ឯកឧត្តម ព្រាប កុល៖ ការចូលរួមបម្រើជាតិតាមរយៈរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំជាមន្រ្តីបច្ចេកទេស មិនមែនមន្រ្តីនយោបាយ
ភ្នំពេញ៖ អតីតប្រធានអង្គការតម្លាភាពកម្ពុជា ឯកឧត្តម ព្រាប កុល ដែលទើបត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ។ឯកឧត្តមបញ្ជាក់ថា ការណ៍ដែលលោកសម្រេចចូលរួមបម្រើជាតិតាមរយ:រាជរដ្ឋាភិបាលកម្ពុជានាពេលនេះ គឺក្នុងនាមជាមន្រ្តីបច្ចេកទេសសុទ្ធសាធ មិនមែនជាមន្រ្តីនយោបាយឡើយ។

ឯកឧត្តមបានថ្លែងបែបនេះកាលពីព្រឹកថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៣ ក្នុងសន្និសីទសារព័ត៌មានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល បន្តការងារអភិបាលកិច្ចល្អ ដែលជាស្នូលនៃយន្តការកំណែទម្រង់រដ្ឋ បន្ទាប់ពីទទួលបានព្រះរាជក្រឹត្យតែងតាំងពីព្រះមហាក្សត្រកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣កន្លងមកនេះ។
ឯកឧត្តមបានថ្លែងថា ៖ «ខ្ញុំបានបំពេញមុខងារនៅស្ថាប័នមិនមែនរដ្ឋាភិបាលអន្តរជាតិជាច្រើន ហើយតាមរយៈមុខងារទាំងនោះ ខ្ញុំបានផ្តល់នូវធាតុចូល និងអនុសាសន៍ជាគន្លឹះ មួយចំនួន ដើម្បីរួមចំណែកដោយផ្ទាល់ និងដោយប្រយោល ដល់កិច្ចខិតខំប្រឹងប្រែងធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា»។ជាពិសេសពាក់ពន្ធ័ទៅនឹងអភិបាលកិច្ចល្អ ការគ្រប់គ្រងហិរញវត្ថុសាធារណ: កំណែទម្រង់ពន្ធដារ ការលើកកម្ពស់សុចរិតភាព តម្លាភាព និងគណនេយ្យភាពសង្គមជាដើម ដែលមានសារៈសំខាន់សម្រាប់ការ អភិវឌ្ឍជាតិ ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងនិរន្តរភាព។

ឯកឧត្តមបានអះអាងយ៉ាងមុតមាំថា ៖ “ការរៀបចំធ្វើនឹងចាប់ផ្តើម នៅក្នុងរដ្ឋាភិបាលថ្មីនៃអាណត្តិក្រោយ។ ដោយឡែកនៅពេលនេះ ដូចបងប្អូនដឹង ជារដូវកាលនៃការបោះឆ្នោត ហើយខ្ញុំអត់មានតួនាទីពាក់ព័ន្ធអីនឹងកិច្ចការងារបក្សនយោបាយទេ។ បើនិយាយតាមភាសាបច្ចេកទេស ខ្ញុំគឺជាអ្នកជំនាញការ ឬអ្នកបច្ចេកទេស។ បើទោះជាមានការផ្លាស់ប្តូរថ្នាក់ដឹកនាំ អ្នកបច្ចេកទេស ឬប្រព័ន្ធគ្រប់គ្រងនៅតែបន្តដដែល”។
លោកក៏បានសម្គាល់ឃើញដែរថា កំណែទម្រង់មួយចំនួនបានផ្ដល់ជាផ្កាផ្លែនិងផលវិជ្ជមាន គួរឲ្យកត់សម្គាល់ ឬឯកំណែទម្រង់មួយចំនួនទៀតមានដំណើការទៅមុខយឺតជាងការរំពឹងទុក ឯខ្លះទៀតត្រូវការពេលវេលា និងការបំពេញបន្ថែម។

«ក្នុងនោះ ខ្ញុំសង្ឃឹម និងជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៃអាណត្តិបន្ទាប់ នឹងពិនិត្យមើលលទ្ធភាពបន្តអនុវត្តកំណែទម្រង់ចាំបាច់ដែលនៅសេសសល់ទាំងនោះឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលថែម មួយកម្រិតទៀត ហើយខ្ញុំនឹងមានឱកាសចូលរួមជួយដល់កិច្ចការទាំងនោះ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ខ្មែរ និងដើម្បីទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេសបន្ថែមទៀត»។ នេះជាការរំពឹងរបស់ឯកឧត្តម ព្រាប កុល។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទូលថ្វាយព្រះមហាក្សត្រស្នើសុំតែងតាំងលោក ព្រាប កុល ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដោយលោកនឹងត្រូវបំពេញភារកិច្ចទៅតាមជំនាញឯកទេស បទពិសោធ និងទេពកោសល្យរបស់លោក។

ជាពិសេសលើផ្នែកដែលពាក់ព័ន្ធនឹង ការវិនិយោគបរទេស, កំណែទម្រង់មួយចំនួន ដែលពាក់ព័ន្ធទៅនឹងផ្នែកស្នូលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដូចជា ផ្នែកអភិបាលកិច្ចល្អ និងការចូលរូមផ្តល់មតិយោបល់ ឬធាតុចូលក្នុងការតាត់តែងគោលនយោបាយនានា ដោយធ្វើការ ផ្ទាល់ជាមួយនាយករដ្ឋមន្ត្រី និងជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតតាមតម្រូវការជាក់ស្ដែង។
អ្នកវិភាគនយោបាយ និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាបណ្ឌិត គិន ភា យល់ឃើញថា ការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់សមាជិកបក្សនានា ក៏ដូចជា មន្រ្តីនៃអង្គការសង្គមស៊ីវិលមួយចំនួន នារយៈពេលចុងក្រោយនេះ បង្ហាញថា គណបក្សប្រជាជនកម្ពុជា កំពុងតែមានប្រៀបខ្លាំងក្នុងសង្វៀននយោបាយ។
លោកបានប្រាប់ថា ៖ «បើយើងនិយាយពីចំណុចវិជ្ជមានសម្រាប់កម្ពុជា មានន័យថា យើងអាចប្រមូលបានកំលាំង ដែលសុទ្ធតែជាធនធានមនុស្ស អាចចូលរួមក្នុងការកសាងប្រទេសជាតិ គឺរឿងល្អ។ ការប្រមូលបានធនធានមនុស្ស ប្រកបដោយបញ្ញាញាណ មករួមគ្នាគិតគូរ រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ»។
ទោះជាយ៉ាងណាក៏ដោយ លោក គិន ភា ថា ប្រសិនអ្នកដែលមកចូលជីវភាពនយោបាយ ឬចូលរួមបម្រើរាជរដ្ឋាភិបាល ដោយគ្រាន់តែចង់បានតំណែង ឬបុណ្យសក្តិនោះ មិនត្រឹមតែមិនបានជួយជាតិទេ ថែមទាំងបន្ថែមបន្ទុកដល់ជាតិផងដែរ៕ ដោយ៖ វណ្ណ សុជាតា