បេសកជនកំពូលរបស់ចិនទៅទស្សនកិច្ចនៅអ៊ុយក្រែន រុស្ស៊ី ដើម្បីស្វែងរកសន្តិភាព
ប៉េកាំង៖ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បេសកជនកំពូលរបស់ចិននឹងចាប់ផ្តើមធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន រុស្ស៊ី និងបណ្តាប្រទេសនៅអឺរ៉ុបមួយចំនួនទៀត។ ដំណើរទស្សនកិច្ចនេះត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំងអះអាងថា ធ្វើឡើងក្នុងគោលបំណងពិភាក្សាអំពីដំណោះស្រាយនយោបាយចំពោះវិបត្តិនៅអ៊ុយក្រែន។
លោក លី ហួយ (Li Hui) ប្រតិភូតំណាងពិសេសរបស់ប្រទេសចិនទទួលបន្ទុកកិច្ចការអឺរ៉ាស៊ី (Eurasia) និងជាអតីតឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសរុស្ស៊ី នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ បារាំង អាល្លឺម៉ង់ ដោយនឹងត្រូវប្រើប្រាស់រយៈពេលជាច្រើនថ្ងៃ នេះបើយោងតាមក្រសួងការបរទេសចិនដែលបានប្រកាសកាលពីថ្ងៃសុក្រ ប៉ុន្តែមិនបានផ្តល់កាលវិភាគលម្អិតនោះទេ។
គួរកត់សម្គាល់ថា លោក លី គឺជាមន្ត្រីចិនជាន់ខ្ពស់បំផុតដែលទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន រាប់ចាប់តាំងពីរុស្ស៊ីបានបើកការឈ្លានពានក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ហើយការធ្វើដំណើររបស់លោក ហាក់ដូចជាស្របពេលជាមួយនឹងការចាប់ផ្តើមបើកការវាយបកត្រលប់ទៅវិញរបស់អ៊ុយក្រែន ដើម្បីដណ្តើមយកទឹកដីដែលរឹបអូសដោយរុស្ស៊ីមកវិញ។
យោងតាមមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនដែលបានប្រាប់សារព័ត៌មាន រ៉យទ័រ (Reuters) នៅថ្ងៃចន្ទថា លោក លី នឹងមកធ្វើទស្សនកិច្ចនៅអ៊ុយក្រែននៅថ្ងៃអង្គារ និងថ្ងៃពុធ ប៉ុន្តែមន្ត្រីរូបនេះបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា កាលវិភាគជាក់លាក់របស់លោក លី នឹងត្រូវបានបញ្ជាក់ជូននៅពេលក្រោយ។
គួរដឹងដែរថា ដំណើរទស្សនកិច្ចនេះធ្វើឡើងនៅប៉ុន្មានសប្តាហ៍ក្រោយពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានទូរស័ព្ទជជែកជាមួយសមភាគីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) កាលពីចុងខែមេសា។ កិច្ចសន្ទនាតាមទូរស័ព្ទនេះ គឺជាកិច្ចពិភាក្សាលើកដំបូងហើយរវាងមេដឹកនាំទាំងពីរ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង។
លោក ហ្សេលេនស្គី បានពណ៌នាការសន្ទនានេះថា គឺជាការពិភាក្សាប្រកបដោយអត្ថន័យ ខណៈដែលលោក ស៊ី បានលើកឡើងថា ប្រទេសចិននឹងផ្តោតលើការលើកកម្ពស់សន្តិភាព បើទោះបីជាសំណើរបស់ទីក្រុងប៉េកាំងដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែនបានទទួលមន្ទិលសង្ស័យពីសំណាក់ប្រទេសលោកខាងលិច ដោយសារតែខ្លួនមានទំនាក់ទំនងល្អជាមួយរុស្ស៊ីក៏ដោយ។
យ៉ាងណាក៏ដោយ ក្នុងអំឡុងពេលទស្សនកិច្ចជាច្រើនដងទៅកាន់ទីក្រុងប៉េកាំងកន្លងមក មេដឹកនាំនៅអឺរ៉ុបមួយចំនួន ដូចជាប្រធានាធិបតីបារាំង និងប្រធានគណៈកម្មការអឺរ៉ុប បានធ្វើការជំរុញឱ្យលោក ស៊ី ជួបជជែកជាមួយលោក ហ្សេលេនស្គី និងដើរតួនាទីយ៉ាងសកម្មបន្ថែមទៀតក្នុងការទប់ស្កាត់សកម្មភាពរបស់ទីក្រុងមូស្គូ។
គួរដឹងដែរថា ចាប់តាំងពីខែកុម្ភៈមក ទីក្រុងប៉េកាំងបានដាក់ចេញនូវសំណើចំនួន ១២ ចំណុចដើម្បីអាចដោះស្រាយបញ្ហានយោបាយ និងវិបត្តិនៅអ៊ុយក្រែនបាន។ ប៉ុន្តែចំណុចភាគច្រើននៃសំណើនោះ គឺជាការរំឭកឡើងវិញនូវសិទ្ធិអំណាចរបស់ប្រទេសចិននៅក្នុងសង្រ្គាមពោលគឺជំរុញឱ្យភាគីទាំងពីរយល់ព្រមលើការបន្ធូរបន្ថយភាពតានតឹងដោយខ្លួនឯងផ្ទាល់ ហើយបានព្រមានប្រឆាំងដាច់ខាតនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងសង្គ្រាម។
លោក វ៉ាង ហួយយ៉ាវ (Wang Huiyao) ប្រធានមជ្ឈមណ្ឌល និងសកលភាវូបនីយកម្មសម្រាប់ប្រទេសចិន ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបានលើកឡើងថា «ដំណើរទស្សនកិច្ចនេះគឺជាឱកាសដ៏ល្អមួយដើម្បីលើកកម្ពស់កិច្ចសន្ទនាជាមួយភាគីទាំងអស់ ជាពិសេសចំណុចសំខាន់ៗរបស់ភាគីទាំងអស់ដែលកំពុងដាក់ស្នើឡើង»។
កន្លងមក រដ្ឋាភិបាលទីក្រុងកៀវ (Kyiv) បានច្រានចោលរាល់ការផ្តល់សម្បទានទឹកដីណាមួយឱ្យរុស្ស៊ី ហើយបានប្ដេជ្ញាថា ខ្លួននឹងដណ្ដើមយកទឹកដីទាំងអស់របស់ខ្លួនមកវិញ។ គួររំឭកថា កាលពីឆ្នាំ២០១៤ រុស្ស៊ីបានដាក់បញ្ចូលតំបន់ឧបទ្វីបគ្រីមេ (Crimea) ទៅក្នុងទឹកដីរបស់ខ្លួន ហើយចាប់តាំងពីឆ្នាំ២០២២ មក រុស្ស៊ីបានដាក់បញ្ចូលតំបន់អ៊ុយក្រែនចំនួនបួនផ្សេងទៀត ដោយថែមទាំងបានហៅថាជាទឹកដីរបស់រុស្ស៊ីទៀតផង។
រហូតមកទល់ពេលនេះ ប្រទេសចិនបានបដិសេធមិនថ្កោលទោសរុស្ស៊ីដែលជាសម្ព័ន្ធមិត្តជាយុទ្ធសាស្ត្ររបស់ខ្លួនជុំវិញការឈ្លានពានទឹកដីអ៊ុយក្រែននោះទេ។ ការណ៍នេះបាននាំឱ្យមានការរិះគន់ពីបណ្តាប្រទេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិក ដោយបានចោទសួរប្រទេសចិនថាតើពួកគេគួរមានភាពជឿជាក់លើចិនប៉ុណ្ណា ជាពិសេសក្នុងការដែលចិនកំពុងដើរតួជាអន្តរការីនៅក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន៕
ប្រែសម្រួល៖ធា សុណា ប្រភព៖ Top Chinese envoy to visit Ukraine, Russia on ‘peace’ mission