គណបក្សកម្លាំងប្រជាធិបតេយ្យ គាំទ្រការបដិសេធចំពោះការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន
ភ្នំពេញ៖ នៅក្នុងញ្ញត្តិគាំទ្ររបស់គណបក្សកម្លាំងប្រជាធិបតេយ្យ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្នុងនាមខ្ញុំថ្នាក់ដឹកនាំគណបក្សកម្លាំងប្រជាធិបតេយ្យ ព្រមទាំងសមាជិក សមាជិកា សូមធ្វើការប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានចេញសេចក្តីសម្រេចបដិសេធទាំងស្រុង ចំពោះការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន ក្រោយមិនបំពេញគ្រប់លក្ខខណ្ឌនៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នកំពូលមានចែងក្នុង រដ្ឋធម្មនុញ្ញ ស្ថាប័នបច្ចេកទេស និងអនុវត្តច្បាប់ និងមិនមែនជាស្ថាប័ននយោបាយទេ។
គណបក្សកម្លាំងប្រជាធិបតេយ្យ សូមគាំទ្រចំពោះសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលប្រកបទៅដោយតម្លាភាព និងភាពសុក្រិតយុត្តិធម៌ សម្រាប់គណបក្សទាំងអស់ដែលបានចូលរួមចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
តាងនាមថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា នៃគណបក្សកម្លាំងប្រជាធិតេយ្យ សូមប្ដេជ្ញាការពារឱ្យបានរឹងមាំជាអមតៈ នូវសន្តិភាព ស្ថិរភាពសង្គម លទ្ធិប្រជាធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងគោរពទៅតាមលក្ខខណ្ឌគោលការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជានិច្ច៕
![](https://asset.ams.com.kh/central/media/2023/05/photo_2023-05-15_18-36-06-722x1024.jpg)