រដ្ឋមន្រ្តីកសិកម្ម ណែនាំឱ្យ វិទ្យាស្ថាន CARDI សហការជាមួយ IRRI ស្រាវជ្រាវអំពីពូជស្រូវមានជាតិស្ករទាប

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានណែនាំឱ្យនាយកប្រចាំតំបន់អាស៊ីរបស់វិទ្យាស្ថានស្រាវជ្រាវពូជស្រូវអន្តរជាតិ( IRRI ) សហការជាមួយ CARDI សិក្សាស្រាវជ្រាវអំពីពូជស្រូវមានជាតិស្ករទាបនៅកម្ពុជា (Low Glycemic Index – Low GI)។

ការលើកឡើងបែបនេះធ្វើឡើងក្នុងអំឡុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ឌិត ទីណា និងនាយកប្រចាំតំបន់នៃIRRI លោក Jongsoo Shin នាទីស្តីការក្រសួងកាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

យោងតាមក្រសួងកសិកម្ម នាឱកាសនោះឯកឧត្តម ឌិត ទីណា បានលើកឡើងថា ក្រសួងកសិកម្ម ពិតជាអរគុណនូវកិច្ចសហប្រតិបត្តិការល្អរវាង IRRI និងក្រសួងពិសេសកិច្ចការស្រាវជ្រាវអំពីពូជស្រូវ ស្របតាមគោលនយោបាយរបស់ក្រសួង។

សម្រាប់ការផ្តួចផ្តើមរបស់ IRRI អំពីពូជស្រូវមានជាតិស្ករទាបនៅកម្ពុជា (Low Glycemic Index – Low GI) ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំថា៖ «សូម IRRI សហការជាមួយ CARDI និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ហើយត្រូវសិក្សាវិភាគដោយត្រូវយកចិត្តទុកដាក់ទាំងការងារស្រាវជ្រាវពូជស្រូវ និងការអភិវឌ្ឍទីផ្សារ»។

ឯកឧត្តមបានបន្តថា៖«លើសពីនេះទៀតត្រូវផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ដែលជាទម្រង់នៃភាពជោគជ័យប្រកបដោយនិរន្តរភាព ពេលគម្រោងបិទបញ្ចប់។ គម្រោងទាំងអស់ត្រូវគិតគូរលើសុខភាពប្រជាពលរដ្ឋ សុវត្ថិភាពសង្គម ធ្វើឱ្យកសិករមានចំណូលមានស្ថិរភាពសេដ្ឋកិច្ច និងនិរន្តរភាព»។

ទាក់ទងនឹងចំនុចនេះ លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ថា ក្នុងជំនួបរវាងឯកឧត្តមរដ្ឋមន្រ្តី និងវិទ្យាស្ថានស្រាវជ្រាវពូជស្រូវអន្តរជាតិ( IRRI ) កាលពីពេលកន្លងទៅ ខាងវិទ្យាស្ថានធ្លាប់បានលើកឡើងពីពូជស្រូវពីរប្រភេទ គឺ Japanica និងLow GIនេះ។

លោកបានបន្តថា សព្វថ្ងៃនេះ មានក្រុមហ៊ុនឯកជន និងកសិករមួយចំនួន បាននិងកំពុងធ្វើការដាំដុះពូជ Japanica នៅក្នុងស្រុក ខណៈដែលលោករដ្ឋមន្រ្តី បានជំរុញលើកទឹកចិត្តឱ្យវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) សហការជាមួយ IRRIបន្ថែមទៀត លើការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជស្រូវនេះ។

លោក ឡោ ប៊ុណ្ណា បានបញ្ជាក់ថា ៖ «CARDI បានធ្វើការងារនេះអស់រយៈពេល២ឆ្នាំកន្លងមកហើយ ហើយទាក់ទងនឹងពូជ Japanica យើងបានធ្វើតាមរយៈគម្រោងមួយ ដែលយើងសហការជាមួយកូរ៉េ ដោយក្នុងមួយឆ្នាំយើងយក១០០ពូជ។ ឆ្នាំនេះជាឆ្នាំទី២ហើយ ដែលយើងយក១០០ពូជទៀត ដោយកំពុងធ្វើតេស្តនៅវិទ្យាសា្ថនផ្ទាល់។ ក្នុងចំណោម១០០ពូជនេះ យើងរកឃើញ ៣០ពូជ ដែលមានលក្ខណៈសមស្របសម្រាប់ដាំដុះនៅក្នុងប្រទេសកម្ពុជាយើង»។

លោកបានបន្ថែមទៀតថា វិទ្យាស្ថាននឹងបន្តតាមដាន នៅឆ្នាំក្រោយមួយឆ្នាំទៀត ទើបវិទ្យាស្ថានរាយការណ៍ទៅក្រសួងកសិកម្ម ដើម្បីឱ្យក្រសួងបញ្ចេញឱ្យកសិករដាំដុះសាកល្បង។ ការងារនេះ ត្រូវការអនុវត្តក្នុងរយៈពេល៥ឆ្នាំ ដោយគិតចាប់ពីពេលនេះ នៅសល់៣ឆ្នាំទៀត ទើបមានលទ្ធភាពក្នុងការបញ្ចេញឱ្យកសិករដាំដុះបានសម្រាប់ពូជ Japanica ។

ដោយឡែកសម្រាប់ពូជLow GI លោកបានប្រាប់ថា ៖ «យើងកំពុងតែធ្វើការសិក្សាលើពូជក្នុងស្រុកយើង ដោយយើងបានធ្វើការត្រៀមនឹងបញ្ចេញនៅចុងឆ្នាំនេះ ចំនួន៦ពូជ ហើយយើងក៏កំពុងធ្វើបន្តទៀតទៅលើ Low GI ហ្នឹង ដោយតាមអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី គឺឱ្យខាងវិទ្យាស្ថានIRRI នាំយកពូជដែលបានប្រើប្រាស់នៅខាងវិទ្យាស្ថានIRRI យកមកធ្វើតេស្តនៅយើង។ យើងនឹងប្រៀបធៀបគ្នាយើងថាតើ ពូជស្រូវLow GI មានលក្ខណៈល្អជាងពូជស្រូវយើង ឬដូចពូជយើង»។

បើតាម CARDI បច្ចុប្បន្ន ពូជស្រូវដែលមានដាំដុះនៅកម្ពុជាមានរាប់ពាន់ពូជ ដោយក្នុងនោះពូជស្រូវដែលខាងវិទ្យាស្ថានបានប្រមូលមកទុក និងសិក្សាស្រាវជ្រាវមានជាង២ពាន់ពូជ ខណៈដែលពូជមានការពេញនិយមក្នុងការដាំដុះមានជាង១ពាន់ពូជ៕ ដោយ៖ វណ្ណ សុជាតា

ads banner