កម្ពុជាដណ្ដើមបានមេដាយមាស១ និង សំរិទ្ធ១ ក្នុងថ្ងៃទី២ នៃការប្រកួតកីឡាប្រណាំងទូកប្រពៃណី ព្រឹត្តិការស៊ីហ្គេម ឆ្នាំ២០២៣
ខេត្តកំពត ៖ នៅថ្ងៃទី២ នៃការប្រណាំងទូកប្រពៃណី ក្នុងព្រឹត្តិការស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលបានធ្វើឡើង នៅដងព្រែកកំពត ក្នុងខេត្តកំពត អត្តពលិកប្រណាំងទូក កម្ពុជាដណ្ដើមបានមេដាយចំនួន ២គ្រឿងបន្ថែមទៀតជូនកម្ពុជា ក្នុងនោះមានមេដាយមាស ១គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង បន្ទាប់ពីថ្ងៃទី១ដែលដណ្ដើមបានមេដាយ ប្រាក់ ២គ្រឿង និង សំរិទ្ធ ២គ្រឿង ។
សម្រាប់ មេដាយមាសរបស់កម្ពុជា ដណ្ដើមបានលើវិញ្ញាសា ទូកផ្កាចារ បុរស ចំណុះ ៥នាក់ ចម្ងាយ ៥០០ម៉ែត្រ និង មេដាយសំរិទ្ធ លើវិញ្ញាសា ចម្រុះបុរសនារី ចំណុះ ១២នាក់ ចម្ងាយ ៥០០ម៉ែត្រ ។
ក្រោយទទួលបានជ័យជំនះ កីឡាករ អ៊ុក ម៉ាធែល តំណាងក្រុមកម្ពុជា មានចំណាប់អារម្មណ៍ថា រូបគេមានទឹកចិត្តរីករាយជាពន់ពេក ចំពោះការដណ្ដើមបានមេដាយមាសក្នុងការប្រកួតនាពេលនេះ ដែលនេះគឺជាកិត្តិយសយ៉ាងធំធេងសម្រាប់ ក្រុមកីឡាប្រណាំងទូកកម្ពុជា ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ។ កីឡាកររូបនេះបញ្ជាក់ថាលទ្ធផលនេះ គឺកើតចេញ ពីការខិតខំប្រឹងប្រែងហ្វឹកហាត់អស់រយៈពេល២ឆ្នាំ ដោយមានការជំរុញ និង លើកទឹកចិត្ត ពីគ្រូបង្វឹក ក្រុមគ្រួសារ ព្រមទាំងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំសហព័ន្ធ ពីសម្ដេចក្រឡាហោម ស ខេង ប្រធានសហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា ដែលតែងទំនុកបម្រុងគ្រប់បែបយ៉ាងទាំងស្មារតី សម្ភារៈមធ្យោបាយ និង ថវិកា ដល់ក្រុមកីឡាកររបស់យើង ជាពិសេសទៀតនោះគឺ អរគុណដល់សម្ដេចតេជោ ដែលបានទទួលរៀបចំស៊ីហ្គេមនៅកម្ពុជា ជម្រុញនិង លើកទឹចិត្ត ឲ្យពួកគេដណ្ដើមបានមេដាយមាសនាពេលនេះ ។
កីឡាករតំណាងក្រុមមេដាយមាសកម្ពុជា អ៊ុក ម៉ាធែល បានចាត់ទុកថាការដណ្ដើមបានមេដាយមាសនាពេលនេះ គឺជាការ លើកទឹកចិត្តយ៉ាងសំខាន់ដល់អត្តពលិកប្រណាំងទូកកម្ពុជា ហើយសម្រាប់ ការប្រកួតថ្ងៃចុងក្រោយ នៅថ្ងៃទី១៦ ខែឧសភានេះ ក្រុមកម្ពុជា សូមប្ដេជ្ញាថា នឹងខិតខំប្រឹងប្រែងឲ្យបានខ្លាំងក្លាបំផុត ដើម្បីដណ្ដើមឲ្យបានមេដាយបន្ថែមទៀតមកជូនជាតិ។
លោក ស្រ៊ុន លាង គ្រូបង្វឹកក្រុមជំរើសជាតិកីឡាប្រណាំងទូកកម្ពុជាមានប្រសាសន៍ថា នៅក្នុងថ្ងៃទី២នេះកម្ពុជាធ្វើបានល្អណាស់ ដោយដណ្ដើមបានមេដាយមាស១និង សំរិទ្ធ១ មេដាយមាសនេះហើយដែលជាគោលដៅរបស់យើង ដែលយើងចង់បាន។
លោក បានបន្ដថា លទ្ធផលនេះគឺមិនអាចកាត់ផ្ដាច់បានពីការយកចិត្តទុកដាក់ជ្រុំជ្រែង ជម្រុញនិង លើកទឹកចិត្ត ពីថ្នាក់ដឹកនាំសហព័ន្ធ ពិសេសពីសម្ដេចក្រឡាហោមស ខេង ប្រធានសហព័ន្ធកីឡាទូកកានូ និង អ៊ីងកម្ពុជា ដោយលោកបានផ្ដាំផ្ញើឲ្យរៀបចំដល់កីឡាករយើង ហូបឲ្យឆ្ងាញ់ សម្រាន្ដឲ្យលក់ សម្រាប់ការប្រកួតដើម្បីទទួលបានលទ្ធផលល្អ ដែលយើងសង្ឃឹមថាទទួលបានមេដាយមាស ឥឡូវនេះយើងទទួលបានមេដាយមាសមែន។
សូមម្រាបជូនថា គិតត្រឹមថ្ងៃទី២ នៃការប្រណាំងទូក ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ក្រុមអត្តពលិកទូកកម្ពុជា ដណ្ដើមបានមេដាយចំនួន ៦គ្រឿង មានមេដាយ មាស ១គ្រឿង ប្រាក់ ២គ្រឿង និង សំរិទ្ធ ៣គ្រឿង ហើយនៅថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ដែលជាថ្ងៃប្រកួតចុងក្រោយ នៅមានវិញ្ញាសា ៤ទៀត កម្ពុជាត្រូវធ្វើការប្រកួត ដែលក្នុងចំណោមវិញ្ញាសាទាំងនោះ រំពឹងថាអត្តពលិកកម្ពុជា នឹងដណ្ដើមបានមេដាយបន្ថែមទៀតជូនជាតិ ៕ អត្ថបទ ៖ ជាវ ចន្ធូ

