នាយករដ្ឋមន្ត្រីវៀតណាម អនុម័តផែនការថាមពលតម្លៃ ១៣៥ ប៊ីលានដុល្លារ

ហាណូយ៖ ក្រសួងឧស្សាហកម្មវៀតណាមបានឱ្យដឹងកាលពីយប់ថ្ងៃទី១៥ ខែឧសភាថា នាយករដ្ឋមន្ត្រីវៀតណាមបានអនុម័តផែនការថាមពលត្រឹមឆ្នាំ២០៣០ ដែលត្រូវការចំណាយថវិការហូតដល់១៣,៧ប៊ីលានដុល្លារសម្រាប់ការបង្កើតរោងចក្រថាមពលនិងបណ្តាញអគ្គិសនីថ្មី។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ផែនការដែលមានឈ្មោះថា PDP8 មានគោលបំណងធានាសន្តិសុខថាមពលសម្រាប់វៀតណាម ខណៈប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ចាប់ផ្តើមការផ្លាស់ប្តូរការពឹងផ្អែកខ្លាំងលើធ្យូងថ្ម ដើម្បីឱ្យសម្រេចបាននូវអព្យាក្រឹតកាបូននៅពាក់កណ្ដាលសតវត្សរ៍នេះ។

ក្នុងសេចក្ដីថ្លែងការណ៍ក្រសួងឧស្សាហកម្មបានលើកឡើងថា ក្រោមផែនការ PDP8 ពាក់កណ្តាលនៃអគារការិយាល័យ និងលំនៅដ្ឋាននៅប្រទេសវៀតណាម នឹងត្រូវបំពាក់ដោយបន្ទះសូឡាពីលើដំបូលនៅឆ្នាំ ២០៣០ ខណៈវៀតណាមក៏នឹងមានបំណងបង្កើតថាមពលបៃតង សម្រាប់ការនាំចេញក្នុងគោលដៅពី ៥-១០ ជីហ្គាវ៉ាត់ (GW) នៅឆ្នាំ ២០៣០ ផងដែរ ។ ទោះយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍មិនបានផ្តល់ព័ត៌មានលម្អិតពេញលេញនៃផែនការនោះទេ។

គួររំឭកថា ចំពេលមានជម្លោះផ្ទៃក្នុង និងការងារលើកំណែទម្រង់ដ៏ស្មុគស្មាញ PDP8 ត្រូវបានពន្យារពេលជាង២ឆ្នាំមកហើយ ដោយឆ្លងកាត់សេចក្តីព្រាងច្បាប់ជាច្រើនលើក មុនលោកនាយករដ្ឋមន្ត្រី Pham Minh Chinh អនុម័ត។ បច្ចុប្បន្ន PDP8 ត្រូវការការយល់ព្រមជាផ្លូវការពីសភា មុនពេលអនុម័តលើសេចក្ដីសម្រេចចុងក្រោយ។

ក្នុងសេចក្តីព្រាងចុះថ្ងៃទី ១០ ខែឧសភា ផែនការ PDP8 នឹងបង្កើនសមត្ថភាពផលិតថាមពលរបស់វៀតណាមទ្វេដង ពី ៦៩ GW នៅចុងឆ្នាំ ២០២០ ដល់ ១៥៨ GW នៅឆ្នាំ ២០៣០។ នេះបើតាមរ៉យទ័រ ដែលផ្សាយថាខ្លួនបានឃើញសេចក្ដីព្រាងនោះ។

តាមសេចក្ដីព្រាងដដែល រោងចក្រថាមពលដែលប្រើប្រាស់ឧស្ម័នក្នុងស្រុក និងឧស្ម័នធម្មជាតិពង្រាវនាំចូល នឹងក្លាយជាប្រភពចម្បងនៃល្បាយថាមពលរបស់វៀតណាមនៅឆ្នាំ ២០៣០ ដែលស្មើនឹង ២៣,៦ ភាគរយ។ យ៉ាងណាមិញ ធ្យូងថ្មនៅតែរួមចំណែកមួយភាគធំ ដោយមានចំនួន ១៩ ភាគរយនៃល្បាយថាមពលរបស់ប្រទេសនៅឆ្នាំ ២០៣០ បន្ទាប់មកវារីអគ្គិសនីមានប្រហែល ១៨,៥ ភាគរយ ថាមពលខ្យល់ ១៧,៦ ភាគរយ និងថាមពលពន្លឺព្រះអាទិត្យ ១៣ ភាគរយ។

គួរគូសបញ្ជាក់ថា ផែនការ PDP8 មានសារៈសំខាន់ណាស់ក្នុងការជួយវៀតណាមឱ្យទទួលបានការវិនិយោគដំបូងចំនួន ១៥,៥ ប៊ីលានដុល្លារ ដែលមានក្នុងមូលនិធិ «ផ្លាស់ប្ដូរទៅថាមពលបៃតង» ដែលក្រុមប្រទេសទាំង៧ (G7) និងប្រទេសអ្នកមានផ្សេងទៀត បានសន្យាចំពោះវៀតណាមកាលពីខែធ្នូ។ ពាក់កណ្តាលនៃមូលនិធិ នឹងបានមកពីវិស័យសាធារណៈ ខណៈពាក់កណ្ដាលទៀតបានមកពីអ្នកវិនិយោគឯកជន។

អ្នកការទូតម្នាក់មកពីក្រុមម្ចាស់ជំនួយ G7 បានប្រាប់រ៉យទ័រនៅថ្ងៃអង្គារថា ការអនុម័តលើផែនការ PDP8 របស់ប្រធានាធិបតីវៀតណាម គឺជាជំហានដ៏សំខាន់មួយ ដែលចាំបាច់ដើម្បីឱ្យប្រទេសនេះបើកមូលនិធិសម្រាប់គម្រោងថាមពលកកើតឡើងវិញ។

ទោះបីជាយ៉ាងណាក៏ដោយអ្នកការទូតដដែលបន្ថែមថា វាមិនស្របតាមគោលដៅ G7 ទាំងស្រុងនោះទេ ដោយសារវៀតណាមនឹងនៅតែពឹងផ្អែកខ្លាំងលើធ្យូងថ្មនៅទសវត្សរ៍នេះ។
បើតាមការចុះផ្សាយរបស់រ៉យទ័រ ដើម្បីសម្រេចបានអព្យាក្រឹតកាបូនជាមួយនឹងការផ្ដាច់ការប្រើធ្យូងថ្មទាំងស្រុងនៅឆ្នាំ ២០៥០ រដ្ឋាភិបាលវៀតណាមបានប៉ាន់ប្រមាណថា ខ្លួនត្រូវការចំណាយទឹកប្រាក់ចំនួន ៦៥៨ ប៊ីលានដុល្លារ ដែល ១ភាគ៥ នៃចំនួននេះនឹងត្រូវចំណាយក្នុងទសវត្សរ៍នេះ៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner