សម្រាប់ការផ្តួចផ្តើមរបស់ IRRI (អ៊ីរី) អំពីពូជស្រូវមានជាតិស្ករទាបនៅកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី កសិកម្ម បានណែនាំឱ្យសិក្សាវិភាគ ទាំងការងារស្រាវជ្រាវពូជស្រូវ និងការអភិវឌ្ឍទីផ្សារ
ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត ជុងស៊ូ ស៊ីននាយកប្រចាំតំបន់អាស៊ីរបស់ IRRI (អ៊ីរី)នៅទីស្តីការក្រសួងកសិកម្ម ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អរវាង IRRI និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិសេសកិច្ចការស្រាវជ្រាវអំពីពូជស្រូវ ស្របតាមគោលនយោបាយរបស់ក្រសួង។

សម្រាប់ការផ្តួចផ្តើមរបស់ IRRI (អ៊ីរី) អំពីពូជស្រូវមានជាតិស្ករទាបនៅកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ IRRI ឱ្យសហការជាមួយ CARDI និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ហើយត្រូវសិក្សាវិភាគដោយត្រូវយកចិត្តទុកដាក់ទាំងការងារស្រាវជ្រាវពូជស្រូវ និងការអភិវឌ្ឍទីផ្សារ។ លើសពីនេះទៀត ត្រូវផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ដែលជាទម្រង់នៃភាពជោគជ័យប្រកបដោយនិរន្តរភាព ពេលគម្រោងបិទបញ្ចប់។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា គម្រោងទាំងអស់ត្រូវគិតគូរលើសុខភាពប្រជាពលរដ្ឋ សុវត្ថិភាពសង្គម ធ្វើឱ្យកសិករមានចំណូលមានស្ថិរភាពសេដ្ឋកិច្ច និងនិរន្តរភាព៕

ប្រភព៖ក្រសួងកសិកម្ម