ក្រសួងសុខាភិបាលនិងស្ថានទូតចិនបំពាក់គ្រឿងឥស្សរិយយស ជូនក្រុមគ្រូពេទ្យវេជ្ជសាស្ត្របូរាណចិនប្រចាំមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ

ភ្នំពេញ៖​ ក្រសួងសុខាភិបាល និងស្ថានទូតចិនប្រចាំកម្ពុជា​ បាន​បំពាក់គ្រឿងឥស្សរិយយស ជូនក្រុមគ្រូពេទ្យវេជ្ជសាស្ត្របូរាណចិនចំនួន១៧រូប ប្រចាំមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិកា​ររវាងប្រទេសទាំងពីរដែលកំពុងតែអនុវត្ត «ផែនការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន»។

បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ពិធីនេះធ្វើឡើង​កាលពី​ថ្ងៃទី១៥ ខែឧសភាឆ្នាំ ២០២៣ ​ដោយ​មានការចូលរួមពី​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា​។

​ឯកឧត្តម ម៉ម ប៊ុនហេង បានលើកឡើងថា ស្ថិតក្រោមការប្ដេជ្ញាចិត្តដ៏មុតមាំរបស់មេដឹកនាំ​កំពូលនៃ​ប្រទេសទាំ​​ងពីរ​ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេស​ត្រូវបានបង្កើ​នឡើងជាលំដាប់ និងឈានដល់កម្រិតកំពូលគឺ កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកំពុងតែ​អនុវត្ត ផែនការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។

បើតាម​ឯកឧត្តម ម៉ម ប៊ុនហេង​ ការ​អនុវត្ត «ផែនការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន» គម្រោងជំនួយឥតសំណងជាច្រើនត្រូវ​បាន​ផ្តល់ជូន​កម្ពុជា ក្នុងនោះរួមមាន ការជួយដលើ​មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ, ការផ្តល់រថយន្តសង្គ្រោះបន្ទាន់ចំនួន ២០០គ្រឿង,​ការផ្ដល់គ្លីនិកចល័តចំនួន ៤០គ្រឿង និងឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ ផ្សេងៗជាច្រើនទៀត។

លោកបានបន្តថា ​ក្នុងអំឡុងពេល​នៃ​ការរីករាលដាលជំងឺកូវីដ១៩ សាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់ជំ​នួយសង្គ្រោះបន្ទាន់ដើម្បីការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនេះ​ ដោយបានបញ្ចូនអ្នកជំនាញកា​រមកពីតំបន់ស្វយ័តខេត្តក្វាងស៊ីចំនួន ៧រូប ដើម្បីផ្ដល់ជំនួយបច្ចេកទេសដល់មន្ត្រីសុខាភិបាលកម្ពុជា ក្នុងការរៀបចំឯកសារតម្រូវការផ្សេងៗ ផ្តល់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រសម្រាប់បម្រើឲ្យការងារការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូរីដ១៩​ផងដែរ។

នាឱកាសនោះដែរ ​ឯកឧត្តម វ៉ាង វិនធៀន ​ក៏​បានលើកឡើងថា ឆ្នាំ២០២៣នេះ ​ជាខួបអនុស្សាវរីយ៍លើកទៅទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន-កម្ពុជា និងជាឆ្នាំមិត្តភាពចិន-កម្ពុជា ភាគីចិនរីករាយសហការជាមួយកម្ពុជា ​លើការ​លើកកម្ពស់កិច្ចសហប្រតិបត្តិការទំានាក់ទំនង នៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ដូចជាការបង្ការ និងព្យាបាលជំងឺឆ្លង និង​ឱសថបុរាណជាដើម។

លោកបានថ្លែងថា ៖ «យើងនឹងមានបណ្តុះបណ្តាលធនធានមនុស្សផ្នែកសុខាភិបាល ពង្រឹងការសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យសុខាភិបាលក្រោមក្របខណ្ឌពហុភាគីចិន-អាស៊ាន ជំរុញការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជា និងសហគមន៍សុខាភិបាលរួម ចិន-កម្ពុជា ឱ្យទទួលបានលទ្ធផលផ្លែផ្កាថ្មី រួមចំណែកកាន់តែធំធេង ក្នុងការផ្តល់អត្ថប្រយោជន៍ជូនដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ចិន-កម្ពុជា»។​

ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ លោក តាន់ សុគន្ធ បាន​ឱ្យដឹងថា​​ ក្រុមគ្រូពេទ្យឯកទេសឱសថបូរាណចិន បានចាប់ផ្ដើមសហការជាមួយមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈតាំងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ដែលស្របគ្នាជាមួយមន្ទីរពេទ្យនេះបានបើកជាផ្លូវការផងដែរ។ ​​​

បើតាម​លោក តាន់ សុគន្ធ ក្នុងភាពជាដៃគូរអភិវឌ្ឍន៍ក្រុមគ្រូពេទ្យឯកទេសឱសថបុរាណចិនបានផ្តល់នូវសេវាកម្ម សហការ​ក្នុងការពិនិត្យ ពិគ្រោះ និងព្យាបាល​អ្នកជំងឺគ្រប់ប្រភេទ ​រួមនឹងការ​បណ្តុះបណ្តាល​បំប៉នវេជ្ជសាស្ត្របុរាណចំនួន​ ៨ វគ្គ ក្នុងឆ្នាំ ២០២២ និងមានផែនការបណ្ដុះបណ្ដាល ១១ វគ្គទៀត ក្នុងឆ្នាំ២​០​២៣នេះ​។

លោកបន្តថា ក្រុមគ្រូពេទ្យឯកទេសឱសថបូរាណចិន ក៏​មានគម្រោងបញ្ជូនសិក្ខាកាមទៅបណ្តុះបណ្តាល ៣ វគ្គ នៅមន្ទីពេទ្យស៊ីយាន (Xiyuan) ដោយក្នុងមួយវគ្គយកសិក្ខាកាមចំនួន ៤នាក់ និងមានរយៈពេល​ ២១ ថ្ងៃផងដែរ។

​សូមបញ្ជាក់ថា គ្រូពេទ្យឯកទេសឱសថបូរាណចិន ប្រចាំមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានពិនិត្យព្យាបាលជូនអតិថិជនជាង ៩.០០០នាក់ហើយ រួមមាន ផ្នែកជំងឺឆ្អឹង និងបែកបាក់, កែរូបរាងសោភ័​ណ​សល្យសាស្ត្រ និងរលាក, ផ្នែកវះកាត់ប្រព័ន្ធប្រសាទ, ផ្នែកជំងឺតម្រងនោម, ផ្នែកបេះដូង និងសរសៃឈាម និងផ្នែកជំងឺទឹកនោមផ្អែមជាដើម៕ ដោយ៖ជា សុខនី

ads banner