ខេត្តកណ្តាល ប្តេជ្ញាជំរុញការលើកកម្ពស់ភាពជាអ្នកដឹកនាំស្រ្តីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ នៃរដ្ឋបាលខេត្តកណ្តាល បានប្តេជ្ញាជំរុញការលើកកម្ពស់ភាពជាអ្នកដឹកនាំស្រ្តីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីអភិវឌ្ឍន៍វិស័យនេះប្រកបដោយបរិយាបន្ន។

ការជំរុញនេះត្រូវបានធ្វើឡើងតាមរយៈវគ្គបណ្ដុះបណ្ដាលស្ដីពី ការលើកកម្ពស់ភាពជាអ្នកដឹកនាំស្រ្តីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យ ប្រកបដោយបរិយាបន្ន រយៈពេល២ថ្ងៃ គឺពីថ្ងៃទី១៥ និង១៦ ខែឧសភា ឆ្នាំ២០២៣ ដែលដឹកនាំដោយលោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត។

តាមរយៈរដ្ឋបាលខេត្តកណ្តាលលោកជំទាវ នួន នារតី បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដើម្បីជំរុញការលើកកម្ពស់ភាពជាអ្នកដឹកនាំស្រ្តីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យ ប្រកបដោយបរិយាបន្ន ដោយមានការចូលរួមពី ថ្នាក់ដឹកនាំជាស្ត្រីមកពីស្រុកចំនួន៥ និងមន្ទីរអង្គភាពជុំវិញខេត្ត។

លោកស្រីមានប្រសាសន៍ថា ៖ «ការចូលរួមរបស់ស្រ្តី ពិសេសអ្នកដឹកនាំរបស់ស្ត្រីខេត្តកណ្ដាលនៅក្នុងវគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ណាស់ក្នុងការពង្រីក និងកែលម្អគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ទូទាំងខេត្តកណ្ដាល»។

លោកស្រី នួន នារតី បានបន្តថា ៖ «ដោយសារ ស្រ្តីមានការឧស្សាហ៍ព្យាយាម មានភាពអត់ធ្មត់ និងការនិយាយស្តីមានភាពទន់ភ្លន់ ទាក់ទាញជាងបុរស ដែលអំណោយផលក្នុងការធ្វើឱ្យឆាប់មានការផ្លាស់ប្តូរឥរិយាបទ ពិសេសការប្រើប្រាស់បង្គន់ ការលាងដៃនឹងសាប៊ូ និងការហូបទឹកមានសុវត្ថិភាពផងដែរ»។

បើតាមលោកស្រី នួន នារតី វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងដើម្បី បង្កើនការទទួលបានសេវាទឹកស្អាត និងអនាម័យ ដែលធន់នឹងអាកាសធាតុ (WASH) សម្រាប់ជនងាយរងគ្រោះនៅតាមសហគមន៍ និងភាពអ្នកដឹកនាំរបស់ស្ត្រីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យ ប្រកបដោយបរិយាបន្ន។

ជុំវិញរឿងនេះដែរឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត ធ្លាប់បានលើកឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំ» កន្លងមកថា ការទទួលបានទឹកស្អាត និងអនាម័យ ជាកត្តាចាំបាច់ក្នុងការបំពេញតម្រូវការផ្នែកអភិវឌ្ឍន៍ ខណៈ ការទទួលបានទឹកស្អាត និងអនាម័យនេះជាផ្នែកសំខាន់ជំរុញដល់កត្តាសុខភាពបុគ្គល សហគមន៍ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច។

ឯកឧត្តមបានបញ្ជាក់ ថា ៖ «ការចូលរួមរបស់ស្រ្តីឆ្នើម នឹងកាន់តែជួយឱ្យការងារលើកកម្ពស់វិស័យទឹកស្អាតនិងអនាម័យហេតុនេះក្នុងនាមរដ្ឋបាលខេត្តកណ្តាលនឹងបន្តខិតខំលើកម្ពស់ការចូលរួមរបស់ស្រ្តី ដើម្បីធានាដល់ការលើកកម្ពស់បរិយាបន្ន ក្នុងវិស័យទឹកស្អាត និងអនាម័យនៅទូទាំងខេត្តកណ្តាល ក៏ដូចជាកម្ពុជាផងដែរ»។

សូមរំឭកដែរថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការយុទ្ធសាស្ត្រជាតិសម្រាប់ទឹកស្អាតប្រជាពលរដ្ឋនៅទីប្រជុំជន១០០ភាគរយ ទទួលបានសេវាទឹកស្អាតប្រើប្រាស់នៅឆ្នាំ២០២៥ ខណៈត្រឹមឆ្នាំ២០៣០ សម្រេចនូវការទទួលបានសាកលកម្ម និងសមធម៌ទឹកបរិភោគសម្រាប់ប្រជាជនទូទាំងប្រទេស។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកណ្តាល់បានឱ្យដឹងថា ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ខេត្តកណ្តាលជាខេត្តទី៣ ក្នុងចំណោម ២៥រាជធានីខេត្ត ដែលត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ពោលគឺមានបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះ។ ចំណែកឯវិស័យទឹកស្អាតវិញ រដ្ឋបាលខេត្តកណ្តាល នឹងបន្តសិក្សាលទ្ធភាពតបណ្តាញទឹកស្អាតសរុបចំនួន៦៥ភូមិនៅទូទាំងខេត្តកណ្តាល ដើម្បីផ្តល់លទ្ធភាពដល់ពលរដ្ឋទទួលបានទឹកស្អាតគ្រប់ៗខ្នងផ្ទះនាពេលឆាប់ៗនេះថែមទៀត៕ ដោយ៖ សែម ពិសី

ads banner