សាធារណរដ្ឋឆែក នឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ភ្នំពេញ ៖ សាធារណរដ្ឋ ឆែក បានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា លើការកសាងធនធានមនុស្សឲ្យកាន់តែមានសមត្ថភាពខ្ពស់ និងមានជំនាញវិជ្ជាជីវៈ ដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា ។

ការបង្ហាញជំហរ របស់ សាធារណរដ្ឋឆែកនេះធ្វើឡើងក្នុងពេលជួបពិភាក្សារវាង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Petr Gandalovic ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការផ្នែកអភិវឌ្ឍ និងជំនួយមនុស្សធម៌ តំណាងក្រសួងការបរទេសនៃសាធារណរដ្ឋឆែក និង ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតឆែកប្រចាំនៅកម្ពុជា នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ ។

ក្នុងជំនួបពិភាក្សាការងារនេះដែរបានផ្តោតសំខាន់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការរយៈពេល ៥ឆ្នាំកន្លងមក (២០១៨-២០២៣) និងកំណត់ទិសដៅអាទិភាពសម្រាប់រយៈពេល ៥ឆ្នាំបន្ទាប់ ដោយចាប់ផ្ដើមពីឆ្នាំ២០២៤ ជាពិសេសការបន្ដគាំទ្រលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងរយៈពេលនៃកិច្ចសហប្រតិបត្តិការ៥ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏មានកិច្ចសហប្រតិបត្តិការជាមួយអង្គការភីន (People In Need) ដែលជាអង្គការមិនមែនរដ្ឋាភិបាល និងមិនរកប្រាក់ចំណេញនៃប្រទេសឆែក ដែលអនុវត្តលើគម្រោងជំនួយមនុស្សធម៌ គម្រោងអភិវឌ្ឍន៍រយៈពេលវែង កម្មវិធីអប់រំ និងបានចូលមកកម្ពុជាពីឆ្នាំ២០០៨ ។

ឯកឧត្តម បន្ថែមថា ស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នមានការអភិវឌ្ឍរីកចម្រើនលឿន ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ទៅលើការបណ្តុះបណ្ដាលជំនាញសំខាន់ៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលអនាគត។ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍជំនាញដល់យុវជនគ្រួសារក្រីក្រប្រមាណ១លាន៥សែននាក់ (ស្មើនឹង១៥%នៃកម្លាំងពលកម្មសរុប) តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលពិសេស ដែលកម្មវិធីនេះគឺជាចំណុចអាទិភាពខ្ពស់មួយដែលក្រសួងការងារកំពុងផ្តោតសំខាន់។

ឯកឧត្តម Petr Gandalovic បានថ្លែងថា កន្លងមក សាធារណរដ្ឋឆែកតែងតែបានផ្តល់ការគាំទ្រទៅលើការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែដើម្បីឱ្យកិច្ចសហប្រតិបត្តិការកាន់តែមានប្រសិទ្ធិភាពទៀតនោះ ភាគីទាំងពីរគួរពិភាក្សាទៅលើការរៀបចំកម្មវិធីសិក្សារបស់ TVET ផងដែរ ពិសេសទៅលើមុខវិជ្ជាជំនាញដែលនឹងមានសក្តានុពលទៅថ្ងៃអនាគត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដូចជា ផ្នែកកែច្នៃផលិតផលកសិកម្មជាដើម។

ឯកឧត្តម Petr Gandalovic បន្តថា ការកែច្នៃម្ហូបអាហារនេះ គឺជាផ្នែកមួយដែលសាធារណរដ្ឋឆែកមានបទពិសោធន៍ជាយូរណាស់មកហើយ លើសពីនេះឆែកក៏មានប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដែលមានការអភិវឌ្ឍឈានមុខគេមួយ ហើយនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានេះ សាធារណរដ្ឋឆែកអាចផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជាទៅធ្វើទស្សនកិច្ចសិក្សានៅឆែក ក៏ដូចជាការផ្តល់ការបណ្តុះបណ្តាលដល់គ្រូបង្រៀនផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានឯកភាពទៅលើការលើកឡើងរបស់ ឯកឧត្តម Petr Gandalovic ហើយបានលើកឡើងថា កម្ពុជាក៏បានរៀបចំផែនទីបង្ហាញផ្លូវអភិវឌ្ឍជំនាញដល់ឆ្នាំ២០៣៥ ដើម្បីកំណត់គោលដៅជំនាញសំខាន់ៗដែលត្រូវអភិវឌ្ឍផងដែរ។

ចំពោះការការដាក់ឱ្យមានការរៀបចំវគ្គបណ្តុះបណ្តាលផ្នែកកែច្នៃផលិតផលកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្វាគមន៍ផងដែរ ដោយកម្មវិធីនេះនឹងបន្តគាំទ្រទៅលើគោលនយោបាយកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ជាច្រើន ដូចជា គោលនយោបាយនាំចេញអង្ករ ដែលបានដាក់គោលដៅនាំចេញ ១លានតោន គោលនយោបាយកែច្នៃ និងនាំចេញដំឡូងមី និងគោលនយោបាយកែច្នៃគ្រាប់ស្វាយចន្ទី ដែលសព្វថ្ងៃនេះកម្ពុជាគឺជាអ្នកនាំចេញគ្រាប់ស្វាយចន្ទីធំជាងគេផងដែរ។

គួរបញ្ជាក់ថាភាគីទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការកន្លងមក ហើយបានប្តេជ្ញាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតទៅលើការកសាងធនធានមនុស្សឲ្យកាន់តែមានសមត្ថភាពខ្ពស់ មានជំនាញវិជ្ជាជីវ: ដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងបរិបទនៃការរីកចម្រើនសេដ្ឋកិច្ច និងបច្ចេកវិទ្យា ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner