណ្តាញអង្គការមាតាធម្មជាតិ មានការព្រួយបារម្ភចំពោះខ្លឹមសារ នៃសេចក្តីប្រកាសព័ត៍មាននេះ ដែលអាចនឹងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់មានការភាន់ច្រឡំចំពោះ នីតិវិធី គ.ជ.ប បែរទៅជាចូលរួមការជួបជុំ តាមការសេចក្តីប្រកាស់ព័ត៍មាននេះ ដែលផ្ទុយពីគោលការណ៍នីតិរដ្ឋ។
អង្គការមាតាធម្មជាតិ បន្តទៀតថា យោងតាមសេចក្តីប្រកាសរបស់ គ.ជ.ប បានបញ្ជាក់ថា គណបក្សភ្លើងទៀន នៅមិនទាន់បានបំពេញលក្ខខណ្ឌ និងនីតិវិធីច្បាប់របស់ គ.ជ.ប នៅឡើយ ជាហេតុនាំឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសំរេចមិនចុះបញ្ជី គណបក្សភ្លើងទៀតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ ២០២៣។
អង្គការមាតាធម្មជាតិ ស្នើសុំឱ្យគណបក្សនយោបាយទាំងអស់ ចូលរួមអនុវត្តតាមនីតិវិធីឱ្យបានត្រឹម ត្រូវជៀសវាងការបង្កើតកំហុសតាមការចង់បានរបស់ខ្លួន និងនាំឱ្យអ្នកគាំទ្ររបស់ខ្លួនប្រឈមមុខនិងបញ្ហាផ្លូវច្បាប់ជាមួយរាជរដ្ឋាភិបាល។
ជាមួយគ្នានេះ អង្គការមាតាធម្មជាតិ សូមគាំទ្រចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចនាយករដ្ឋមន្ត្រី ស្នើឱ្យមានភាពស្ងប់ស្ងាត់នៅទូទាំងប្រទេស ដើម្បីចូលរួមរក្សារស្ថេរភាពសង្គម ស្របពេលដែលយើងកំពុងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍លើកទី៣២៕
ដោយ៖ពលជ័យ