គណបក្ស​​ប្រឆាំង​ធំ​ៗ​​​នាំ​មុខ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ថៃ​ ​

ថៃ៖ លទ្ធផល​បឋម​ក្រៅ​​ផ្លូវការ​របស់​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ថៃ (ECT)​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី១៥ ខែឧសភា​​បាន​បង្ហាញ​ថា​ គណបក្ស​ប្រឆាំង​ធំ​ៗ​ថៃ​រួម​មាន​គណបក្ស​​ Move Forward (MFP) ​​របស់​​លោក ភីតា​ លីមចារ៉នរ៉ាត​ និង​គណបក្ស​ភឿ​ថៃ របស់​​​លោក​ស្រី​ ផែតងតាន​ ស៊ីណាវ៉ាត់​ នាំ​មុខ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិជ្រើស​រើស​សភា​តំណាង​រាស្រ្ត​ ៥០០ រូប​ កាល​ពី​ថ្ងៃ​អាទិត្យទី១៤ ខែឧសភា​។

​ក្នុង​ចំណោម​​សន្លឹក​ឆ្នោត​ប្រមាណ​ជាង​ ៩៤ ភាគ​រយ ដែល​រាប់​រួច​​គណបក្ស​ MFP បាន​នាំ​មុខ​គេ​ដោយ​ទទួល​បាន​ការ​គាំទ្រ​ ១៥០ អាសនៈ​​​​ ខណៈ​គណបក្ស​ភឿថៃ​ បាន​ទទួល​ការ​គាំទ្រ​ ១៤២ អាសនៈ​។ គណបក្ស​ Bhumjaithai របស់​លោក​​​ឧបនាយក​រដ្ឋ​មន្រ្ដី​ថៃ​​ ​អនុទីន ​ចាន់វីរ៉ាក់គុល​ (Anutin Charnvirakul) ឈរ​នៅ​​លំដាប់​រៀង​ទី​៣​ ដោយ​ទទួល​បាន​ការ​គាំទ្រ​​ ៧០ អាសនៈ​។ ​

គណបក្ស​​និយម​យោធា​ ​ផាឡាង ​ប្រាចារ៉ាត​​ ​​(Palang Pracharat) របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ ប្រាវីដ វង្សស៊ូវុន ​និង​ជា​អតីត​បក្ស​របស់​លោក​នាយករដ្ឋ​មន្រ្តី​ ប្រាយុទ្ធ​ ចាន់​អូចា​ ទទួល​បាន​ការ​គាំទ្រ​​ ៤១ អាសនៈ ​ស្រប​ពេល​ដែល​​គណបក្ស​បក្ស​បង្កើត​ថ្មី​របស់​លោក​ ប្រាយុទ្ធ​ គឺ​បក្ស​ថៃ​រួប​រួម​ជាតិ​ ឈរ​នៅ​លំដាប់​រៀង​ទី​៥​ ដោយ​ទទួល​បាន​សំឡេងគាំទ្រ​ត្រឹម​តែ​ ៣៦ អាសនៈ​ប៉ុណ្ណោះ​។

ទោះ​​បី​ជា​គណបក្ស​ប្រឆាំង​ធំ​ៗរបស់​លោក​ ភីតា និង​លោក​ស្រី​ ផែតងតាន​​ ​នាំ​មុខ​គេ​ឆ្ងាយ​លើ​​​ការ​បោះ​ឆ្នោ​ត​ក៏​ដោយ​ ក៏​គណបក្ស​​ទាំង​២នេះ​​ត្រូវ​ការ​រួម​ដៃ​ជាមួយ​គ្នា​ និង​បង្កើត​សម្ព័ន្ធ​ភាព​ជាមួយ​គណបក្ស​តូច​ៗ​ផ្សេ​ង​ៗ​ទៀត​ ដើម្បី​​​បន្ត​បង្កើត​រដ្ឋាភិបាល​គ្រប់​គ្រង​ប្រទេស​។ ប៉ុន្តែ​​ឧបសគ្គ​គឺ​ថា​ ក្រោម​រដ្ឋធម្មនុញ្ញ​ដែល​​របប​សឹ​ក​បាន​កែប្រែ​​​ លោក​ ភីតា​ ដែល​នាំ​មុខ​គេ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​នេះ​ ត្រូវ​ការការ​​​​គាំទ្រ​យ៉ាង​តិច​​ ៣៧៦ សម្លេង​ពី​សមាជិក​សភា​ជាប់​ឆ្នោត​ និង​សមាជិក​ព្រឹទ្ធសភា​ ២៥០ នាក់​ ដើម្បី​ក្លាយ​ទៅ​ជា​នាយករដ្ឋ​មន្រ្តី​បន្ទាប់​របស់​ថៃ​ ខណៈ​សមាជិក​​ព្រឹទ្ធសភា​​ទាំង​អស់​សុទ្ធ​តែ​ជា​មនុស្ស​ដែល​ក្រុម​យោធា​ចាត់​តាំង​។

ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ​ ជាមួយ​នឹង​លទ្ធផល​ឆ្នោត​បឋម​សម្រេច​បាន​ហួស​ពី​ការ​រំពឹង​ទុក​ លោក​ ភីតា​ ដែល​មាន​វ័យ​ ៤២ ឆ្នាំ​ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ធ្វីតធ័រកាល​ពី​យប់​ថ្ងៃ​អាទិត្យ​ថា​ លោក​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុងការ​ធ្វើ​ជា​​មេដឹក​នាំ​បន្ទាប់​របស់​ថៃ​។

លោក​ ភីតា​ ដែល​​នៅ​តែ​អះ​អាង​ពី​ការ​បើក​ចំហរ​ធ្វើ​ការ​ជាមួយ​គណបក្ស​ភឿ​ថៃ​ បាន​សរសេរ​បន្ត​យ៉ាង​ដូច្នេះ​ថា​៖ «​​យើង​មាន​ក្តី​សុបិន​ និង​​ក្តី​សង្ឃឹម​ដូច​គ្នា​។ ​ហើយ​រួម​គ្នា ​យើង​​ជឿ​ថា​ប្រទេស​ថៃ​ជា​ទី​ស្រឡាញ់​របស់​យើ​ង​អាច​កាន់​តែ​ប្រសើរ​ឡើង​ ហើយ​ការ​ផ្លាស់​ប្តូរ​អាច​ធ្វើ​ទៅ​បាន​ប្រសិន​បើ​យើង​ចាប់​ផ្តើម​ធ្វើ​​នៅ​ថ្ងៃ​នេះ​»​។

ចំណែក​​ឯ​​​លោក​ស្រី​ ​ផែតងតាន​ វិញ​ បាន​​ផ្តល់​ការ​អបអរ​សាទរ​ដល់​គណបក្ស​ MFP ​ចំពោះភាព​​ជោគ​ជ័យ​ក្នុង​​ការ​បោះ​ឆ្នោត​​ ដោយ​និយាយ​ថា​ ​គណបក្ស​ដែល​ទទួល​បាន​សំឡេង​ច្រើន​ជាង​គេ​នឹង​អាច​ដឹក​នាំ​រដ្ឋាភិបាល​បន្ទាប់​។​ លោក​ស្រី​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ថា​៖ «​​​យើង​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បីនិយាយ​គ្នា​ជាមួយ​គណបក្ស​ MFP ​ប៉ុន្តែ​យើង​កំពុង​រង់​ចាំ​លទ្ធផល​ឆ្នោត​ផ្លូវ​ការ​​សិន​»​។​ លោក​ស្រី​បន្ត​ទៀត​ថា​៖ «​​​ខ្ញុំ​​សប្បាយ​​ចិត្ត​​សម្រាប់​​ពួក​​គេ​​។ ​យើង​អាច​ធ្វើ​ការ​ជាមួយ​គ្នា​»។

ងាក​ទៅ​លោក​ ប្រាយុទ្ធ​ ឯណោះ​វិញ​បើ​ទោះ​បី​ជា​បក្ស​របស់​លោក​ទទួល​បាន​សំឡេងគាំទ្រ​ខ្សោយ​ក្ដី​ នាយករដ្ឋ​មន្រ្តី​រូប​នេះ​ បាន​ឱ្យ​ដឹង​​ថា​ លោក​គោរព​ចំពោះ​លទ្ធផល​បោះ​ឆ្នោត​។ លោក​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ ទាំង​ថ្លែង​អំណរ​គុណ​ដល់​អ្នក​គាំទ្រ​របស់​លោក​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​៖ «​​ខ្ញុំ​​នឹង​​បន្ត​​បំពេញ​​កាតព្វកិច្ច​​របស់​​​ខ្ញុំ​​ឱ្យ​​អស់​​ពី​​សមត្ថភាព​​ក្នុង​​គ្រប់​​​សមត្ថភាព​​ ហើយ​លោកនឹង​បន្ត​បម្រើ​ជាតិ ​សាសនា ​និង​ព្រះ​មហាក្សត្រ​អស់​មួយ​ជីវិត​»​។​ នេះ​បើ​តាម​ការ​ស្រង់​សម្ដី​របស់​សារព័ត៌មាន​ថៃ​ Thai PBS។

លោក​ ប្រាយុទ្ធ បាន​​​​​ជូន​ពរ​ដល់​​ប្រទេស​ឱ្យ​​មាន​​សន្តិភាព​ និង​​សណ្តាប់​ធ្នាប់​ ហើយបន្ត​​​​ថ្លែង​​​យ៉ាង​ដូច្នេះ​ថា​​​៖​ «​​ខ្ញុំ​​​គោរព​​​​​​ដំណើរការ​​ប្រជាធិបតេយ្យ​ និង​​លទ្ធផល​​​នៃ​​ការ​​បោះ​ឆ្នោត​។

ជុំ​វិញ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ថៃ​នា​ពេល​នេះ​ អ្នក​​វិភាគ​នយោបាយ​បាន​ហៅ​វា​ថា​ជា​ការ​កក្រើក​នយោ​បា​យ​ ដែល​បង្ហាញ​ពី​ការ​ផ្លាស់​ប្ដូរ​យ៉ាង​សំខាន់​នៃ​ការ​គិត​របស់​សាធារណៈ​។ ​​​លោក​ Prajak Kongkirati ​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​មក​ពី​សាកលវិទ្យាល័យ​ Thammasat ​បាន​និយាយ​ប្រាប់​សារព័ត៌មាន​ BBC ថា​​៖ «​​​សំឡេង​ភាគ​ច្រើន​ឆ្លុះ​បញ្ចាំង​ពី​តម្រូវ​ការ​​​គេច​ចេញ​ពី​ របប​លោក ​ប្រាយុទ្ធ ​និង​ការ​ចង់​បាន​ការ​ផ្លាស់​ប្តូរ​»៕

ប្រែសម្រួល៖ហួន ឌីណា

ប្រភព​​​៖ Thailand election results: Opposition trounces military parties

Thailand elections: Voters deliver stunning win for reform  

ads banner