អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ច្បាប់អត់មានចែងថាការបោះឆ្នោតមួយប្រព្រឹត្តទៅលុះត្រាតែមានគណបក្សនេះ គណបក្សនោះចូលរួមទេ អវត្តមានគណ បក្សណាមួយមិនប៉ះពាល់ដល់ដំណើរការបោះឆ្នោតទេ
ភ្នំពេញ ៖ បន្ទាប់ពីវិលត្រឡប់មកដល់ប្រទេសកម្ពុជា វិញដោយសុវត្ថិភាព ឯកឧត្ដម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានធ្វើសន្និសីទសារព័ត៌មានជាមួយអ្នកសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ដីពីលទ្ធផលនៃការសង្កេតការណ៍បោះឆ្នោតអន្តរជាតិ (EOP) សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣ ក្នុងប្រទេសថៃ នៅល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញ ។

គណបក្សភ្លើងទៀននៅមានពេល ៥ថ្ងៃប្តឹងតវ៉ា ទៅក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់ ពីទទួលបានលិខិតបដិសេធរបស់គ.ជ.ប សាម៉ីគណបក្ស អាចបន្តធ្វើការតវ៉ាប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ មិនឲ្យលើសពី៥ថ្ងៃ បន្ទាប់ពីគ.ជ.បចេញលិខិត បដិសេធ ។ ក្នុងរយៈពេល ១០ថ្ងៃក្រុមប្រឹក្សា ធម្មនុញ្ញ បន្ទាប់ពីទទួលបានបណ្តឹង ត្រូវឆ្លើយតបទៅសាម៉ីគណបក្សនោះវិញ ។

នេះជាប្រសាស៍ ឯកឧត្តម ហង់ ពុទ្ធា សមាជិក គ.ជ.ប និងជាអ្នកនាំពាក្យកាលពីយប់ថ្ងៃទី១៥ ខែឧសភា បន្ទាប់ពីវិលត្រឡប់ មកពីចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅប្រទេសថៃ ។
ឯកឧត្តម ហង់ ពុទ្ធា បញ្ជាក់ទៀតថា៖ “គ.ជ.ប ត្រូវអនុវត្តទៅតាមច្បាប់ជាធរមាន គ.ជ.ប មិនវង្វេងទេ ។ នៅពេលដែលមិនទទួលបានឯកសារត្រឹមត្រូវគ្រប់ជ្រុងជ្រោយ គឺគ.ជ.ប បដិសេធ “។ អ្នកនាំពាក្យគ.ជ.បបានបញ្ជាក់ទៀតថា៖ច្បាប់អត់មានចែងថាការបោះឆ្នោតមួយប្រព្រឹត្តទៅលុះត្រាតែមានគណបក្សនេះ គណបក្សនោះចូលរួមទេ អវត្តមានគណបក្សណាមួយមិនប៉ះពាល់ដល់ដំណើរបោះឆ្នោតទេ ៕


ដោយ-រ៉ាវុធ