ទីបំផុតគណបក្សចលនាឆ្ពោះទៅមុខ ឈ្នះការបោះឆ្នោតសកលក្នុងប្រទេសថៃ

បាងកក៖ គណៈកម្មការរៀបចំការបោះឆ្នោតថៃ នៅថ្ងៃចន្ទនេះ បានបញ្ចប់ការរាប់សន្លឹកឆ្នោតជាស្ថាពរហើយ និងបានប្រកាសថា គណបក្សចលនាឆ្ពោះទៅមុខ (MFP) គឺជាអ្នកទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសកលនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។

ប្រធានគណៈកម្មការបោះឆ្នោតថៃ លោក អ៊ីតទីផន ប៊ូនប្រាខុង បាននិយាយថា គណបក្សចលនាឆ្ពោះទៅមុខឈ្នះបានអាសនៈសរុបចំនួន១៥១ ដែលជាចំនួនច្រើនលើសគេ តាមពីក្រោយដោយគណបក្សភឿថៃ១៤១អាសនៈ, គណបក្សភូមិចាយថៃ៧១អាសនៈ, គណបក្សប៉ាឡាងប្រាឆារ៉ាត៤០អាសនៈ ហើយគណបក្សថៃរួបរួមជាតិ៣៦អាសនៈ។

យ៉ាងណាមិញ លទ្ធផលនៃការបោះឆ្នោតនេះ មិនទាន់អាចសម្រេចបានថាតើនរណានឹងក្លាយជានាយករដ្ឋមន្ត្រី ឬក៏នរណាអាចនឹងបង្កើតរដ្ឋាភិបាលបាននៅឡើយទេ។ ការតែងតាំងនាយករដ្ឋមន្ត្រី ឬក៏ការបង្កើតរដ្ឋាភិបាលត្រូវធ្វើឡើងតាមរយៈរដ្ឋសភា និងព្រឹទ្ធសភា ដែលអាចនឹងប្រព្រឹត្តទៅនៅខែកក្កដាខាងមុខ ហើយត្រូវការសំឡេងគាំទ្រសរុបយ៉ាងហោច៣៧៦។

ដូច្នេះ គណបក្សប្រឆាំងត្រូវរកដៃគូក្រុមចម្រុះ រីឯគណបក្សគាំទ្រដោយយោធាក៏ត្រូវរកដៃគូបង្កើតក្រុមចម្រុះដូចគ្នាដែរ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ នៅព្រឹកថ្ងៃចន្ទនេះ មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក ភីថា លីមចារឿនរ៉ាត់ បាននិយាយថា គណបក្សរបស់គាត់នឹងបង្កើតរដ្ឋាភិបាលចម្រុះមួយជាមួយគណបក្សភឿថៃ និងគណបក្សប្រឆាំងដទៃទៀត ហើយនឹងមិនចូលរួមជាមួយគណបក្សគាំទ្រដោយយោធាថៃនោះឡើយ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner