ខេត្តអេហ៊ិម៉ិ ជប៉ុន ផ្តល់រថយន្តពេទ្យ ត្រាក់ទ័រ និងរថយន្តពន្លត់អគ្គិភ័យ ជូនដល់អាជ្ញាធរខេត្តបាត់ដំបង តាមរយៈស្ថានទូតជប៉ុន ប្រចាំកម្ពុជា
ខេត្តបាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានទទួលជួពិភាក្សាការងារ ជាមួយឯកឧត្តម ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ។
ឯកឧត្តម អាត្ស៊ូស្ហ៊ី អ៊ុអ៊ិណូ(Atsushi UENO)ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា គឺក្នុងគោលបំណងផ្តោតសំខាន់ នៃ កិច្ចពិភាក្សា អំពីវឌ្ឍនភាពរីកចម្រើនការងារមួយចំនួនរវាងប្រជាជន និងរាជរដ្ឋាភិបាលនៃប្រទេសទាំង២(កម្ពុជា-ជប៉ុន) និងជាពិសេសផ្តោតនូវការរឹតចំណងមិត្តភាពរវាងខេត្តបាត់ដំបង នៃ ព្រះរាជាណាចក្រកម្ពុជា និងខេត្តអេហ៊ិម៉ិ នៃប្រទេសជប៉ុន ឱ្យកាន់តែរឹងមាំបន្ថែមទៀតផងដែរ។
តាមរយៈនៃកិច្ចជំនួបនេះផងដែររដ្ឋបាលខេត្តបាត់ដំបង ក៏បានរៀបចំនូវពិធីប្រគល់-ទទួលរថយន្តគិលានសង្រ្គោះចំនួន៣គ្រឿង រថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿងនិងត្រាក់ទ័រចំនួន០២គ្រឿង ដែលជាអំណោយរបស់ប្រជាជននិងអាជ្ញាធរនៃខេត្តអិហិមិ ប្រទេសជប៉ុន។ភាគីនៃម្ចាស់ជំនួយនិងភាគីទទួលជំនួយ បានចាត់ទុកការផ្តល់នូវជំនួយទាំងនេះ ជូនដល់រដ្ឋបាលខេត្តបាត់ដំបង គឺជាសប្បុរសធម៌មនុស្សធម៌មួយដ៏មានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជា ក្នុងការរួមចំណែកនូវក្នុងកិច្ចការងារសង្រ្គោះបន្ទាន់ក្នុងខេត្តបាត់ដំបង ឱ្យកាន់តែល្អប្រសើរថែមទៀត។
ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាលជប៉ុន ដល់អាជ្ញាធរខេត្តអិហិមិនិងប្រជាជននៃប្រទេសជប៉ុន ដែលជានិច្ចជាកាលបានជួយដល់កម្ពុជា ជាពិសេស ខេត្តបាត់ដំបង តាមរយៈគម្រោងអភិវឌ្ឍន៍ក្នុងខេត្តនិងការងារមនុស្សធម៌ជាច្រើនដល់ខេត្ត។និងដោយឡែក ខេត្តអេហ៊ិម៉ិជប៉ុន ក៏ជាខេត្តចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តបាត់ដំបង ហើយដែលបានប្រគល់នូវរថយន្តគិលានសង្រ្គោះ រថយន្តពន្លត់អគ្គិភ័យ និងត្រាក់ទ័រ ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ដែលនេះគឺជាផ្នែកមួយ ក្នុងការរួមចំណែកពង្រឹងដល់ការដឹកជញ្ជូននិងសង្រ្គោះបឋមជនរងគ្រោះនិងអ្នកជំងឺនៅក្នុងខេត្ត បានកាន់តែងាយស្រួល និងប្រសើរជាងមុនមួយកម្រិតទៀត។ព្រមទាំងបានរួមចំណែកក្នុងការលើកស្ទួយ ដល់វិស័យកសិកម្មក្នុងខេត្តផងដែរ ៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )